អង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញមួយ បានវាយតម្លៃពីប្រសិទ្ធភាពព្យាបាល និងការចំណាយទៅលើថ្នាំថ្មីមួយប្រភេទ ដោយបានរកឃើញថា តម្លៃនៃការប្រើប្រាស់ថ្នាំថ្មីរបស់ក្រុមហ៊ុន GlaxoSmithKline ក្នុងការព្យាបាលជំងឺហឺតធ្ងន់នេះ គួរតែបន្ទាប ៧៦ ភាគរយ ឱ្យទាបជាងតម្លៃដើមរបស់វា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវមួយ។ នេះបើយោងតាមរបាយការណ៍ព្រាងចុងក្រោយ របស់ក្រុមនេះ។
វិទ្យាស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន សម្រាប់ផ្នែកគ្លីនិក និងពិនិត្យទៅលើសេដ្ឋកិច្ច (ICER) បាននិយាយថា ការវិភាគរបស់ខ្លួនបានបង្ហាញថា ថ្នាំ Nucala របស់ Glaxo គួរតែត្រូវបានលក់ក្នុងតម្លៃប្រហែល ៧,៨០០ ដុល្លារទៅ ១២,០០០ ដុល្លារក្នុងមួយឆ្នាំ ក្រោមតម្លៃបញ្ជីថ្នាំដែលលក់ក្នុងតម្លៃ ៣២,៥០០ដុល្លារក្នុងមួយឆ្នាំ។
ដោយបានរកឃើញថា នៅពេលដែលចាក់ Nucala ប្រចាំខែ ដែលវាទទួលបានការអនុម័តពីសហរដ្ឋអាមេរិក កាលពីខែមុន អាចកាត់បន្ថយជំងឺហឺត និងរោគសញ្ញា ព្រមទាំងបន្ថយតម្រូវការសម្រាប់ការប្រើថ្នាំនេះ។ ទោះជាយ៉ាងណា គេក៏បានរកឃើញថា តម្លៃនេះគឺមិនសមស្រប ហើយមិនមានភាពច្បាស់លាស់អំពីអត្ថប្រយោជន៍ ដែលនឹងបន្តក្នុងរយៈពេលវែង ដោយសារតែការសាកល្បងព្យាបាលមានរយៈពេលខ្លី។
Glaxo បានធ្វើសេចក្តីថ្លែងការណ៍តាមអុីមែលមួយ ដោយបាននិយាយថា ខ្លួនគាំទ្រការងាររបស់ ICER ប៉ុន្តែមិនយល់ព្រមជាមួយការសន្និដ្ឋាននោះទេ។ ដោយបាននិយាយថា ការគ្រប់គ្រងការវាយប្រហាររបស់ជំងឺហឺតធ្ងន់ អាចជួយកាត់បន្ថយការចំណាយដោយផ្ទាល់ និងប្រយោលទៅកាន់ប្រព័ន្ធថែទាំសុខភាព ដូចជាតម្រូវការសម្រាប់ការមើលថែទាំបន្ទាន់ និងមន្ទីរពេទ្យ។
អ្នកនាំពាក្យ Sarah Spencer របស់ Glaxo បានឱ្យដឹងថា៖ “យើងជឿជាក់ថា Nucala មានតម្លៃសមរម្យ ដោយមានតុល្យភាពរវាងភាពច្នៃប្រឌិត និងតម្លៃស្របទីផ្សារសម្រាប់ការប្រើប្រាស់របស់អ្នកជំងឺ”។
ប្រធាន ICER លោក Steven Pearson បានធ្វើសេចក្តីថ្លែងការណ៍មួយដោយបានឱ្យដឹងថាការវិភាគរបស់ខ្លួនមានគោលបំណង “ដើម្បីជួយដល់សហគមន៍ ថែរក្សាសុខភាព កំណត់នូវអ្វីដែលគួរតែត្រូវបានប្រើ ដែលជួយអ្នកជំងឺក្នុងការទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុត និងទទួលបានតម្លៃនៃការព្យាបាល ប្រកបដោយភាពច្នៃប្រឌិតថ្មី ដែលសមហេតុផល”។
ICER បានឱ្យដឹងថា សេចក្តីព្រាងរបាយការណ៍ចុងក្រោយនេះនឹងបើកចំហទៅកាន់មតិយោបល់សាធារណៈរហូតដល់ថ្ងៃទី១២ ខែមករា៕
ក្រុមឯករាជ្យមួយបាននិយាយថា ថ្នាំជំងឺហឺត Glaxo ថ្មីមានតម្លៃថ្លៃពេក
0 Comments