Ad Code

អារ៉ាប៊ីសាអ៊ូឌីត​បង្កើត​ក្រុមចម្រុះ​៣៤​ប្រទេស ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវកម្ម​

ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រកាស​ថា “​សម្ព័ន្ធភាព​យោធា​ឥស្លាម​” ដែល​មាន​មូ​ល​ដ្ឋាន​នៅ​ទីក្រុង Riyadh បាន​បង្កើត​បេសកកម្ម​មួយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។


ក្រុមចម្រុះ​នេះ​មាន​៣៤​ប្រទេស​ដោយ​រួម​ទាំង​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក បណ្ដា​ប្រទេស​អាហ្វ្រិក​មួយចំនួន ប្រទេស​ទួរគី អេហ្ស៊ីប ម៉ាឡេស៊ី​ និង​ប្រទេស​ប៉ាគីស្ថាន​ផង​ដែរ​។​



បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​នៅក្នុង​ក្រុមចម្រុះ​នេះ​ក្រៅពី​អារ៉ាប៊ីសាអ៊ូឌីត​គឺមាន ហ្សកដានី​ អារ៉ាប់​រួម ប៉ា​គី​ស្ថាន បារ៉ែន បង់ក្លាដេស បេ​ណាំង ទួរគី ឆាដ តូហ្គោ ទុយណេស៊ី ជីប៊ូទី សេណេហ្គាល់ ស៊ូដង់ សេ​រ៉ា​ឡេ​អូន សូ​ម៉ាលី ហ្គា​បុ​ង ហ្គី​ណេ ប៉ា​ឡេ​ស្ទី​ន កូ​ម៉ូ​រ៉ូ​ស កាតា កូត​ឌី​វ័រ​គុយ​វ៉ែត លី​បង់ លី​ប៊ី ម៉ា​ល់​ឌី​វ ម៉ាលី ម៉ាឡេស៊ី អេ​ហ្ស៊ី​ប ម៉ា​រ៉ុ​ក ម៉ូ​រីតា​នី នី​ហ្សេ​រ នី​ហ្សេ​រី​យ៉ា យេ​មែន​។​



ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SPA បាន​ដកស្រង់​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​បាន​លើក​ឡើង​ថា “​បណ្ដា​ប្រទេស​នៅ​ទីនេះ​បានសម្រេច​ចិត្ត​លើ​ការបង្កើត​សម្ព័ន្ធភាព​យោធា​មួយ​ ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី​សា​អ៊ូឌីត ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម ​ខណៈ​ដែល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​រួម​មួយ​គឺ​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង Riyadh ដើម្បី​សម្របសម្រួល ​និង​គាំទ្រ​ដល់​ប្រតិបត្តិការ​យោធា​នេះ​”​។​



ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមចម្រុះ​នេះ​នឹង​មាន​មូលដ្ឋាន​នៅ​ទីក្រុង Riyadh ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។​



បច្ចុប្បន្ន​នេះ មាន​ក្រុមចម្រុះ​មួយចំនួន​ដែល​កំពុង​ប្រយុទ្ធ​យ៉ាងសកម្ម​ជាមួយ​ក្រុម​ភេរវកម្ម​នានា​ដូចជា​ក្រុម​រដ្ឋ​ឥស្លាម (IS ឬ ISIS) នៅក្នុង​ប្រទេស​ស៊ី​រី ​និង​អ៊ីរ៉ាក់​។​



ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​បាន​ប្រមូល​ការ​គាំទ្រ​ពី​ប្រទេស​យ៉ាងហោចណាស់​៦៥​។


ទោះ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​អះអាង​ថា តាម​ការពិត​មាន​ប្រទេស​តិចតួច​ណាស់​ ដែល​បាន​ចូល​រួម​ចំណែក​ ខណៈ​ដែល​យន្តហោះ​របស់​អាមេរិក​កំពុង​បើក​ការ​វាយប្រហារ​យ៉ាងច្រើន​បំផុត​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមចម្រុះ​នេះ​បាន​ទទួល​ការរិះគន់​ជា​អន្តរជាតិ​ដោយសារតែ​ការវាយប្រហារ​គ្មាន​ប្រសិទ្ធភាព​។​



ការវាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​មិនដែល​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​ប្រធានាធិបតី​ស៊ី​រី បា​សា​ អាល់​អាសាដ​ ឲ្យ​ចូល​ទៅ​ក្នុង​ដែនអាកាស​របស់​ប្រទេស​នេះ​នោះ​ទេ​។​



ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន​ដោយ​ផ្ទាល់ ​ដែល​ផ្ដោត​សំខាន់​លើ​ក្រុម IS និង​ក្រុម​ភេរវកម្ម​ដទៃទៀត​នៅក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ថ្ងៃទី​៣០​ ខែកញ្ញា​មក​។​


ការវាយប្រហារ​នេះ​បាន​ចាប់​ផ្តើម​តាម​សំណើ​ជា​ផ្លូវការ​របស់​ក្រុង​ដា​ម៉ាស​។ យន្តហោះ​របស់​រុស្ស៊ី​បាន​ចេញ​វាយឆ្មក់​អាកាស​ពី​បន្ទាយ​អាកាស Hmeimim របស់​ក្រុង​មូ​ស្គូ​ក្នុង​តំបន់ Latakia។​



ប្រតិបត្តិ​ការដឹកនាំ​ដោយ​រុស្ស៊ី​ក៏បាន​ចូលរួម​សហការ​ផង​ដែរ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​រួមមាន​ស៊ី​រី អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ដែល​គេ​ស្គាល់​ថា ​ជា​ក្រុមចម្រុះ RSII ។​



ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​មាន​ក្រុមចម្រុះ​ជាស​កល​មួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម IS។ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន បាន​និយាយ​កាលពី​ខែវិច្ឆិកា​ថា លោក​ចង់បាន​កិច្ច​សហប្រតិបត្តិ​ការ​ជាស​កល​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​៕


RT




អារ៉ាប៊ីសាអ៊ូឌីត​បង្កើត​ក្រុមចម្រុះ​៣៤​ប្រទេស ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវកម្ម​

Post a Comment

0 Comments

Close Menu