Ad Code

បទសម្ភាសន៍​ស្ដីពី​អត្ថប្រយោជន៍​នៃ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​( Dental Implant )

ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង គឺមាន​សារៈប្រយោជន៍​ខ្លាំងណាស់ ក្នុងការ​បន្ថែម​សម្រស់​នៃ​ស្នាមញញឹម​របស់លោក​អ្នក​ឱ្យ​ស្រស់បំព្រង ជួយ​ឱ្យ​លោកអ្នក​ក្មេង​ជាង​វ័យ និង​ពិសា​អាហារ​បាន​យ៉ាង​មានឱជារស​។ ដើម្បី​ជាការ​ចែករំលែក ចំណេះដឹង​ទាក់ទង​នឹង​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង លោកស្រី ទន្ដ​បណ្ឌិត សូវ សុខ​យី អ្នកឯកទេស​ផ្នែក​ទន្ដសាស្ដ្រ​(Cert-Oral Implantologist, Harvard School of Dental Medicine USA)​នៅឯ​មន្ទីរ​ព្យាបាល​ធ្មេញ​សុវណ្ណ​ភូមិ ផ្ដល់​បទសម្ភាសន៍​យ៉ាង​ក្បោះក្បាយ​ដល់​យើងខ្ញុំ ស្ដីពី​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ដូចខាងក្រោម​នេះ​៖


​ដូចម្ដេច​ដែល​ហៅថា ការដាំ​បង្គោល​ក្នុង​ឆ្អឹង Dental Implant?

​ទន្ដ​បណ្ឌិត​៖ ចា៎​!​ដែល​ហៅថា Dental Implant គឺជា​បង្គោល​ធ្មេញ​សិប្ប​និ​ម្មិ​ត្ដិ ដែល​គេ​ដាំ​ទៅក្នុង​ធ្មេញ​ថ្គាម​ជំនួស​ធ្មេញ​ដែល​បាត់បង់ ហើយ​ការដាំ​បង្គោល​ឆ្អឹង Implant នេះ គេ​បាន​រកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ Swedish មួយក្រុម​តាំងពី​ឆ្នាំ ១៩៦០ មក​ម្លេះ​។​

​តើ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង មាន​អត្ថប្រយោជន៍​ដូចម្ដេចខ្លះ​?

​ទន្ដ​បណ្ឌិត​៖ អត្ថប្រយោជន៍​របស់​ធ្មេញ Implant គឺ​ទទួលបាន​ធ្មេញ​ដែល​បាត់បង់​ហើយ​នោះ​ត្រឡប់មកវិញ ដោយ​ចៀស​ផុតពី​ការដាក់​ធ្មេញ ដោយ​ស្រោប​ប្រទាក់​(Dental Bridges) និង​ធ្មេញ​ក្រអូម​(Full Dentures) ដែល​គ្មាន​លំនឹង​។ ហើយ​ម្យ៉ាងទៀត Dental Implant នេះ ជួយ​ឱ្យ​លោក អ្នក​ពិសា​អាហារ​បាន​យ៉ាង​មានឱជារស គ្រប់គ្រង​ឆ្អឹង​កុំឱ្យ​មានការ​បាត់បង់ រក្សា​សម្រស់ និង​ភាព​ក្មេង​ជាង​វ័យ ជាពិសេស គឺមាន​សុខភាព​ល្អ​។​

​តើ​អ្នកជំងឺ​ប្រភេទ​ណា ដែល​ស្ថិតនៅក្នុង​លក្ខខណ្ឌ ដែល​ទទួល​ការព្យាបាល ដោយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង Dental Implant?


