បាល់ទាត់ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យបង្កើតពានរង្វាន់បាល់ទាត់ដើម្បីអបអរថ្ងៃរំដោះ៧មករា ឆ្នាំ២០១៦ ដែលរៀបចំនៅក្នុងខេត្តរបស់ខ្លួន ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ខាងមុខ។
យោងតាមលោក សុះ រ៉ូហ្សាលី តំណាងគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា នៅឆ្នាំនេះ មានក្រុមដាក់ពាក្យចូលរួមចំនួន៩ក្រុមមកពីក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដោយបែងចែកជា២ពូល។ ក្រុមនិមួយៗ ត្រូវប្រកួតជម្រុះតាមពូលរៀងៗ ខ្លួនមុនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ លើទីលានសកលវិទ្យាល័យមានជ័យ។
សម្រាប់ពូល A មានក្រុមភ្នំស្វាយអែហ្វស៊ី លីហេងឆាយ Sport World សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងភូមិគាប ស្របពេលពូល B មានក្រុម សកលវិទ្យាល័យមានជ័យ ខ្លាកំណាចនិមិត្ត Asia 4 Bet និង Sisophon FC។
សម្រាប់ប្រកួតបើកឆាកនៅថ្ងៃព្រហស្បតិ៍នេះមានក្រុមភ្នំស្វាយរៀងអែហ្វស៊ី ជួបក្រុមលីហេងឆាយ នៅវេលាម៉ោង៩ព្រឹក ហើយក្រុមសកលវិទ្យាល័យមានជ័យ ប៉ះក្រុមខ្លាកំណាចនិមិត្ត នៅវេលាម៉ោង២រសៀល ហើយប្រកួតចុងក្រោយក្រុម Asia 4 Bet ជួបក្រុម Sisophon FC នៅវេលាម៉ោង៤ រសៀល។
កន្លងមកពានរង្វាន់នេះមានក្រុមចូលរួមរហូតដល់ទៅជាង៦០ក្រុម។ តាមគម្រោងនៅឆ្នាំនេះពានរង្វាន់នឹងចែកតាមកម្រិតអាយុដូចជាជើង មានជើងឯកយុវជនក្រោមអាយុ១០ឆ្នាំ (U-10), ជើងឯកក្រោមអាយុ១៣ឆ្នាំ (U-១៣), ជើងឯកក្រោមអាយុ១៥ ឆ្នាំ (U-15), ជើងឯកក្រោមអាយុ១៧ឆ្នាំ (U-17), ជើងឯកយុវជនក្រោមអាយុ១៩ឆ្នាំ (U-19) និងជើងឯកសម្រាប់ក្រុមនារីផងដែរ។ ប៉ុន្តែដោយមានបញ្ហាមួយចំនួនក៏ពង្រួមនៅសល់តែការប្រកួតបែបមហាជនតែប៉ុណ្ណោះ៕
ពានរង្វាន់៧មករានៅខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមប្រកួតថ្ងៃព្រហស្បតិ៍នេះ
0 Comments