Ad Code

វិបត្តិ​ជនភៀសខ្លួន​បាន​បង្កើត “​ជំនាន់​គ្មាន​សញ្ជាតិ​” ចំពោះ​កុមារ​

វិបត្តិ​ជនភៀសខ្លួន​នៅ​តំបន់​អឺរ៉ុប​កំពុង​គំរាមកំហែង​ដល់​បញ្ហា​នៃ​ភាព​គ្មាន​ប្រទេស ​ខណៈ​ដែល​អ្នក​ជំ​នាញ​បាន​ព្រមាន​ថា ចំនួន​កើនឡើង​នៃ​កុមារ​គឺជា​ផ្នែក​មួយ​នៃ «​ជំនាន់​គ្មាន​សញ្ជាតិ​» ដែល​កំពុង​រីក​ឡើង​។​



ច្បាប់​សញ្ជាតិ​លម្អៀង​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​រួម​បញ្ចូល​គ្នា​ជាមួយនឹង​ការ​ការពារ​ផ្នែក​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​នៅក្នុង​រដ្ឋ​សហភាព​អឺរ៉ុប​មានន័យថា កុមារ​ជាច្រើន​ដែល​កើត​ក្នុង​ជនភៀសខ្លួន​ស៊ី​រី​នៅ​តំបន់​អឺរ៉ុប​គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ក្លាយជា​មនុស្ស​គ្មាន​សញ្ជាតិ ​ដែល​ជា​លក្ខខណ្ឌ​មួយ​ប៉ះពាល់​ដល់​មនុស្ស​១០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​



ក្រោម​ច្បាប់​របស់​ប្រទេស​ស៊ី​រី មានតែ​បុរស​ទេ​ដែល​អាច​ផ្តល់​ភាពជា​ពលរដ្ឋ​ចំពោះ​កូន​របស់​ខ្លួន​។


អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​២៥​ភាគរយ​នៃ​គ្រួសារ​ជនភៀសខ្លួន​ស៊ី​រី​គឺ​គ្មាន​ឪពុក​។​


Zahra Albarazi មកពី​វិទ្យាស្ថាន​ផ្នែក​ភាព​គ្មាន​សញ្ជាតិ​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ហូឡង់​បាន​និ​យាយ​ថា “​មនុស្ស​ជាច្រើន​ ដែល​បាន​ផ្លាស់​ទីលំនៅ​មកកាន់​អឺរ៉ុប​គឺជា​ស្ត្រី​ដែល​ប្ដី ​ឬ​ដៃគូ​របស់​ពួកគេ​ត្រូវ​បាន​សម្លាប់​ ឬ​បាត់​ខ្លួន​ ហើយ​ស្ត្រី​ទាំងនោះ​គឺ​មាន​កូន​ ឬ​មាន​ផ្ទៃពោះ​ដូច្នេះ​វា​បាន​ក្លាយជា​បញ្ហា​កាន់តែ​ធំ​”​។​



នៅ​ក្រោម​សន្ធិសញ្ញា​អន្តរជាតិ​រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​កុមារ​រដ្ឋាភិបាល​គឺ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​កុមារ​ណា​ម្នាក់ ​ដែល​កើត​នៅ​លើ​ទឹកដី​របស់​ពួកគេ​បើ​មិន​ដូច្នេះ​ទេ​ក្មេង​ទាំងនោះ​អាច​នឹង​មាន​គ្មាន​សញ្ជាតិ​។ ប៉ុន្តែ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​បាន​អនុម័ត​គោ​លការណ៍​នេះ​ចូល​ទៅ​ក្នុង​ច្បាប់​ជាតិ​ និង​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​វា​ឲ្យ​បាន​ជាប់​លាប់​។​



ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR បាន​ប៉ាន់ប្រមាណ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​៦៨០០០០​នាក់​នៅ​អឺរ៉ុប​គឺ​គ្មាន​ភាពជា​ពលរដ្ឋ​នៃ​ប្រទេស​ណាមួយ​ បើ​ទោះ​បី​ជា​អ្នកជំនាញ​បាន​និយាយ​ថា តួ​លេ​ខ​ពិតប្រាកដ​គឺ​ទំនងជា​ខ្ពស់​ជាង​នេះ​ឆ្ងាយ​ក៏ដោយ ​ព្រោះតែ​មនុស្ស​គ្មាន​សញ្ជាតិ​គឺ​មាន​ការ​លំបាក​ក្នុង​ការ​រាប់​ចំនួន​។​



បញ្ហា​គ្មាន​សញ្ជាតិ​គឺ​ពិតជា​អាក្រក់​ជាពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដូចជា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​មាន​មនុស្ស​គ្មាន​សញ្ជាតិ​ជាង​៨១០០០០​នាក់ ។


ប៉ុន្តែ​ស្ថានការណ៍​នៅក្នុង​តំបន់​អឺរ៉ុប​គឺ​កាន់តែ​អាក្រក់ ​ដែល​ជា​លទ្ធផល​បណ្ដាលមកពី​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ធ្លាប់​មាន​ពី​មុន​មក។​



រហូត​មក​ទល់​ពេលនេះ ក្រុម​នានា​ដូចជា​មនុស្ស​និយាយ​ភាសា​រ៉ូម​ និង​រុស្ស៊ី​មកពី​តំបន់​បាល់​តិក​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​។



ភាព​គ្មាន​សញ្ជាតិ​នៅក្នុង​តំបន់​អឺរ៉ុប​អាច​បង្ក​ឲ្យ​មាន​បញ្ហា​យ៉ាង​ធំ​។ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ឪពុកម្ដាយ​ជាច្រើន​មិនបាន​ដឹង​ថា កូន​របស់​ពួកគេ​គឺ​គ្មាន​សញ្ជាតិ​នោះ​ទេ​។ ជា​ញឹកញាប់​កុមារ​បាន​ដឹង​ថា ពួកគេ​មិន​មាន​ភាពជា​ពលរដ្ឋ​ស្របច្បាប់​ នៅ​ពេល​ដែល​ពួកគេ​ឈាន​ដល់​ភាពជា​មនុស្ស​ពេញ​វ័យ​ ហើយនឹង​បាន​ដឹង​ថា ពួកគេ​មិនអាច​ធ្វើការ រៀបការ មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន បោះឆ្នោត​ដោយ​ស្របច្បាប់ ​ឬ​សូម្បីតែ​បញ្ចប់​ការសិក្សា​ពី​សាលារៀន​។​



ក្នុង​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​ស៊ី​រី​​កំពុង​ទទួលយក​ជ​ន​ភៀសខ្លួន​ភាគច្រើន​នោះ ភាព​គ្មាន​សញ្ជាតិ​គឺ​ជា​ក្តី​បារម្ភ​ដ៏​ចម្បង​រួច​ទៅ​ហើយ​។​



អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា ទារក​ជាង​៣០០០០​នាក់​ ដែល​កើត​ក្នុង​ជនភៀសខ្លួន​ស៊ី​រី​នៅ​ក្នុង​ប្រទេស​លី​បង់​គឺ​មាន​ហានិភ័យ​នៃ​ភាព​គ្មាន​សញ្ជាតិ​៕


The Guardian




វិបត្តិ​ជនភៀសខ្លួន​បាន​បង្កើត “​ជំនាន់​គ្មាន​សញ្ជាតិ​” ចំពោះ​កុមារ​

Post a Comment

0 Comments

Close Menu