Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ពី​ប្រវត្តិ​ជូរចត់​រវាង​ប្តី​ប្រពន្ធ​កាលពី​សម័យ​តស៊ូ

ភ្នំពេញ ៖ ថ្ងៃទី​១៥  ខែធ្នូ ឆ្នាំ​១៩៥៤ មកដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ គឺជា​ខួបកំណើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន គម្រប់​៦១ ឈាន​ចូល​៦២ ឆ្នាំ ហើយ​នៅក្នុង​ឱកាស​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​ពី​ប្រវត្តិ​ជូ​ចត់​ខ្លះៗ ដែល​មាន​កាលពី​សម័យ​តស៊ូ ជាពិសេស​ការ​ព្រាត់ប្រាស​នៅ​ពេល​ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ កំពុង​មាន​ផ្ទៃពោះ​ជាង​៥ ខែ​នៃ​កំណើត​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត។


សម្តេច​បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ក​ប៊ុ​ក ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ថា “​ថ្ងៃនេះ​ជា​ខួបកំណើត​ភរិយា​ខ្ញុំ​គម្រប់​៦១ ឈាន​ចូល​៦២ ឆ្នាំ (១៥ ធ្នូ ១៩៥៤-១៥ ធ្នូ ២០១៥)​។ មុន​ចូល​ដល់​រឿង​រីករាយ នៃ​ថ្ងៃកំណើត​បង​ចង់​រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​របស់​យើង ដើម្បី​ចែក​ជូន​ញាតិមិត្ត​បាន​ជ្រាប​។ រឿង​យើង​ជួបគ្នា​និង​រៀបការ​បង​នឹង​ផ្សព្វផ្សាយ​នា​ពេល​ខាង​មុខ​។ រឿង​កូន​កំសត់​ស្លាប់​យ៉ាង​វេទនា​កាលពី​ថ្ងៃ​១០ ខែវិច្ឆិកា​១៩៧៦ បង​បាន​សរសេរ​ផ្សព្វផ្សាយ​រួច​មក​ហើយ តែ​យើង​នៅសល់​រឿងរ៉ាវ​ច្រើនណាស់​ដែល​កូនៗ​ចៅៗ​យើង​និង​បងប្អូន​ជនរួមជាតិ​ចង់​ដឹង​ចង់ឮ ពី​ប្រវត្តិ​នៃ​ជីវិត​ប្ដី​ប្រពន្ធ​របស់​យើង។


សម្តេច​សរសេរ​ទៀត​ថា “​បង​ចង់​និយាយ​ពី​សោកនាដកម្ម​មួយទៀត ដែល​យើង​ព្រាត់​គ្នា​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ក្រោម​ទំនួញ​ទុក្ខ​ស្រី​ប្តី​ព្រាត់​នៅ​ពេល​ដែល​អូន​កំពុង​មាន​ផ្ទៃពោះ​ជាង​៥ ខែ​នៃ​កំណើត​កូន​ម៉ា​ណែ​ត​។ បង​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​ការ​ងើបឡើង​តស៊ូ ដើម្បី​រំដោះជាតិ​និង​ប្រជាជន​ចេញពី​របប​ប៉ុល ពត​បានទេ ហើយក៏​មិនអាច​នាំ​អូន​ទៅជា​មួយ​បាន​ដែរ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ មុន​ចេញដំណើរ​បង​បាន​ប្រឹង​សរសេរ​សំបុត្រ​ផ្ញើ​ឲ្យ​អូន​ជាមួយ​ទឹកភ្នែក​រាប់ពាន់ ម៉ឺន​ដំណក់​។ សំបុត្រ​នោះ​បាន​ទៅដល់​ដៃ​អូន​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ តាមរយៈ​នឿន និ​រ​សារ​ដែល​មានចិត្ត​ស្មោះត្រង់​។ លិខិត​២ ទំព័រ​សរសេរ​ដោយ​ដៃ​ចំណុច ដែល​បង​ចាំ​មិន​ភ្លេច គឺ​នូវ​វគ្គ​ដំបូង និង​វគ្គ​ចុងក្រោយ​។


