Ad Code

រុស្ស៊ី ​និង​សហរដ្ឋអាមេរិក​ឯកភាព​គ្នា​លើ​បញ្ហា​សំខាន់​ៗ​មួយចំនួន​ស្ដីពី ​ប្រទេស​ស៊ី​រី​

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក John Kerry និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​ក្នុង​ទីក្រុង​មូ​ស្គូ​ថា ប្រទេស​រុស្ស៊ី​ និង​សហរដ្ឋអាមេរិក​បាន​ឯកភាព​គ្នា​លើ​បញ្ហា “​សំខាន់ៗ​” មួយចំនួន​ជាពិសេស​ទាក់ទង​ទៅ​នឹង​ប្រទេស​ស៊ី​រី។​



លោក Kerry បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​រដ្ឋមន្ត្រីការបរទេស​លោក Sergei Lavrov កាលពី​ថ្ងៃ​អង្គា​រថា “​សហរដ្ឋអាមេរិក​ត្រៀមខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​រុស្ស៊ី​”។



លោក Kerry បាន​និយាយ​ថា “​បើ​ទោះ​បី​ជា​មាន​ភាព​ខុស​គ្នា​រវាង​ប្រទេស​របស់​យើង​ក៏ដោយ យើង​បាន​បង្ហាញថា នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ និង​រុស្ស៊ី​ស្ថិតនៅ​ទិសដៅ​ដូចគ្នា ការ​រីក​ចម្រើន​អាច​នឹង​បង្កើត​ឡើង​”​។​



លោក Lavrov បាន​ប្រាប់​អ្នកកាសែត​ថា ទីក្រុង​មូ​ស្គូ​ និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ពី​កិច្ច​ព្រម​ព្រៀ​ង​ពី​លើក​មុន​របស់​ពួកគេ​ ដើម្បី​ធ្វើការ​រួមគ្នា​​ប្រយុទ្ធ​ប្រឆាំង​នឹង “​បិសាច​” នៃ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​ លោក​បាន​បន្ថែម​ថា​ ជំហាន​ជាក់ស្តែង​មួយចំនួន​ ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​បាន​យល់ព្រម​នៅក្នុង​កិច្ចប្រជុំ។​



រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​រូប​នេះ​បាន​និយាយ​ថា “​យើង​បាន​បញ្ជាក់​ពី​ព្រមព្រៀង​មួយ​ ដែល​សម្រេច​ដោ​យ​កង​យោធា​របស់​ប្រទេស​រុស្ស៊ី​ និង​សហរដ្ឋអាមេរិក​រួម​ទាំង​កិច្ចព្រមព្រៀង​ដែល​បាន​អនុវត្ត​ចំ​ពោះ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ធ្វើការ​ប្រឆាំង​នឹង​ក្រុម ISIS ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​” ។​



ដោយឡែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​និយាយ​ថា “​ប្រទេស​រុស្ស៊ី ​និង​សហរដ្ឋអាមេរិក​បាន​យល់​ស្រប​គ្នា​ថា អ្នក​មិនអាច​កម្ចាត់​ក្រុម ISIS ដោយ​គ្មាន​ការ​បន្ថយ​ការ​ប្រយុទ្ធ​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​នោះ​ទេ​”​។ ​លោក​បាន​បន្ថែម​ថា ទាំង​ទីក្រុង​មូស្គូ ​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្ដោត​លើ​ដំណើរការ​នយោបាយ​ ហើយ​ថា​ ពលរដ្ឋ​ស៊ី​រីនឹង​ត្រូវធ្វើ​ការសម្រេច​ចិត្ត​ពី​អនាគត​របស់​ប្រទេស​ស៊ី​រី​។​


​លោក Kerry ក៏បាន​និយាយ​ផង​ដែរ​ថា ទីក្រុង​មូ​ស្គូ ​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​រក​ឃើញ “​មូលដ្ឋាន​រួម​” ដែល​ក្រុមប្រឆាំង​គួរតែ​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ស៊ី​រី​។​



លោក Lavrov បាន​បញ្ជាក់​ថា កិច្ចប្រជុំ​មួយ​នៃ​ប្រទេស​មហាអំណាច​ពិភពលោក​ស្ដីពី​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​ញូវយ៉ក​នឹង​ដំណើរការ​ទៅមុខ​។​



លោក Lavrov បាន​និយាយ​ទៀត​ថា គម្រោង​មួយ​សម្រាប់​សេចក្ដីសម្រេច​ស្ដីពី​ប្រទេស​ស៊ី​រី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​បង្ហាញ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រ​ជា​ជាតិ ​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​។​



លោក Lavrov បាន​លើក​ឡើង​ថា “​យើង​បាន​ជួបគ្នា​នៅ​ថ្ងៃ​នេះ​មិនមែន​តែ​ក្នុងនាម​ជា​ប្រទេស​រុស្ស៊ី​ និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ថែមទាំង​សមាជិក​ដទៃទៀត​នៃ​ក្រុម​អន្តរជាតិ​ដែល​គាំទ្រ​ស៊ី​រី​ផង​ដែរ​”​។​



ដោយឡែក​លោក Putin បាន​និយាយ​មុន​ពេល​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​នេះ​ថា ប្រទេស​រុស្ស៊ី ​និង​សហរដ្ឋ​អាមេរិក​កំពុង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ដ៏​សំខាន់​បំផុត​នេះ​ជាមួយគ្នា​។​ លោក​បាន​បន្ថែម​ទៀត​ថា លោក​សប្បាយរីករាយ​សម្រាប់​ឱកាស​ជួប ​និង​ពិភាក្សា​នេះ​៕


RT




រុស្ស៊ី ​និង​សហរដ្ឋអាមេរិក​ឯកភាព​គ្នា​លើ​បញ្ហា​សំខាន់​ៗ​មួយចំនួន​ស្ដីពី ​ប្រទេស​ស៊ី​រី​

Post a Comment

0 Comments

Close Menu