នៅពេលដែលប្រទេសតង់ហ្សានី រៀបចំដើម្បីដាក់បញ្ចូលការអប់រំជាមូលដ្ឋាន ដោយមិនបង់ប្រាក់សម្រាប់មនុស្សទាំងអស់គ្នា រដ្ឋាភិបាលបានព្រមានថា ខ្លួននឹងដាក់ទណ្ឌកម្មដល់ឪពុកម្ដាយ ដែលមិនបានធានាកូនចៅរបស់ពួកគេឲ្យទៅសាលារៀននោះ។
នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយនេះ ការសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សានឹងត្រូវប្រព្រឹត្ដទៅដោយមិនបង់ប្រាក់សម្រាប់កុមារតង់ហ្សានីទាំងអស់ ចាប់ពីខែមករាតទៅ នៅពេលដែលរដ្ឋាភិបាលចូលរួមជាមួយប្រទេសអ៊ូហ្គង់ដាជិតខាង នៅអាហ្វ្រិកខាងកើត នៅក្នុងការផ្ដល់ការអប់រំជាសកលដោយមិនបង់ប្រាក់។
លោក George Masaja អគ្គមេធាវីរបស់ប្រទេសតង់ហ្សានី បានព្រមានថា ឪពុកម្ដាយ ដែលត្រូវបានចាត់ទុកថា បានហាមឃាត់ការខិតខំដើម្បីបង្កើតសង្គមមួយដែលចេះអក្សរ ដោយហាមឃាត់កូនចៅមិនឲ្យទៅសាលារៀននោះនឹងត្រូវប្រឈមនឹងការផ្ដន្ទាទោស។ លោក Masaja បាននិយាយថា ការបង្កឲ្យកុមារបោះបង់ចោលសាលារៀនសម្រាប់មូលហេតុណាមួយក៏ដោយ គឺជាបទល្មើសព្រហ្មទណ្ឌ ពីព្រោះអ្នកប្រឆាំងនឹងសិទ្ធិជាសារវ័ន្ដក្នុងការទទួលបាននូវការអប់រំ។ លោក Masaja បាននិយាយដូច្នេះ កាលពីចុងខែមុន នៅក្នុងពិធីប្រគល់សញ្ញាបត្រ នៅសាលា Feza School នៅ Dar es Salaam។
យោងតាមអង្គការ UNICEF បានឲ្យដឹងថា ការបំបាត់ចោលនូវការបង់ថ្លៃការសិក្សារបស់រដ្ឋាភិបាល នៅសាលាបឋមសិក្សា នៅក្នុងឆ្នាំ២០០២ បានជួយបង្កើនការចុះឈ្មោះចូលរៀនរបស់កុមារអាយុពី ៧ ទៅ ១៣ ឆ្នាំនៅក្នុងឆ្នាំ២០១១ បានចំនួន ៩៤ ភាគរយ ពីចំនួន ៥៩ ភាគរយនៅក្នុងឆ្នាំ២០០០។ ប៉ុន្ដែឪពុកម្ដាយនៅតែត្រូវបង់ប្រាក់បន្ថែមដូចជាថ្លៃសៀវភៅរបស់សាលា និងឯកសណ្ឋាន ក៏ដូចជាថ្លៃសាលាសម្រាប់សាលាមធ្យមសិក្សាមួយចំនួនដែរ។
គោលនយោបាយថ្មីនេះមានបំណងដើម្បីរំដោះឪពុកម្ដាយចេញពីការបង់ថ្លៃណាមួយ និងរួមវិភាគទានដល់ការសិក្សារយៈពេល ១១ ឆ្នាំ។ នៅពេលដែលខ្លួនបានចាប់បង្ខំឪពុកម្ដាយ រួចហើយឲ្យបញ្ជូនកូនចៅរបស់ពួកគេទៅសាលារៀននោះឪពុកម្ដាយមិនត្រូវបានផ្ដន្ទាទោសនៅក្នុងពេលកន្លងមកនោះទេ។ នៅក្នុងប្រទេសក្រីក្រមួយនេះ ដែលវិស័យកសិកម្មបានប្រើកម្លាំងពលកម្មជាង ៨០ ភាគរយនោះ កុមារតង់ហ្សានី ជួនកាលត្រូវបានឃាត់ទុកនៅផ្ទះដើម្បីធ្វើការនៅក្នុងវិស័យនានា ឬក៏លក់ផ្លែឈើ និងបន្លែនៅក្នុងទីក្រុង។
ចាប់ពីខែមករាតទៅ ឪពុកម្ដាយដែលធ្វើខុសនឹងត្រូវបានផាកពិន័យ ប៉ុន្ដែមន្ដ្រីមិនទាន់បានកំណត់ថា តើត្រូវផាកពិន័យប៉ុន្មាននោះទេ។ លោក Mary James គ្រូបង្រៀននៅសាលាបឋមសិក្សា នៅMwanza នៅភាគខាងជើងប្រទេសតង់ហ្សានី បាននិយាយថា បញ្ហាដ៏ធំបំផុតនោះគឺភាពក្រីក្រ ដែលប្រជាជនភាគច្រើនកំពុងប្រឈម ប្រសិនបើមានការខិតខំឲ្យបានខ្លាំងក្លាដើម្បីបញ្ចប់ភាពក្រីក្រនោះ។ ភាគច្រើននៃបញ្ហាទាំងនេះនឹងត្រូវបានវិនាសបាត់បង់ជាធម្មតា។
នៅទូទាំងពិភពលោក ចំនួនកុមារ ដែលស្ថិតនៅខាងក្រៅសាលារៀនកើនឡើងដល់ចំនួន ២.៤ លាននាក់នៅចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៣ និងបានឡើងដល់ចំនួនសរុបជាង ៥៩ លាននាក់។ ក្នុងចំនួននោះ ៣០ លាននាក់រស់នៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក។ នេះបើយោងទៅតាមអង្គការ UNESCO បានឲ្យដឹង៕
Reuters
ការជំរុញវិស័យអប់រំ ប្រទេសតង់ហ្សានី នឹងដាក់ទណ្ឌកម្មឪពុកម្ដាយ ដែលមិនឲ្យកូនចៅទៅសាលារៀន
0 Comments