​ទន្ដ​បណ្ឌិត​៖ ជាទូទៅ​បើសិនជា​អ្នកជំងឺ​មានការ​បាត់បង់​ធ្មេញ គឺ​គាត់​ជា​ប្រភេទ​អ្នកជំងឺ​ដែល​ស្ថិតក្នុង​លក្ខខណ្ឌ ត្រូវ​ទទួល​ការព្យាបាល​ដោយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង Dental Implant​។ កត្ដា​សំខាន់​គឺ​ទាមទារ​ឱ្យ​អ្នកជំងឺ​មាន​សុខ​ភាពល្អ លើកលែង​ចំពោះ​អ្នកជំងឺ ដែលមាន​ជំងឺ​មួយចំនួន ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង នៅតែ​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​។​

​តើ​ស្ថានភាព​ណាខ្លះ ដែល​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​សមស្រប ក្នុង​ការដែល​អ្នកជំងឺ ត្រូវ​ទទួល​ការព្យាបាល​ធ្មេញ ដោយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​?

​ទន្ដ​បណ្ឌិត​៖ ជំងឺ ដែល​មិន​សមស្រប ក្នុង​ការដែល​ត្រូវ​ទទួល​ការព្យាបាល​មួយចំនួន ដោយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​មានដូចជា ជំងឺមហារីក ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោមផ្អែម​កម្រិត​ខ្ពស់ ជំងឺ​រលាក​អញ្ចាញ​កម្រិត​ធ្ងន់ធ្ងរ និង​អ្នកជំងឺ​ពិសា​ស្រា និង​បារី​ហួស​កម្រិត​ជាដើម​។ ជំងឺ​ទាំងអស់នេះ​អាចមាន​ផលប៉ះពាល់ ដល់​ការលូតលាស់​របស់ Implant ដែល​នៅក្នុង​ឆ្អឹង ដូច្នេះហើយ​អ្នកជំងឺ​ត្រូវ​ប្រាប់​ទន្ដ​បណ្ឌិត​ជំនាញ​អំពី​ប្រ​វ​ត្ដិ​ជំងឺ និង​ថ្នាំ​ដែល​អ្នកជំងឺ​កំពុង​ពិសា ដើម្បីឱ្យ​គ្រូពេទ្យ​កាន់​ងាយស្រួល​វិនិច្ឆ័យ​ថា​តើ លក្ខខណ្ឌ​របស់​អ្នក​អាច​ទទួល​ការដាំ​បង្គោល ក្នុង​ឆ្អឹង​បានដែរ​ឬទេ​។​

​តើ​បន្ទាប់ពី​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង Dental Implant ហើយ​នោះ យើង​ត្រូវមាន​តម្រូវការ ក្នុង​ការថែទាំ​យ៉ាងដូចម្ដេចខ្លះ​?

​ទន្ដ​ប​ណ្ដិ​ត​៖ ចា៎​!​ជាទូទៅ​មិន​ថា បង្គោល​ធ្មេញ​ដែល​ដាំ​ក្នុង​ឆ្អឹង ឬក៏​ធ្មេញ​ធម្មជាតិ​នោះទេ ការយក​ចិ​ត្ដ​ទុកដាក់​ថែទាំ​ធ្មេញ គឺជា​រឿង​សំខាន់​។ ដើម្បី​ឱ្យមាន​អនាម័យ​បានល្អ យើង​ត្រូវ​ដុសធ្មេញ​ឱ្យបាន​ទៀងទាត់ យ៉ាងតិច​ឱ្យបាន ២​ដង​ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេលយប់​។ លើសពីនេះ​ទៀត លោកអ្នក​ត្រូវ​អនុវត្ដ​ទម្លាប់​ល្អៗ​មួយចំនួន​ដូចជា​៖

•​ ​គួរ​ជ្រើសរើស​ថ្នាំដុសធ្មេញ ដែលមាន​សារធាតុ Fluoride

•​ គួរប្រើ Flossing ជាប្រចាំ​ដើម្បី​សម្អាត​ចន្លោះ​ធ្មេញ​

•​ ​គួរប្រើ​ទឹក​ថ្នាំ​ខ្ពុ​ល​មាត់​បន្ថែម​

•​ ​មិនគួរ​ពិសា​ចំណីអាហារ​ដែលមាន​ជាតិ​ស្ករ ឬ​ជាតិ​ស្អិត​ច្រើនពេក​

•​ ​និង​ធ្វើការ​ណាត់ជួប​ពេទ្យធ្មេញ ជា​រៀងរាល់ ៦​ខែម្ដង​។​

​បើសិនជា​អ្នកជំងឺ​ចង់​ជ្រាប​ឱ្យ​កាន់តែច្បាស់​ជាងនេះទៅទៀត​នោះ គឺ​គាត់​គួរតែ​ធ្វើការ​ណាត់ជួប​ពេទ្យ ដើម្បី​សុំ​ការណែនាំ​។


