ភ្នំពេញ ៖ នៅសាលាខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៥ បានបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌ ៣ឆ្នាំ រំកិល សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ក្រោមអធិបតីភាពលោក ប៊ុន សេរី អភិបាលរងសាលារាជធានីភ្នំពេញ និងលោកលី សាវេត អភិបាលខណ្ឌសែនសុខ និងលោក អ៊ូវ ឡៃ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ។
នៅក្នុងកម្មវិធីនោះ សិក្ខាកាមដែលបានត្រូវបានអញ្ជើញឲ្យចូលរួម មានប្រធានមន្ទីរនានារបស់សាលាក្រុង និងមន្ត្រីអង្គការ សង្គមស៊ីវិល លោក ចៅសង្កាត់ ព្រមទាំងសមាជិកក្រុមប្រឹក្សា សង្កាត់ និងខណ្ឌ។
លោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា កន្លងមកនៅក្នុងឆ្នាំ២០១៥ សិក្ខាសាលាសមាហរណកម្មផែនការវិនិយោគសង្កាត់ និងកម្មវិធីរំកិល ខណ្ឌឆ្នាំ២០១៥- ២០១៧ យើងទទួលបានការគាំទ្រ នូវគម្រោងថ្នាក់ សង្កាត់ទទួលបាន១៩៨គម្រោង អនុវត្តបាន១៩៣គម្រោង ស្មើ ៩៧ភាគរយ។ និងថ្នាក់ខណ្ឌទទួល បានការគាំទ្រ ចំនួន ៨៧គម្រោង អនុវត្តបាន ចំនួន៧៥គម្រោង ស្មើ ៨៦ភាគរយ។
លោក អភិបាលខណ្ឌ បានបន្តថា ដើម្បីរៀបចំអនុវត្តផែនការវិនិយោគក្នុងមូលដ្ឋានបន្តទៀតសម្រាប់គម្រោង៣ឆ្នាំរំកិល ២០១៦-២០១៨ រដ្ឋបាលសាលាខណ្ឌសែនសុខ បានសម្រេចរៀបចំសិក្ខាសាលា សមាហរណកម្ម សម្រាប់អនុវត្តឆ្នាំ២០១៦ខាងមុខនេះ សម្រាប់គម្រោងអាទិភាពទាំង៤របស់សង្កាត់ទាំង៤ មាន សង្កាត់ ទឹកថ្លា សង្កាត់ ភ្នំពេញថ្មី សង្កាត់ ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ សរុបមានចំនួន១៧៤គម្រោង ដែលក្នុងនោះមាន ១/ វិស័យ កសិកម្ម ០៨គម្រោង២/ វិស័យអាជីវកម្ម ១០គម្រោង។ ៣/ វិស័យអប់រំ ០១គម្រោង ។ ៤/ វិស័យ សុខាភិបាល៤៤គម្រោង ។ ៥/ ភាពងាយរងគ្រោះ ០២គម្រោង ។ ៦/ វិស័យ បរិស្ថាន ២១គម្រោង។ ៧/ វិស័យ រដ្ឋបាល និងសន្តិសុខ ៧៣គម្រោង ។ ៨/ វិស័យ យេនឌ័រ មាន១៥គម្រោង។
លោកបន្តថា ចំណែកគម្រោងកម្មវិធី៣ឆ្នាំរំកិល(២០១៦ -២១៨) ថ្នាក់ខណ្ឌមាន ចំនួន៩០គម្រោង ដែលក្នុងនោះមាន ១/ ផ្នែក សេដ្ឋកិច្ច ១៣គម្រោង។ ២/ ផ្នែកសង្គមកិច្ច៤៥គម្រង ៣/ ផ្នែក គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ១១គម្រោង ។ ៤/ ផ្នែករដ្ឋបាល និងសន្តិសុខ មាន២១គម្រោង។
លោក ប៊ុន សេរី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ សាលារាជធានីបានកំណត់ឲ្យ នៅតាមគ្រប់បណ្ដាខណ្ឌនានាទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវធ្វើសិក្ខាសាលា សមាហរណកម្មផែនការវិនិយោគនៅថ្នាក់សង្កាត់ និងថ្នាក់ខណ្ឌក្នុងគម្រោង៣ឆ្នាំរំកិល នៅរៀងរាល់ខែធ្នូ ដែលឆ្នាំនេះចាប់ផ្ដើមធ្វើពីថ្ងៃទី០៨ខែធ្នូ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥។
ការបង្កើតកម្មវិធីនេះគឺដើម្បី ជាការស្នើសុំគម្រោងថវិការដ្ឋដើម្បីយកមកវិនិយោគផ្សេងៗនៅក្នុងមូលដ្ឋានតាមសង្កាត់ ឬខណ្ឌនីមួយៗ ដែលត្រូវមានគម្រោងច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេស ប៉ុន្តែ ទាមទារឲ្យមានករគាំទ្រ ពីមន្ត្រី នៅតាមបណ្ដាស្ថាប័ន ជំនាញពាក់ព័ន្ធ និងមន្ត្រី អង្គការសង្គមស៊ីវិល និងសប្បុរសជននានាផងដែរ ឱ្យពួកគេទទួលស្គាល់ជាផ្លូវការ៕
សាលាខណ្ឌសែនសុខបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ ខណ្ឌ ៣ឆ្នាំរំកិល ២០១៦ ២០១៨


0 Comments