ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅក្នុងឆ្នាំ ២០១៥ នេះ បានកើតឡើងចំនួន៤.៥៩៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២.២៦៥នាក់ (ជនបរទេសចំនួន២០នាក់) និងរបួសចំនួន៧.៥១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៤.៤១៣នាក់(ជនបរទេសចំនួន១២០នាក់)។
តាមរយៈតួលេខខាងលើនេះអាចសន្និដ្ឋានបានថា គិតជាមធ្យមក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើង១២លើក សម្លាប់មនុស្សចំនួន៦នាក់ និងរបួសប្រមាណជា២០នាក់ ។ នេះគឺជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅក្នុងពិធីប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីព្រឹកថ្ងៃទី១៥ ធ្នូ ២០១៥នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ចំនួននេះបើធ្វើការប្រៀបធៀបនឹងឆ្នាំ២០១៤កន្លងទៅឃើញថា ករណីគ្រោះថ្នាក់ថយចុះតែចំនួនអ្នកស្លាប់កើនឡើង។ កាលពីឆ្នាំ២០១៤មាន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៤.៨៤០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២.១៤៨នាក់ ក្នុងនោះ ប្រុស១.៨០៥នាក់, របួសធ្ងន់ចំនួន៤.៦៥៤នាក់ ក្នុងនោះ ប្រុស៣.៦១៤នាក់, របួសស្រាល៣.៤០៣នាក់ ក្នុងនោះ ប្រុស២៣៩១នាក់ ។ ពេលគ្រោះថ្នាក់មិនពាក់ពួកសុវត្ថិភាពមានចំនួន៤.៤២៦នាក់, ខូចខាតម៉ូតូ៥.០៥៦គ្រឿង, រថយន្តធុនស្រាល១.៧៩៧គ្រឿង, រថយន្តធុនធ្ងន់៦៨៧គ្រឿង និងយានយន្តផ្សេងៗ៤៣០គ្រឿង ៕
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទធារិទ្ធបានលើកឡើងទៀតថាឆ្នាំ២០១៥មធ្យោបាយខូចខាតសរុប៧.៥៧៥គ្រឿង ថយចុះ៣៩៥គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន៤.៨២៧គ្រឿង ថយចុះ២២៩គ្រឿង រថយន្តតូចចំនួន១.៦០២គ្រឿង ថយចុះ១៩៥គ្រឿង រថយន្តធំ៧១៣គ្រឿងកើន២៦គ្រឿង យានផ្សេងៗចំនួន៤៣៣គ្រឿង កើន៣គ្រឿង។
លោកបានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺមកពីកត្តាមនុស្ស៩៤% (បើកបរលើសល្បឿនកំណត់៤២% មិនគោរពសិទ្ធិអាទិភាព១៣% មិនប្រកាន់ស្តាំ៨% ប្រជែង១២% បើកបរស្រវឹង១១% បត់មិនប្រយ័ត្ន៧% សុខភាព១%) កត្តាយានយន្ត២% កត្តាផ្លូវ១% និងកត្តាផ្សេងៗ៣% ។ គ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើងចំនួន១៣៧លើក ថយចុះ១៥លើកប៉ុន្តែជនរងគ្រោះបាត់បង់ជីវិតកើនឡើង៩៦នាក់ (៣៣២/២៤៦នាក់) រីឯអ្នករងរបួសថយ៤០នាក់ (៧០០/៦៦០នាក់) ។ ករណីគ្រោះថ្នាក់ភាគច្រើនបង្កឡើងដោយទោចក្រយានយន្តរហូតដល់៧៤% ដោយភាគច្រើនកើតនៅលើដងផ្លូវជាតិ៥៦% ពិសេសផ្លូវជាតិលេខ៥,៦,៧,៤,៣ និងផ្លូវជាតិលេខ១៕
ឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សស្លាប់២២៦៥នាក់ របួសធ្ងន់ស្រាល៧.៥១០នាក់
0 Comments