វគ្គ​ដំបូង (​មកដល់​ប្រពន្ធ​ដ៏​កំសត់​របស់​បង ពេល​អូន​កំពុង​អាន​នូវ​សំបុត្រ​នេះ​រូប​បង​កំពុង​ស្ថិតនៅ​យ៉ាង​ឆ្ងាយ ឆ្ងាយ​រហូតដល់​រូប​បង​មិន​ដឹង​ថា ខ្លួនឯង​នៅ​ទី​ណា​ផង​)​។ បងប្អូន​អ្នកអាន​អាច​ឆ្ងល់​ហេតុអ្វី​មិនអាច​ដឹង​បាន​ថា ខ្លួន​នៅ​ទី​ណា​? នេះ​ហើយ​ជា​ជីវិត​នៃ​អ្នកតស៊ូ​ដែល​ចាប់ផ្តើម​ចលនា​ថ្មី​មិនដឹង​ស្លាប់ ឬ​រស់​? មិនដឹង​ទៅ​ទិស​ខាង​ណា​?​។ វគ្គ​ចុងក្រោយ​នៃ​លិខិត (​បង​សូម​លា​ហើយ លា​ដើម្បី​ជួបគ្នា​វិញ​ដោយ​គ្មាន​ពេល​កំណត់​)​។ ឃ្លា​ចុងក្រោយ​បង្កប់​ដោយ​ន័យ​មាន​សង្ឃឹម​ផង និង​គ្មាន​សង្ឃឹម​ផង​។ ការ​ព្រាត់​លើក​នេះ​មិនដឹង​ព្រាត់​រស់​ឬ​ព្រាត់​ស្លាប់​។ ចាកចោល​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ជាមួយ​ទឹកភ្នែក​រាល់ថ្ងៃ​ដោយ អាណិត​ប្រពន្ធ អាណិត​ប្រជាជន​ដែល​របប ប៉ុល ពត​ធ្វើបាប និង​កាប់សម្លាប់​រាល់ថ្ងៃ​។ ថ្ងៃ​៧​មករា ១៩៧៩ បាន​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​ដែល​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់​បាន​រស់រាន​មានជីវិត បង្កើតកូន​បង្កើត​ចៅ​យ៉ាងច្រើន​ក្នុង​នោះ ក៏​មាន​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​”​។


ស​ម្តេច​បញ្ជាក់​ដែរ​ថា “​ថ្ងៃនេះ​ប្រពន្ធ​ខ្ញុំ​អាយុ​គ្រប់​៦១ ឆ្នាំ​គាត់​ជា​មនុស្ស​ស្រី​ស្អាត​ជាងគេ​សម្រាប់​ខ្ញុំ​។ ឯខ្ញុំ​ក៏​ជា​មនុស្ស​ប្រុស​ស្អាត​ជាងគេ​សម្រាប់​គាត់​។ សំណាប​យោង​ដី ស្រី​យោង​បុរស​បង​មាន​ថ្ងៃនេះ​ក៏​មាន ចំណែក​របស់​អូន​ក្នុងនាម​ជា​ភរិយា​ល្អ ម្ដាយ​ល្អ និង​ជីដូន​ល្អ​។ ជូនពរ​អូន​សុខភាព​ល្អ និង​កុំ​ភ្លេច​បូម​ខ្យល់​ឲ្យ​បង​ផង​ព្រោះ​មានតែ​អូន​ទេ​ដែលមាន​សិទ្ធិផ្តាច់មុខ​បូម​ខ្យល់ឲ្យ​ប្តី។


ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ សម្តេច​ក៏បាន​ពន្យល់​ពី​រូបថត​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​សំលៀកបំពាក់​ប្រពៃណី​យ៉ាង​ស្រស់​ស្អាត ដើម្បី​បាន​បញ្ជាក់​ថា សម្តេច​នឹង​មាន​កំហុស ប្រសិនបើ​មិនបាន​បកស្រាយ​លើ​រូបថត​ប៉ុន្មាន​សន្លឹក​ស្តីពី​ការ​រៀបការ​ទេនោះ។  កំហុស​នេះ គឺ​ទាក់ទង និង​ប្រវត្តិសាស្ត្រ​នៃ​របប​នយោបាយ​នៅ​កម្ពុជា​ទៀតផង។