​ទន្ដ​បណ្ឌិត​ជំនាញ​នឹង​ណែនាំ​នូវ​ច្រាស​ដុសធ្មេញ​សម្រាប់​ដុស​សម្អាត​បង្គោល​ធ្មេញ Implant និង​ឧបករណ៍​ផ្សេងៗ​មួយចំនួនទៀត ដែល​ទាក់ទង​នឹង​ការថែទាំ ជាពិសេស​ទន្ដ​បណ្ឌិត​ជំនាញ​នឹង​ជួយ​ពិ​និត្យនូវ​បង្គោល​ធ្មេញ Implant និង​ធ្មេញ​ដែល​ស្រោប​លើ Implant ឱ្យ​បានដឹង​ច្បាស់​ថា​តើ​ធ្មេញ និង Implant មាន​លំនឹង​ល្អ ឬ​អត់ ហើយ​ពិនិត្យ​ឱ្យដឹងថា​តើ មុខងារ Implant និង​ធ្មេញ​មាន​សភាព​ល្អ សមស្រប​ដែរឬទេ​។​ល​។​

​អនុសាសន៍​ទន្ត​បណ្ឌិត​៖ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង តែងតែ​ឆ្លងកាត់​ការវះកាត់ យ៉ាងហោចណាស់​ក៏​វះកាត់​ម្ដង​ដែរ​។ ហេតុដូច្នេះ​អញ្ចាញ​របស់លោក​អ្នក ចាំបាច់​ត្រូវមាន​សុខភាព​ល្អ ហើយ​ឆ្អឹងថ្គាម​របស់លោក​អ្នក​ចាំបាច់​ត្រូវ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទ្រ ឬ​ទប់​បង្គោល​ធ្មេញ Implant​។ ទន្ដ​បណ្ឌិត​មិន​ផ្ដល់​ការព្យាបាល ដោយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ដល់​លោកអ្នក​ទេ ប្រសិនបើ​លោក​អ្នកពិសាបារី ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការព្យាបាល​។ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង អាច​នឹងមិន​ទទួលបាន​ជោគជ័យ​ប្រសិនបើ​លោកអ្នក​ធ្លាប់​ទទួល​ការព្យាបាល​រោគ​ដោយ​ប្រើ​កាំរស្មី​អ៊ី​ច​(radiotherapy)​។ លើសពីនេះ​ទៀត ទន្ដ​បណ្ឌិត​អាច​នឹងមិន​ផ្ដល់​ការព្យាបាល ដោយ​ការដាំ​បង្គោល Implant នេះ​ទេ​ប្រសិនបើ​លោកអ្នក​កំពុង​ពិសា​ថ្នាំ​(bisphosphonates) ដើម្បី​ព្យាបាល​ជំងឺ​ឆ្អឹង​។ ដូច្នេះ​មុនពេល ផ្ដល់​ការព្យាបាល​ដោយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹងទន្ដ​បណ្ឌិត​នឹង​សាកសួរ អ្នក​ពី​ស្ថានភាព​ជំងឺ​ដទៃ ប្រសិនបើ​លោកអ្នក​មាន​ជំងឺ មហារីក ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោមផ្អែម​កម្រិត​ខ្ពស់ ជំងឺ​រលាក​អញ្ចាញ​ធ្ងន់ធ្ងរ និង​ប្រភេទ​ថ្នាំ ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​៕


M15-12-15-e2




បទសម្ភាសន៍​ស្ដីពី​អត្ថប្រយោជន៍​នៃ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​( Dental Implant )

Post a Comment

0 Comments

Close Menu