Ad Code

មេ​ឆ្នោត​ប្រុស​/ស្រី​៤​នាក់​ ត្រូវ​បាន​អាវុធហត្ថ​ក្របួច​ជាប់​

សៀមរាប ៖ មេ​ឆ្នោត​ប្រុស/​ស្រី​ចំនួន​៤​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ​នៃ​កង​រាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​ករណី​ល្បែង​ឆ្នោត​ខុសច្បាប់​មួយ​ករណី​ បន្ទាប់ពី​ខាង​មតិ​មហាជន​បាន​រិះគន់​ថា​ ល្បែង​ឆ្នោត​បើក​ដោយ​សេរី​នៅ​ខេត្ត​សៀមរាប។​

ហេតុការណ៍​ចុះបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ខាងលិច​ផ្សារ​ដើម​ក្រឡាញ់ ស្ថិត​ក្នុង​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប។


លោក​វរសេនីយ៍ទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ គឺ​យោងតាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ប្រតិបត្តិការ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ញៀន​ល្បែង ​និង​មេ​កន្ទុយលេខ​ប្រុស​/ស្រី​៤​នាក់ រួច​បញ្ជូន​មកកាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ។​


លោក​បន្ត​ថា អ្នក​ញៀន​ល្បែង​(​ឆ្នោត​)​ និង​មេ​ឆ្នោត​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ចាន់ ប៊ុន​ថង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​មេ​ឆ្នោត​) រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​, ២-ឈ្មោះ ទៀង ទី​ណុ​ច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​អ្នក​ចាក់​) ស្នាក់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​, ៣-​ឈ្មោះ ក្រូច ស្រី​ញ្ញា ភេទ​ស្រី អាយុ​២១​ឆ្នាំ​(​អ្នក​ចាក់​) រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប និង ៤-​ឈ្មោះ មាស កុសល ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​អ្នក​ចាក់​) មាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួម​មាន អាជ្ញាប័ណ្ណ​បើក​ឲ្យលក់​ឆ្នោត​ខ្មែរ​១​សន្លឹក​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ទូរស័ព្ទ​ដៃ​សម្រាប់​មើល​លេខ​ឆ្នោត​១​គ្រឿង​, ប្រាក់​ខ្មែរ​១​លាន​៥៣​ម៉ឺន​រៀល​, ប្រាក់​ដុល្លារ​១២៨​ដុល្លារ និង​សម្ភារៈ​សម្រាប់​កត់​ឆ្នោត​មួយចំនួន​ផងដែរ។​


បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។​ មហាជន​នៅ​រង់ចាំ​មើល​ថា​ តើ​ល្បែង​ឆ្នោត​នៅ​ខេត្ត​សៀមរាប​អាច​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​អស់ ​ឬ​យ៉ាងណា​? ឬមួយ​ក៏​ត្រូវ​ទុក​ដើម្បី​ចិញ្ចឹម​ឆ្នាំង​តទៅទៀត ​ព្រោះ​អី​គេ​សង្កេតឃើញថា រាល់​ថ្ងៃ​គេ​ឃើញ​មាន​បើក​លេង​ដោយ​សេរី​៕​



មេ​ឆ្នោត​ប្រុស​/ស្រី​៤​នាក់​ ត្រូវ​បាន​អាវុធហត្ថ​ក្របួច​ជាប់​

Post a Comment

0 Comments

Close Menu