Ad Code

កម្មករ​ខ្មែរ ​ត្រូវ​ដែក​ធ្លាក់​សង្កត់​ស្លាប់​នៅ​ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន​

បាត់ដំបង ៖ កម្មករ​កសាង​ខន​ដូ​ម្នាក់ ដែលជា​ជនជាតិខ្មែរ ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ដែល​ស្ថិតនៅក្នុង​ទីតាំង​កសាង​ខន​ដូ​មួយកន្លែង ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​កម្មករ​រូបនេះ​កំពុង​ឈរ​ដើម្បី​ថ្ពក់​ដែក​សរសៃ​ស្ទូច​ឡើង​ទៅ​លើ​អាគារ​កសាង ហើយ​ត្រូវបាន​ដាច់​ខ្សែ​ស្ទូច​ធ្លាក់​ដែក​មក​សង្កត់ពីលើ​តែម្ដង។


ហេតុការណ៍​ដ៏​គួរឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៦​និង​៣៧​នាទី​ល្ងាច ត្រង់​ចំណុច​ខន​ដូ​មួយ​កន្លែង​ ដែល​កំពុង​កសាង ស្ថិត​ក្នុង​ឃុំ​សំរោង​នឿ ស្រុក​មឿង ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ ដែល​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​រថយន្ត​សណ្ដោង​មួយ​គ្រឿង​ប្រភេទ​កង់​១៨ ដោយមាន​ផ្ទុក​ដែក​សរសៃ​ពេញ​ផង បាន​ចត​នៅ​ក្បែរ​អាគារ​ខន​ដូ​ដែល​កំពុង​កសាង ព្រមទាំង​មាន​ដុំ​ដែក​សរសៃ​ចំនួន​៣​ដុំ​ផង​ដែល​បាន​ដាច់​ខ្សែ​ធ្លាក់​នៅ​រាយប៉ាយ​ក្បែរ​រថយន្ត ដោយមាន​មនុស្ស​ម្នាក់​សង្កត់​ជាប់​នៅ​ខាងក្រោម​ដែក​នោះ​ផង។


បុរស​ម្នាក់​ឈ្មោះ ឈួ​ត អាយុ​៣១​ឆ្នាំ ជា​ជនជាតិខ្មែរ​ ដែលជា​កម្ម​ករ​កសាង​ខន​ដូ​នៅ​ទីនោះ​ហើយក៏​ត្រូវជា​សាច់ញាតិ​របស់​ជនរងគ្រោះ​ផង​នោះបាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ ភៀក តា​បូ​រ៉ៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិខ្មែរ ដោយនៅ​មុនពេល​កើតហេតុ ​គឺ​ជន​រងគ្រោះ​ដែលមាន​នាទី​ជា​អ្នក​ចាំ​ថ្ពក់​ដែក​ឲ្យ​រថយន្ត​ស្ទូច​ឡើង​ទៅ​ជាន់​ទី​៦​ដែល​កំពុង​កសាង។​


ប្រភព​ដដែល​បាន​បន្តថា ការ​ស្ទូច​ដែក​សរសៃ​នេះ​គឺ​គេ​ស្ទូច​ម្តង​៣​ដុំ លុះដល់​ជើង​ទី​៣ ដែល​ដង​ស្ទូច​កំពុងតែ​លើកឡើង​ដល់​ជាន់​ទី​៣​ទៅហើយនោះ ស្រាប់តែ​ខ្សែ​ស្ទូច​បាន​ដាច់​ធ្វើឲ្យ​ដែក​សរសៃ​ទាំងនោះ​ធ្លាក់​មកវិញ​សង្កត់​ទៅលើ​ជនរងគ្រោះ​តែម្ដង ដែល​តាម​ការ​ប៉ាន់ស្មាន​ដែក​ទាំងនេះ​អាច​មាន​ទម្ងន់​ជាង​៣​តោន ធ្វើឲ្យ​មានការ​ជ្រួលច្របល់​ឡើង​ ដោយ​កម្មករ​ទាំងអស់​បាននាំគ្នា​លើកដែក​នោះ​ចេញ​ដើម្បី​នាំយក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​នៅ​ទីបំផុត​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយមាន​សភាព​បាក់.ក ​បាក់​ដៃ​ឆ្វេង ដាច់​ ក.ជើង​ខាង​ស្តាំ និង​មាន​ស្នាមរបួស​ពេញ​រាង​កាយ។​


ភ្លាមៗ​នោះដែរ​ ក្រុម​តម្រួត​ថៃ​បាន​ចុះ​មក​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ ព្រមទាំង​បាន​ធ្វើការ​សន្និដ្ឋាន​ថា ខ្សែ​ស្ទូច​នេះ​អាច​ប្រើប្រាស់​មក​យូរ​ឆ្នាំ​ហើយ ព្រោះ​ខ្សែ​មាន​សភាព​ចាស់​ ទើប​មិន​អាច​ទ្រ​រួច​នូវ​ទម្ងន់​ដែក​ទាំងអស់នេះ​បាន ក៏​បណ្តាលឲ្យ​ដាច់​បែបនេះ ដោយ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​មាន​ចំណាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ ដោយឡែក​ជនរងគ្រោះ​ភាគី​ថៃ​មិនបាន​បញ្ជាក់​ថា​មាន​ស្រុកកំណើត​នៅ​ក្នុង​ខេត្ត​ណា​នោះ​ឡើយ៕
Pisey-2015-12-27-full-a1


Pisey-2015-12-27-full-a20


Pisey-2015-12-27-full-a25



កម្មករ​ខ្មែរ ​ត្រូវ​ដែក​ធ្លាក់​សង្កត់​ស្លាប់​នៅ​ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន​

Post a Comment

0 Comments

Close Menu