ភ្នំពេញ ៖ ជនសង្ស័យឆក់ខ្សែ.កម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ ត្រូវបានជនរងគ្រោះចាប់ទាញម៉ូតូឲ្យដួល ហើយស្រែកចោរៗផ្អើលប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ លី សុខហួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះផ្លូវសុធារស ផ្ទះលេខ១៧Z ក្រុម៣៨ ស្ថិតនៅភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបរទេសម្នាក់បានដើរលេង តាមបណ្ដោយផ្លូវលេខ៥១តែម្នាក់ឯង ខណៈនោះក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសង់សេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ មកក្បែរ រួចធ្វើសកម្មភាពឆក់ខ្សែ.កពីរងគ្រោះ ភ្លាមៗនោះជនរងគ្រោះគ្រោះមានភាពរហ័សរហួនក៏បានស្ទុះទៅចាប់ជនសង្ស័យទាញផ្ដួលម៉ូតូ និងស្រែកចោរៗក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលកំពុងល្បាតតាមដងផ្លូវចាប់ឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតជាអ្នកបើកម៉ូតូគេចខ្លួនបាត់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ឆក់ខ្សែ.ក ប៉ះជនរងគ្រោះខ្លាំងចាប់ទាញផ្ដួលម៉ូតូ ចាប់បានម្នាក់ ម្នាក់ទៀតរត់រកព្រះអាយុ
0 Comments