ភ្នំពេញ ៖ នៅទីស្តីការក្រសួងសង្គមកិច្ចកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់(គ.ម.ច)បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងដើម្បីពិភាក្សាលើ “សេចក្ដីព្រាងគោលនយោបាយជាតិសម្រាប់មនុស្សចាស់” (ថ្មី) ដោយដកស្រង់ចេញពីគោលនយោបាយសម្រាប់មនុស្សចាស់ ឆ្នាំ២០០៣ ក្រោមអធិបតីភាពលោក យី យ៉ូន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិកម្ពុជាសដើម្បីមនុស្សចាស់។
លោក ចេង ដារ៉ាវុធ ប្រធានស្ដីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ មានប្រសាសន៍ថា ឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសេចក្ដីត្រូវការរបស់មនុស្សចាស់ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៩៩ ស្ដីពីការបង្កើតគណៈកម្មាធិការជាតិរៀបចំទិវាមនុស្សចាស់អន្ដរជាតិ និងជួយជនចាស់ជរាដែលមានក្រសួង ស្ថាប័ន ចំនួន ១១ ជាសមាជិក គណៈកម្មាធិការជាតិក៏បានរៀបចំគោលនយោបាយសម្រាប់មនុស្សចាស់កាលពីឆ្នាំ២០០៣។
លោកបានបន្តថា ក្នុងគោលបំណងលើកកំពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាព និងសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្ដីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលមានក្រសួង ស្ថាប័នចំនួន ១៥ ជាសមាជិក ។
លោក យី យ៉ូន រដ្ឋលេខាធិការមានប្រសាសន៍ថា បើតាមក្រឹត្យក្រមធម្មជាតិ ជនគ្រប់រូបពេលដល់វ័យចាស់ ជរាទៅបញ្ញា ស្មារតី និងសុខភាពចុះខ្សោយទ្រុឌទ្រោមជាបណ្តើរៗ ដែលចាំបាច់ត្រូវការ ការគាំទ្រសេវា សុខុមាលភាពជាចាំបាច់ដើម្បីឲ្យមានភាពរឹងមាំ និងអាយុយឺនយូរ ។ ប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាងពីរទសវត្ស ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនសម្រាប់សង្គមជាតិ ។ ទន្ទឹមនឹងនេះមានបញ្ហាសង្គមដូចជា ជម្ងឺអេសដ៍ ករណីគ្រោះថ្នាក់ជាយថាហេតុ និងករណីផ្សេងៗទៀត បានធ្វើឲ្យគ្រួសារខ្លះ នៅសល់ជនចាស់ជរាគ្មានទីពឹង ។លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវយុទ្ធ សាស្ត្រស្តីពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងគោលនយោបាយជាតិប្រជាជនប្រកបដោយសមភាពយែនឌ័រ ដែលបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ក្នុងការជួយជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដូចជា កុមារកំព្រា ស្ត្រី មេម៉ាយ ជនពិការ និង មនុស្សចាស់ជរាគ្មានទីពឹងជួបការលំបាក។
លោក យី យ៉ូនបានបន្ថែមទៀតថា នៅក្នុងអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ នៅត្រង់មាត្រា ៨ និង មាត្រា៩ បានប្រគល់សិទ្ធិជូនរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈ ធម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ រៀបចំលេខាធិការដ្ឋាន គ.ម.ច. និងរៀបចំអនុគណៈកម្មាធិការដើម្បី មនុស្សចាស់នៅតាមរាជធានី ខេត្តក្នុងគោលដៅបង្កើតប្រសិទ្ធភាពការលើកស្ទួយសុខុមាលភាពមនុស្ស ចាស់ ដើម្បីរួមចំណែកការអនុវត្តគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្រពីប្រជាពលរដ្ឋ។
លោក ចេង ដារ៉ាវុធ ប្រធាននាយកដ្ឋានស្ដីទីមានប្រសាសន៍បន្តទៀតថា លេខាធិការ នៃលេខាធិការដ្ឋាន គ.ម.ច. មានតួនាទី និងភារកិច្ចសំខាន់ៗដូចជា៖ រៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឱ្យប្រសើរឡើង, សម្របសម្រួលការពិគ្រោះយោបល់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានអង្គ ការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងផ្នែកឯកជននានា អំពីការងារសុខុមាលភាពមនុស្សចាស់តាមការណែនាំរបស់ប្រធានគ.ម.ច., ធ្វើការតាមដានត្រួតពិនិត្យ និងវាយតមៃ្លជាប្រចាំលើការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋាននានាស្តីពីសុខុមាលភាពមនុស្សចាស់, សម្របសម្រួលគម្រោង និងកម្មវិធីគាំទ្រពីដៃគូអភិវឌ្ឍនានាពាក់ព័ន្ធការងារលើកស្ទួយសុខុមាលភាពមនុស្សចាស់ ។ លេខាធិការ នៃលេខាធិការដ្ឋាន គ.ម.ច. បន្ទាប់ពីរៀបចំយន្ដការដំណើរការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺ រៀបចំបង្កើតក្រុមការងារបច្ចេកទេស ដើម្បីរៀបចំគោលនយោបាយជាតិសម្រាប់មនុស្សចាស់បន្ដទៀត ៕
គ.ម.ចបើកកិច្ចប្រជុំជាលើកដំបូងពិភាក្សាលើ“សេចក្ដីព្រាងគោលនយោបាយជាតិសម្រាប់មនុស្សចាស់”
0 Comments