អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបោះទុន១០០លានដុល្លារ ដើម្បីពង្រីកបណ្តាញអគ្គិសនីតាមលំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលរដ្ឋាភិបាលគ្រោងនឹងបញ្ចុះតំលៃអគ្គិសនីនៅឆ្នាំ២០១៨ ដើម្បីអនុវត្តន៍នូវផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។
លោកកែវ រតនៈអគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងនៅខេត្តកោះកុងនាព្រឹកថ្ងៃទី២៣ ធ្នូនេះថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ខេត្តកោះកុងនឹងទទួលបានការពង្រីកបណ្តាញអគ្គិសនីកម្ពុជា ដែលគ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីធានាថា នៅតាមភូមិទាំងអស់ លើកលែងតែកោះនឹងមានបណ្តាញអគ្គិសនី និងមានតំលៃថោកជាងពេលបច្ចុប្បន្ន ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ និងពង្រីកតំបន់ឧស្សាហកម្ម កសិកម្ម ទេសចរណ៍សំដៅបង្កើនការងារជូនប្រជាពលរដ្ឋ។
នៅក្នុងផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រគន្លឹះចំនួន៤ ដើម្បីរុញឲ្យប្រទេសនេះឈានទៅអភិវឌ្ឍន៍មួយកម្រិតទៀត ដែលយុទ្ធសាស្ត្រទាំងនោះមានដូចជា ទី១ផ្លាស់ប្តូរទីផ្សារការងារ ពីការងារអតិពលកម្ម ទៅជាការងារប្រើប្រាស់ចំណេះដឹង និងជំនាញ ទី២អភិវឌ្ឍន៍ធនធានមនុស្សឆ្លើយតបទីផ្សារការងារជាក់ស្តែង ទី៣បញ្ចុះតំលៃអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទី៤ រៀបចំខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ចុះតំលៃអគ្គិសនីផងដែរ។
វារីអគ្គិសនីនៅខេត្តកោះកុងនាពេលបច្ចុប្បន្នមានចំនួនបី ដូចជា ទី១ វារីអគ្គិសនីឫស្សីជ្រុំ ផលិតថាមពលបានជាង៣០០មេហ្កាវ៉ាត់ ទី២វារីអគ្គិសនីស្ទឹងតាតៃផលិតថាមពលបានចំនួន២៤៦មេហ្កាវ៉ាត់ និងទី៣ វារីអគ្គិសនីគិរីរម្យ៣ផលិតថាមពលបានប្រមាណ១៨មេហ្កាវ៉ាត់។
លោកស្រី ចន្ឋី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យធ្លាប់បានមានប្រសាសន៍ថា ថាមពលអគ្គិសនីនៅកម្ពុជាមានតំលៃខ្ពស់ ធៀបជាមួយប្រទេសជិតខាង ដែលធ្វើឲ្យថ្លៃដើមនៃការផលិតរបស់យើងថ្លៃ ពិបាកក្នុងការប្រកួតប្រជែងជាមួយគេ ព្រោះអគ្គិសនីជាវិស័យមួយ ដែលជាប់ពាក់ព័ន្ធដល់វិស័យឧស្សាហកម្មទាំងស្រុង ដូចជាការដឹក ជញ្ជូន ផលិតកម្ម និងវិស័យផ្សេងៗទៀតរាប់បញ្ចូលទាំងវិស័យកសិកម្មជាដើម៕
អគ្គិសនីកម្ពុជាបោះទុន១០០លានដុល្លារដើម្បីពង្រីកបណ្តាញអគ្គិសនី

0 Comments