កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង ជិត២០០នាក់ បានសំណូមពរដល់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមត្ថកិច្ចជួយផ្សព្វផ្សាយ និងបញ្ជ្រាបច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបន្ថែមទៀតនៅតាមភូមិក្នុងសង្កាត់ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងគ្រប់គ្នាពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលសមត្ថកិច្ចនគរបាលចរាចរណ៍នឹងត្រូវចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះតទៅ។ សំណូមពរនេះគាត់បានលើកឡើងនៅក្នុងវេទិកាសាធារណៈមួយ ដែលបានធ្វើឡើងនៅក្នុងវត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។
តំណាងប្រជាពលរដ្ឋម្នាក់បានលើកឡើងពីគោលបំណងប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារឆ្នាំងថា ពួកគាត់មានការព្រួយបារម្ភណាស់ នៅពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ព្រោះតែពួកគាត់មិនទាន់យល់ថា តើអ្វីទៅជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ នៅពេលប្រាប់ពីបំណងរបស់ប្រជាពលរដ្ឋហើយ គាត់បានសំណូមពរដល់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង ឲ្យជួយពន្យារពេលពិន័យ១សប្ដាហ៍ និងសូមសមត្ថកិច្ចជួយធ្វើការបញ្ជ្រាបច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដល់ប្រជាពលរដ្ឋតាមភូមិនៅក្នុងសង្កាត់គាត់ផង។
លោក ទិត ចយ ស្នងការរងនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា កន្លងមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាបន្តបន្ទាប់ ដល់អ្នកបើកបររថយន្តដឹកកម្មករកម្មការនីតាមរោងចក្រនានា ដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ ដល់អ្នករត់រថយន្តឈ្នួល ក៏ដូចជាប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនផងដែរ។ សំណូមពរប្រជាពលរដ្ឋថ្ងៃនេះ លោកនឹងយកទៅសុំយោបល់លោកស្នងការនគរបាលខេត្ត ដើម្បីចុះបញ្ជ្រាបច្បាប់ចរាចរណ៍បន្ថែមទៀតឲ្យពលរដ្ឋបានដឹងពីច្បាប់ថ្មីនេះគ្រប់គ្នា។
ដោយឡែកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំងបានថ្លែងថា សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង ជាសំណូមពរល្អណាស់ ដែលជាកង្វល់របស់បងប្អូន ហើយលើកឡើងនេះគឺពិតជាបញ្ជាក់ឲ្យឃើញថា បងប្អូនបានយល់ដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ហើយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលប្រជាពលរដ្ឋយើងចង់យល់ដឹងទាំងអស់គ្នានេះគឺមានសារៈសំខាន់ណាស់ក្នុងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ និងកាត់បន្ថយក្នុងការចំណាយប្រាក់ទៅលើការផាកពិន័យ និងត្រូវដឹងអំពីបទល្មើសដែលច្បាប់ចរាចរណ៍ត្រូវផាកពិន័យ។
លោកជំទាវរដ្ឋលេខាធិការបានបន្តថា លោកជំទាវនឹងសុំឲ្យអាជ្ញាធរភូមិ សង្កាត់ និងក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្តជួយចាត់ចែងបញ្ជ្រាបនូវច្បាប់ចរាចរណ៍ថ្មីនេះឲ្យបានទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់គ្នា តាមដែលអាចធ្វើទៅបាន ដើម្បីសុវត្ថិភាពលើផ្លូវថ្នល់ និងជួយសន្សំថវិកាក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋយើងគ្រប់គ្នា៕
ប្រជាពលរដ្ឋសង្កាត់ផ្សារឆ្នាំងសំណូមពរ លោកជំទាវ ជូ ប៊ុនអេង ជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបន្ថែមនៅតាមភូមិ



0 Comments