លោក John Ruggie ជាសាស្ត្រាចារ្យឯកទេសមកពីសាកលវិទ្យាល័យ Harvard បានអះអាងថា សហព័ន្ធបាល់ទាត់ពិភពលោក FIFA មាននូវការងារធ្វើជាច្រើនទៀត ដើម្បីជំរុញឲ្យប្រទេសរៀបចំព្រឹត្តិការណ៍ប្រកួត World Cup គិតគូរឲ្យមែនទែនជុំវិញបញ្ហាសិទ្ធិមនុស្ស។
លោក Ruggie នឹងផ្តល់ជូនរបាយការណ៍នៅក្នុងខែមីនាខាងមុខនេះ បង្ហាញគោលការណ៍ធ្វើមុខជំនួញ និងបញ្ហាសិទ្ធិមនុស្ស ដែលលោករៀបចំឡើងសម្រាប់អង្គការសហប្រជាជាតិ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា លោកសង្ឃឹមយ៉ាងមុតមាំថា អ្នករាល់គ្នានៅ FIFA ត្រូវតែគិតគូរពីបញ្ហាសិទ្ធិមនុស្សឲ្យបានម៉ត់ចត់ ពីព្រោះថា អនាគតរបស់អង្គការគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ កំពុងស្ថិតនៅក្នុងស្ថានភាពក្រឡាប់ចាក់ហើយ។
បន្ទាប់ពីការពិនិត្យតាមដានរបស់ លោក Ruggie តម្រូវការបែបនេះ ត្រូវការជាចាំបាច់ សម្រាប់ប្រទេស ដែលចូលរួមដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងក្តីកង្វល់ជុំវិញបញ្ហាសិទ្ធិមនុស្ស អំឡុងដំណើរការរៀបចំការប្រកួត World Cup នេះដែរ ក្រុមអ្នករៀបចំរបស់ប្រទេសកាតា ដែលបានឈ្នះសិទ្ធិធ្វើម្ចាស់ការប្រកួត World Cup ឆ្នាំ ២០២២ នោះ បានអះអាងថា គ្មានកម្មករណាម្នាក់បានស្លាប់នោះឡើយ អំឡុងដំណើរការសាងសង់ពហុកីឡដ្ឋានរបស់ពួកគេ ដែលមានបទបញ្ញត្តិតឹងរ៉ឹងជាងច្បាប់នៅក្នុងប្រទេសរបស់ខ្លួននោះ។
ការតាមដាន និងពិនិត្យពិច័យ ប្រទេសកាតា ពាក់ព័ន្ធនឹងគម្រោងកសាងពហុកីឡដ្ឋានរបស់ពួកគ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយផងដែរ៕
អ្នកឯកទេស ៖ សិទ្ធិមនុស្សត្រូវការចាំបាច់សម្រាប់ប្រទេសរៀបចំព្រឹត្តិការណ៍ប្រកួត World Cup
0 Comments