ភ្នំពេញ ៖ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានបោសសម្អាតផ្ទៃដី ដែលមានគ្រាប់មីនបានចំនួន ១.៤០០គីឡូម៉ែត្រក្រឡា ហើយនៅសល់ផ្ទៃដីចំនួន១.៦៤០គីឡូម៉ែត្រក្រឡាទៀត នឹងបន្តបោសសម្អាតឲ្យអស់ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជាបានថ្លែងឲ្យដឹងថា ដើម្បីបោសសំអាតមីននេះ កម្ពុជាត្រូវចំណាយថវិកាជិត៤០០លានដុល្លារអាមេរិកបន្ថែមទៀត។
លោក ប្រាក់ សុខុន បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ខែធ្នូ ឆ្នាំ២០១៥ មានប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន៦៤.៥៦១នាក់ បានស្លាប់ និងរងរបួសដោយសារគ្រាប់មីន។
ថ្លែងនៅក្នុងពិធីទទួលសម្ភារៈសម្រាប់មជ្ឈមណ្ឌលកម្ចាត់មីនពីប្រទេសចិន នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ លោក ប្រាក់ សុខុន បានថ្លែងថា ប្រទេសកម្ពុជា បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។
ប្រទេសកម្ពុជាត្រូវបានអន្តរជាតិចាត់ទុកជាប្រទេសគំរូមួយក្នុងការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយក្នុងនោះមានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសនៅនៅលើពិភពលោកមួយចំនួនទៀត ដែលមានបញ្ហាគ្រាប់មីនបានមកដកស្រង់បទពិសោធន៍ផ្នែកការបោសសំអាតមីននេះពីប្រទេសកម្ពុជា។ ជាក់ស្ដែងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីននៅកម្ពុជា (ARMAC)មានមូលដ្ឋាននៅកម្ពុជាដែរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី ប៊ូ ជាំងគូ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់សម្ភារៈការិយាល័យ ដែលរដ្ឋាភិបាលចិន ផ្តល់ជូនមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Center: ARMAC) និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (Cambodian Mine Action and Victim Assistance Autority: CMAA)។
លោកស្រី ប៊ួ ជាងគួ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានប្រកាសថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយឧបត្ថម្ភផ្នែកបោសសម្អាតមីនដល់ប្រទេសកម្ពុជា និងសន្យាចែករំលែកបទពិសោធន៍ និងបច្ចេកទេសគាំទ្រការកសាងសមត្ថភាពដល់កម្ពុជាបន្ថែមទៀត៕
កម្ពុជា ត្រូវការថវិកាជិត៤០០លានដុល្លារទៀតសម្រាប់បោសសំអាតផ្ទៃដីមានគ្រាប់មីន១.៦៤០គីឡូម៉ែត្រក្រឡា
0 Comments