ភ្នំពេញ ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ការពិសាអាហារបួសអាចជួយកាត់បន្ថយនូវការបំពុលបរិស្ថានបានមួយកម្រិតធំដែរ។ មានប្រសាសន៍ដ៏មានអត្ថន័យ ខណៈពេលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីជំរុញអាហារលើកទី៣ ប្រចាំឆ្នាំ២០១៥ ដែលរៀបចំដោយសមាគមអ៊ីគ័នតាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ប្រមាណជា២.៣០០នាក់ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។
លោកជំទាវឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្មវិធីជំរុញអាហារបួសនាពេលនេះ គឺជាការបង្ហាញអំពីការប្តូរការចាប់អារម្មណ៍របស់ពិភពលោកលើការទទួលទានបន្លែ និងផ្លែឈើច្រើនជាងការបរិភោគសាច់ ដើម្បីសុខភាពល្អរាងកាយមាំមួន។ ការពិសាអាហារបួស គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី ស្របពេលដែលពិភពលោកចេះតែកើតមាននូវជំងឺប្លែកៗផ្សេងទៀត។
លោកជំទាវក៏បានកោតសរសើរអំពីសកម្មភាពកន្លងមកសមាគមអ៊ីគ័នតាវ ដែលដឹកនាំដោយ អ្នកគ្រូឧបជ្ឈា ឡាយ ឆាយចិន អគ្គលេខាធិការសមាគមបានធ្វើការងារដែលពាក់ព័ន្ធនឹងការងារសង្គមជាច្រើនដូចជា ការបង្រៀនភាសាចិនដោយឥតគិតថ្លៃ ផ្សព្វផ្សាយធម៌កតញ្ញូ និងចែករំលែកវប្បធម៌របស់ប្រទេសចិន ព្រមទាំងបានចែកអង្ករ និងព្យាបាលជំងឺដល់ជនក្រីក្រ និងការបរិច្ចាគឈាមជាដើម ។ល។
សកម្មភាពទាំងអស់នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ដែលស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសគឺក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះបញ្ជាក់ថា សមាគមអ៊ីគ័នតាវ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងឋានៈជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសមាគមបានរួមចំណែកលើការងារសង្គមកិច្ច ការងារមនុស្សធម៌ ការងារអប់រំបណ្ដុះបណ្ដាល ការងារសុខុមាលភាពសង្គម ការងារថែរក្សាការពារបរិស្ថាន ការងារជួយលើកកម្ពស់គុណតម្លៃសីលធម៌រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាឲ្យមានការចាប់អារម្មណ៍លើការបរិភោគអាហារបួសវិញ ប៉ុន្តែមិនមែនជាការចាប់បង្ខំទេ តែជាការពិចារណាលើបញ្ហាសុខភាព ដោយធ្វើការផ្លាស់ប្ដូរទម្លាប់ពីការបរិភោគសាច់ ដោយងាកមកបរិភោគអាហារបួសជំនួសវិញ គឺដើម្បីសុខភាពល្អ បរិស្ថានល្អ ក៏ដូចលើកកម្ពស់តម្លៃសីលធម៌ ធ្វើឲ្យមានសុខសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចាកផុតពីអំពើហិង្សា និងបទល្មើសនានា៕
ការពិសាអាហារបួស អាចជួយកាត់បន្ថយនូវការបំពុលបរិស្ថានបាន



0 Comments