Ad Code

បទល្មើស​គ្រឿងញៀន​ប្រចាំ​ឆ្នាំ​២០១៥​មានការ​ថយ​ចុះ​៣​ករណី​

បាត់ដំបង ៖ នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ​ចាប់​តាំងពី​ដើមខែ​មករា រហូតដល់​ចុងខែ​ធ្នូ​នេះ គេ​សង្កេត​ឃើញ​ថា កិច្ចប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​ជួញដូរ ចែកចាយ កាន់កាប់​រក្សាទុក និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ បាន​ដំណើរការ​យ៉ាង​ក្តៅគគុក ក្នុង​ខេត្ត​បាត់ដំបង​ទាំងមូល ដោយ​អនុវត្ត​តាម​គោលការណ៍ និង​ផែនការ​របស់​លោក​ឧត្ដមសេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​អនុវត្ត​តាម​ការណែនាំ និង​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្ដមសេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត ទើប​ធ្វើ​ឲ្យ​សន្ទុះ​នៃ​មុខសញ្ញា​គ្រឿងញៀន មានការ​ថយចុះ​ចំនួន​៣​ករណី​ផង​ដែរ។


យោង​តាម​របាយការណ៍​របស់​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់​ដំបង ដែល​រៀបចំឡើង​ដោយ​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ស្តីទី បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ កិច្ចប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​ជួញដូរ ចែកចាយ កាន់កាប់​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ដោយ​គិត​ចាប់ពី​ដើមខែ​មករា រហូត​មក​ទល់នឹង​ចុងខែ​ធ្នូ ឆ្នាំ​២០១៥​នេះ គឺ​កម្លាំង​ជំនាញ​ បាន​ធ្វើការ​បង្ក្រាប​ចំនួន​១១០​ករណី ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២១១​នាក់​ក្នុង​នោះ​ស្រី​ចំនួន​៣៥​នាក់។


លោកនាយ​ការិយាល័យ​ស្តីទី​បាន​ឲ្យ​ដឹង​បន្ត​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ​កម្លាំង​ បាន​ធ្វើ​ការ​ដក​ហូត​នូវ​វត្ថុតាង​ជាច្រើន​ប្រភេទ​ដូចជា គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤៣៦​កូន​ថង់ ស្មើនឹង​ទម្ងន់​១៦៧៥,១៧​ក្រាម គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៣០០៦​គ្រាប់ ស្មើនឹង​ទម្ងន់​២៨៥,៧០​ក្រាម គ្រឿងញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ចំនួន​២​គ្រាប់​ ស្មើនឹង​ទម្ងន់​០,៥៦​ក្រាម ទូរស័ព្ទដៃ​ចំនួន​១៤១​គ្រឿង ម៉ូតូ​ចំនួន​២០​គ្រឿង រថយន្ត​ចំនួន​៦​គ្រឿង ដាវ​សាំម៉ូ​រ៉ៃ​ចំនួន​១៣​ដើម កូនកាំបិត​ចំនួន​៥ កាំបិត​ខ្វែវ​ចំនួន​១​ដើម​នាឡិកាដៃ​ចំនួន​៥​គ្រឿង អាវុធ​កែច្នៃ​សម្រាប់​បាញ់​សត្វ​កណ្ដុរ​ចំនួន​៣​ដើម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១៣ កូន​កាបូប​ដាក់​លុយ​ចំនួន​៣០ កន្ត្រៃ​ចំនួន​១២ ញញួរ​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ព្រមទាំង​ប្រើប្រាស់​មួយ​ចំនួនធំ។


របាយការណ៍​បាន​បន្ថែម​ថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ខាងលើ គឺ​បាន​ចែកចេញជា​៣ដូចជា ការ​បង្ក្រាប​លើ​ករណី​ជួញដូរ ចែកចាយ មាន​ចំនួន​៦៥​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣៥​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២៧​នាក់ ករណី​កាន់កាប់ រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​មាន​ចំនួន​៣៣​ករណី ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥៣​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៥​នាក់ និង​ការប្រើប្រាស់​បាន​ចំនួន​៩​ករណី ដោយ​ឃាត់​ខ្លួន​មនុស្ស​បាន​ចំនួន​២០​នាក់ ក្នុង​នោះ​ស្រី​ដែល​ប្រើ​ប្រាស់​មាន​ចំនួន​៣​នាក់ លើ​៣​ករណី​ ដោយ​ការិយាល័យ​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​ស្តារ​និតិ​សម្បទា​ហើយ។


ដោយឡែក​ការងារ​ទិន្នន័យ​ព័ត៌មាន​គ្រឿងញៀន និង​ការងារ​ប្រៀប​សមរភូមិ​ប្រឆាំង​គ្រឿងញៀន គឺ​ការិយាល័យ​ជំនាញ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​បាន​ចំនួន​១០៤​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២៨​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​ដោយ​បំពាន​លើផ្លូវ​ច្បាប់​បាន​ចំនួន​៤៦៥​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន​១០​នាក់​ផងដែរ។


ដោយឡែក​មន្ទីរ​ពិសោធន៍​របស់​ការិយាល័យ បាន​ធ្វើ​តេស្ត លើ​សំណាក​ជនសង្ស័យ​ ដែល​មាន​សារធាតុ​ញៀន​បាន​១០៧​ករណី និង​ការ​ធ្វើ​តេស្ត​លើទឹក​នោម​បាន​ចំនួន​១០៧​លើក លើ​ជនសង្ស័យ​ចំនួន​២០៨​នាក់ ដោយ​ប្រើ​ឧបករណ៍ ONCB ។


ក្នុង​កិច្ចប្រតិបត្តិការ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងមក ​គឺ​មាន​ការ​ថយចុះ​ចំនួន​៣​ករណី​តែ​ប៉ុណ្ណោះ ទោះបីជា​យ៉ាង​នេះ​ក្តី ក៏​កម្លាំង​ការិយាល័យ​ជំនាញ បាន​រៀបចំ​ផែនការ​បន្ត​ទៅ​ឆ្នាំ​ខាងមុខ ដោយ​បាន​សន្យា​ថា នឹង​ខិតខំ​បំបែកសំណុំរឿង​ដែល​នៅ​សេសសល់​ដើម្បី​នាំខ្លួន​មុខសញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យបាន៕
NIta-26-A-1-Full


NIta-26-A-2-Full


NIta-26-A-3-Full



បទល្មើស​គ្រឿងញៀន​ប្រចាំ​ឆ្នាំ​២០១៥​មានការ​ថយ​ចុះ​៣​ករណី​

Post a Comment

0 Comments

Close Menu