Ad Code

គយ​ ចាប់​រថយន្ត​​ចង្កូត​ស្តាំ​២​គ្រឿង​​គេចពន្ធ​ ​ក្នុង​នោះ​១​គ្រឿង​ជ្រក​ក្រោម​ស្លាក​លេខ​ ខ​.​ម​

​​បន្ទាយ​មានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥ កម្លាំង​គយ​បាន​ចុះ​ប្រតិបត្តិការ​នៃ​ការ​បង្ក្រាប​រថយន្ត​នាំចូល​គេចពន្ធ​ខុសច្បាប់​បាន​ចំនួន​២​គ្រឿង ​មួយ​គ្រឿង​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម។


​មន្ត្រី​គយ​ម្នាក់​បាន​និយាយ​ថា ​មួយ​រយៈ​ចុងក្រោយ​នេះ​​វិធានការ​រីត​បន្តឹង​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅលើ​រថ​យន្ត​នាំចូល​គេចពន្ធ​ខុសច្បាប់​កំពុងតែ​ធ្វើឡើង​យ៉ាង​ក្តៅ​គគុក​ ក្រោយពី​មាន​រថយន្ត​គេចពន្ធ​ចង្កូត​ស្តាំ ​និង​ចង្កូត​ឆ្វេង​ស៊េរី​ទំនើបៗ​ត្រូវ​បាន​គេ​ទិញ​យក​ប្រើប្រាស់​ផ្ទាល់ខ្លួន ​ហើយ​ជូន​កាល​ប្រើប្រាស់​ស្លា​ក​លេខ​ជ្រក​ក្រោម​ស្ថាប័នរដ្ឋ​ក៏មានដែរ។​


មន្ត្រី​គយ​បាន​និយាយ​បញ្ជាក់​ទៀត​ថា ​ការ​នាំចូល​រថយន្ត​លួចលាក់​គ្មាន​ការ​បង់​ពន្ធ​ចូល​រដ្ឋ​នោះ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​ពន្ធ​យ៉ាងធ្ងន់ធ្ងរ​។ ​ជាក់ស្តែង​រថយន្ត​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង​ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​នោះ​១​គ្រឿង ​ពាក់​ស្លាក​លេខ ខ.ម ដែល​សុទ្ធ​តែ​ជា​រថយន្ត​ចង្កូត​ស្តាំ​លួច​នាំចូល​គ្មាន​បង្កាន់​ដៃ​បង់ពន្ធ​តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ច្រករបៀង ​ខេត្តបន្ទាយមានជ័យ រថយន្ត​ទាំង​២​គ្រឿង​មាន​ម៉ាក ​ហ្វ័ត​ ពណ៌​សំបក​ឪឡឹក ​២​បាំង​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​012-7520 ស៊េរី​ឆ្នាំ​២០១៤ និង​រថយន្ត​ម៉ាក​នីសា​ន់​ ពណ៌​ស គ្មាន​ស្លាក​លេខ​ស៊េរី​ឆ្នាំ​២០១៣​ ត្រូវ​បាន​គយ​បង្ក្រាប​បាន​យក​មក​បង់ពន្ធ​តាមច្បាប់​។​


ជុំវិញ​បញ្ហា​រថយន្ត​ចង្កូត​ស្តាំ​នេះ​វិញ​យោង​តាម​អនុក្រឹត្យ​លេខ​០១ របស់​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ទៅលើ​រថយន្ត​ពន្លត់​អគ្គិភ័យ ​និង​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​តែប៉ុណ្ណោះ ​រថយន្ត​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ​លុះត្រាតែ​រថយន្ត​នោះ​នៅក្នុង​អាំង​ហ្វង់​ទែ​របស់​រដ្ឋ​ប៉ុណ្ណោះ​ តាម​រយៈ​នៃ​ការ​នាំចូល​ប្រើប្រាស់​បំរើ​ក្នុង​ស្ថាប័នរដ្ឋ​។


​សូម​រំលឹក​ថា​ពាក់ព័ន្ធ​នឹង​រថយន្ត​ចង្កូត​ស្តាំ​នោះ​ដែរ​កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០០៥​សម្ដេច​តេ​ជោ ហ៊ុ​ន សែន ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​បញ្ចប់​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​មក​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​សង្កេតឃើញ​រថយន្ត​ចង្កូត​ស្តាំ ​ស៊េរី​ទំនើបៗ ​ត្រូវ​បាន​ឈ្មួញ​ខិល​ខូច​លួច​នាំចូល​យក​មក​ធ្វើ​អាជីវកម្ម​លក់ដូរ​យ៉ាង​គគ្រឹកគគ្រេង​ឡើងវិញ រថយន្ត​ចង្កូត​ស្តាំ​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ប្រើប្រាស់​ជ្រក​ក្រោម​ស្លាក​លេខ​ក្នុង​ស្ថាប័នរដ្ឋ​ ហើយ​រថយន្ត​ចង្កូត​ស្តាំ​ច្រក​ក្រោម​ស្លាក​លេខ​ស្ថាប័នរដ្ឋ​មួយចំនួន​ត្រូវ​គេ​មើល​ឃើញ​ថា ​កន្លងមក​បាន​យក​ទៅ​ប្រើប្រាស់​ធ្វើជា​មធ្យោ​បា​យ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ទៀត​ផង​៕


24-12-2015i



គយ​ ចាប់​រថយន្ត​​ចង្កូត​ស្តាំ​២​គ្រឿង​​គេចពន្ធ​ ​ក្នុង​នោះ​១​គ្រឿង​ជ្រក​ក្រោម​ស្លាក​លេខ​ ខ​.​ម​

Post a Comment

0 Comments

Close Menu