ភ្នំពេញ ៖ សិស្សសាលាវិទ្យាល័យឫស្សីកែវ២នាក់បងប្អូនបង្កើត ដោយទ្រាំនឹងអំពើដ៏សែនទារុណរាល់ថ្ងៃរបស់ម្តាយ ដែលស្រវឹងអួទីនួជេរវាយធ្វើបាបមិនបានក៏នាំគ្នាមកដាក់ពាក្យបណ្តឹងប្តឹងប្រកាសសុំកាត់កាលម្តាយបង្កើត ដោយឈប់ទទួលស្គាល់ ហើយចុះចេញពីផ្ទះដោយមិនទាមទារទ្រព្យសម្បត្តិអ្វីឡើយ ឲ្យតែមានសេរីភាពនិងមានក្តីសុខ។
ការដែលក្មេងទាំង២នាក់មកប្តឹងសុំកាត់កាលម្តាយនៅប៉ុស្តិ៍ឫស្សីកែវនេះបន្ទាប់ពីម្តាយមានចិត្តអប្រិយ៍ទៅវាយធ្វើបាបកូនៗនៅផ្ទះអ៊ំ និងយកសាំងគម្រាមចាក់ដុតផ្ទះអ៊ំកាលពីវេលាព្រឹកម៉ោង ៧នឹង២០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។
សិស្សសាលារងគ្រោះ ទី១ឈ្មោះស៊ឹង សេងហាវ ភេទប្រុសអាយុ១៦ឆ្នាំប្អូនស្រីឈ្មោះ ស៊ឹងសេងហ័រ អាយុ១៥ឆ្នាំ ទាំង២នាក់បងប្អូនរៀនថ្នាក់៩ នៃវិទ្យាល័យឫស្សីកែវ ចំណែកម្តាយដែលកូនប្តឹងសុំកាត់កាលនោះឈ្មោះស៊ឹម មនោរម្យ អាយុ៣៥ឆ្នាំ ជាមេផ្ទះ រស់ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រីឯឪពុកឈ្មោះ ភៅ វហ៊ន អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប។
កុមារាកុមារីដ៏កំសត់ទាំង២នាក់ មានរាងកាយស្គមស្គាំងទឹកមុខពោរពេញដោយអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ខណៈកាត់លិខិតមកសាលាសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ២នាក់បងប្អូនសុំឲ្យប៉ូលិសជួយអន្តរាគមន៍ តែត្រូវម្តាយតាមវាយគម្រាមរហូតដល់ប៉ុស្តិ៍សមត្ថកិច្ចក៏នៅតែវាយធ្វើបាបទៀតព្រមទាំងជេរចៅសង្កាត់ប៉ូលិសយ៉ាងចាស់ដៃ។
កុមារីជាប្អូនបានយំខ្សឹកខ្សួលរហូតនិយាយមិនចេញ តែបងប្រុសនាងនិយាយថា ពួកគេទាំង២នាក់សុំលែងទទួលស្គាល់ឈ្មោះ ស៊ឹម មនោរម្យ អាយុ៣៥ឆ្នាំ ជាម្តាយហើយចាប់ពីថ្ងៃផ្តិតមេដៃនេះតទៅ គឺសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឈប់ឲ្យគាត់មករករឿងវាយតប់ជេរបញ្ចោរអាសអាភាស ដល់ពួកគេទាំង២ទៀត។ ដោយពួកគេជាកូនៗមិនអាចទ្រាំរស់នៅជាមួយគាត់បានទៀតទេ គឺពួកគេសុំរស់នៅជាមួយអ៊ំនិងប៉ារបស់គេវិញ ដោយឈប់ទទួលស្គាល់រាប់អានគាត់ជាម្តាយ តទៀតហើយ។
នៅក្នុងលិខិតបានប្រកាសកាត់កាល ដោយរៀបរាប់បន្ថែមថា បើពួកគេនៅតែរាប់គាត់ជាម្តាយ តទៅទៀតពួកគេទាំង២នាក់នៅថ្ងៃណាមួយប្រាកដជាត្រូវស្លាប់ដោយដៃរបស់ម្តាយគេមិនខាន ព្រោះគាត់ផឹកស្រាស្រវឹងរាល់ថ្ងៃ មិនដែលខានឡើងហើយពេលស្រវឹងវាយធ្វើបាបនិងជេរបញ្ចោរពាក្យអាសអាភាស កកូរកកាយរករឿងដេញពួកគេចេញពីផ្ទះ រកតែកូនរៀនសូត្រមិនបាន។ ពួកគេមិនចង់ធ្វើបែបនេះទេ តែបើមិនធ្វើទេថ្ងៃក្រោយច្បាស់ជាស្លាប់មិនខាន។
កុមារកំសត់ទាំង២នាក់ បន្តថាបើថ្ងៃក្រោយគាត់នៅតែបង្ករឿងទៀតសូមឲ្យសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ឲ្យពួកគេទាំង២នាក់ដោយអនុគ្រោះផង ដោយពួកគេសុខចិត្តចុះចេញតែខ្លួនដោយមិនទាមទារយកទ្រព្យសម្បត្តិអ្វីទាំងអស់។
លោក ទូច គឹមសុង មេប៉ុស្តិ៍ឫស្សីកែវបានឲ្យដឹងថា សមត្ថកិច្ចគឺគ្មានសិទ្ធិកាត់ក្តីក្នុងរឿងនេះទេ គឺគ្រាន់តែធ្វើសាក្សីក្នុងការដែលក្មេងទាំង២នេះផ្តិតមេដៃ ប៉ុន្តែបើចង់បញ្ចប់រឿងគឺទៅតុលាការ ទើបតុលាការជួយបាន។
នេះក៏ជារឿងដ៏កម្រជួបប្រទះផងដែរ ដែលម្តាយម្នាក់នេះខុសពីម្តាយរាប់ពាន់លាននាក់លើពិភពលោក គេស្រលាញ់កូនចិញ្ចឹមបីបាច់ថ្នមថែកូន ដោយមិនគិតខ្លួនឯងតែម្តាយម្នាក់នេះបែរជាជេរបញ្ចោរកូនរហូតកូនៗទ្រាំលែងបានកាត់កាលម្តាយចោល ហើយគេធ្លាប់តែឃើញម្តាយប្រដៅកូនមិនស្តាប់កាត់កាលកូនចោល ដោយមិនដែលឃើញរឿងបែបនេះទេ៕
ក្មេងស្រីប្រុស២នាក់បងប្អូនប្រកាសសុំកាត់កាលម្តាយចោល(Update)
0 Comments