Ad Code

អតីត​អធិការកិច្ច​ក្រសួង​យុត្តិធម៌​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវ​ផ្ដន្ទាទោស​២​ឆ្នាំ​ដដែល​

​ភ្នំពេញ​ ៖ អតីត​អធិការកិច្ច​ក្រសួង​យុត្តិធម៌ និង​ជា​ជំនួយការ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ជាប់​ទោ​ស​២​ឆ្នាំ​ដដែល ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ​ឆបោក​ប្រាក់​ពាណិជ្ជករ​ម្នាក់​ចំនួន មួយ​ម៉ឺន​ដុល្លារ តាម​រូបភាព​ដោះស្រាយ​ទំនាស់​ដីធ្លី​។ ក្រោយ​ការសម្រេច​នេះ ជនជាប់ចោទ ស្រែក​ថា ” គ្មាន​ការ​យោ​គ​យល់​សោះ”។​


​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក សំរិទ្ធ សុផល បានសម្រេច​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​។ សាលដីកា​ដែល​ប្រកាស​ដោយ​លោក សំរិទ្ធ សុផល ពុំបាន​អាន​សំអាង​ហេតុ​ឡើយ។​


​គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃទី​២ ខែមេសា កន្លងទៅ លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស ឈ្មោះ សំ សារិទ្ធ ដាក់​ពន្ធនាគារ​២​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​មាន ស្ថាន​ទម្ងន់ទោស។ ប៉ុន្តែ​ជនជាប់ចោទ បាន​ប្ដឹង​ឧទ្ធរណ៍។​


​ជនជាប់ចោទ​ឈ្មោះ សំ សារិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ​ឆ្នាំ​២០១៤ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅ​តា​លាង​។​

​ពាក់ព័ន្ធ​សំណុំ​រឿង​នេះ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកស្រី ឃួន​ ម៉ា​លីន អាយុ​៦៥​ឆ្នាំ រស់នៅ​សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​យុត្តិធម៌​មាន​កម្មវត្ថុ​ប្ដឹង​លោក ​ហ៊ុន ប៊ុនធឿន ហៅ តា​លាង​ ជា​ពាណិជ្ជករ​រកស៊ី​ទិញ​លក់​ដី។ បណ្ដឹង​នេះ​ត្រូវ​បាន ​លោក សំ សារិទ្ធ ជា​អ្នកចាត់ការ​ព្រមទាំង​បាន​ទទួល​ឯកសារ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ពី​លោកស្រី ឃួន ម៉ា​លីន យ៉ាង​ច្រើន។​

​ក្រោយពី​បាន​ទទួល​ឯកសារ​ពី​ភាគី​ លោកស្រី ឃួន ម៉ា​លីន ហើយ ឈ្មោះ សំ សារិទ្ធ បាន​យក​ឯក​សារ​ទាំង​នោះ​ទៅ​ប្រើ​ប្រាស់ និង​បង្ហាញ​ភាគី ឈ្មោះ​ហ៊ុន ប៊ុនធឿន និង​បាន​ទទួល​ប្រាក់​មួយចំនួន​ពី​ឈ្មោះ ហ៊ុន ប៊ុនធឿន​។ បន្ទាប់​មក​ទៀត​ ឈ្មោះ​ សំ សារិទ្ធ នៅតែ​ប្រើប្រាស់​ឯកសារ​ទាំងនោះ ដើម្បី​ទទួល​បាន​ផល​ចំណេញ​ពី​ ឈ្មោះ ហ៊ុន ប៊ុនធឿន ជា​បន្ដ​បន្ទាប់ រហូត​ធ្វើ​ឲ្យ​មានការ​ធុញទ្រាន់​ទើប​ឈ្មោះ​ហ៊ុន ប៊ុនធឿន ដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ។ រហូតមកដល់​ថ្ងៃទី១១​ខែកញ្ញា ​ឆ្នាំ​២០១៤ នៅ​ពេល​ដែល ឈ្មោះ​ សំ សារិទ្ធ ទៅ​ទទួលយក​ប្រាក់​ម្ដងទៀត​ពី​ ឈ្មោះ ហ៊ុន ប៊ុនធឿន ក៏​ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​តែម្ដង។​

​ដោយឡែក​នៅក្នុង​សវនាការ សាលាឧទ្ធរណ៍​ជនជាប់ចោទ​ស្នើ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ទោស តែ​តំ​ណា​ង មហាអយ្យការ​គឺ ​លោក​អ៊ឹម វិជ្ជា បាន​ស្នើ​ឲ្យ​មាន​ការ​តម្កល់​ទោស​ជនជាប់ចោទ ទុក​ជា​បាន​ការ​ដដែល៕



អតីត​អធិការកិច្ច​ក្រសួង​យុត្តិធម៌​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវ​ផ្ដន្ទាទោស​២​ឆ្នាំ​ដដែល​

Post a Comment

0 Comments

Close Menu