សម្តេច​សរសេរ​ថា “​ដោយមាន​សំណួរ​ថា តើ​ក្នុង​របប ប៉ុល ពត មាន​សម្លៀកបំពាក់​រៀប​ការ​ដូច​រូបថត​ខ្ញុំ និង​ភរិយា​បាន​ស្លៀក​ដូច​មាន​ក្នុង​រូបថត​នេះ ឬទេ​?​។ សូម​ជម្រាប​ជូន​ថា ពុំ​មាន​សេសសល់​ទេ នូវ​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​រយៈពេល នៃ​ការ​កាន់អំណាច​របស់​ពួក​ប៉ុលពត ពី​ឆ្នាំ​១៩៧៥ ដល់​ដើមឆ្នាំ​១៩៧៩​។ សម្រាប់​ការ​ស្លៀកពាក់​មនុស្ស​ទាំងអស់​ទូ​ទាំង​ប្រទេស​ត្រូវតែ​ស្លៀកពាក់​ខ្មៅ​។ ថ្ងៃ​ដែល​ខ្ញុំ​រៀបការ​ភរិយា​ខ្ញុំ​ស្លៀកសំពត់​ខ្មៅ​ពាក់អាវ​ខ្មៅ​បង់ក​ក្រមា​និង​កាត់សក់​ខ្លី​ដូច​រូបថត​មួយ​សន្លឹក​នេះ​។ ឯខ្ញុំ​ស្លៀកខោ​ខ្មៅ ពាក់អាវ​ខ្មៅ និង​បង់ក​ក្រមា​។ មិន​ថា​តែ​ខ្ញុំ និង​ភរិយា​នោះទេ មនុស្ស​ទាំងអស់​នាពេល​នោះ​មាន​ស្ថានភាព​ដូចៗ​គ្នា​។ ខ្ញុំ​នឹង​ផ្សព្វផ្សាយ​នូវ​អត្ថបទ​ដែល​និយាយ​លំអិត​ពី​ប្រវត្តិ​នៃ​ការ​រៀបការ​របស់ខ្ញុំ​នៅ​ថ្ងៃទី​៣,៤, ៥ ខែ មករា ឆ្នាំ ២០១៦ ដើម្បី​រំលឹក​ខួប​៤០ ឆ្នាំ នៃ​ថ្ងៃ​រៀបការ​របស់ខ្ញុំ និង​ភរិយា​ដែល​រៀបការ​ម្តង​ចំនួន​១៣ គូរ​។ រូបថត​ដែល​ខ្ញុំ​និង​ភរិយា​ថត​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​នេះ គឺ​ថត​នៅ​ឆ្នាំ​១៩៨៨ គឺ​នៅ​ពេល​ដែល​យើង​មានកូន​៦​នាក់ និង​កូនពៅ​អាយុ​៥​ឆ្នាំ​រួច​ទៅ​ហើយ​។ ពេល​រៀបការ​ខ្ញុំ​មាន​អាយុ​២៤ ឆ្នាំ ឯ​ភរិយា​ខ្ញុំ​អាយុ​២២ ឆ្នាំ​។ ពេល​ថតរូប​ខ្ញុំ​មាន​អាយុ​៣៦ ឆ្នាំ ឯ​ភរិយា​ខ្ញុំ​អាយុ​៣៤ ឆ្នាំ​។ ក្រុម​គ្រួសារ​ខ្មែរ​ដែល​បាន​រៀបការ​ក្នុង​ជំនាន់​ប៉ុលពត ហើយ​ដែល​នៅ​ជួបជុំគ្នា​មួយចំនួន បាន​ខិតខំ​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ​សម្រាប់​កូនចៅ​”​។


សម្តេច​បញ្ជាក់​ចុងក្រោយ​ថា “​សូមកុំ​ភ័ន្តច្រឡំ​ថា សម័យ​ប៉ុលពត មាន​សម្លៀកបំពាក់​បែប​នេះ។ ដោយសារ​របប​ឃោរឃៅ​ព្រៃផ្សៃ​បែប​នេះ​ហើយ ទើប​ចាំបាច់​ត្រូវ​វាយ​ផ្ដួលរំលំ​របប​នេះ​នៅ ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩​។ ៧​មករា ១៩៧៩ បាន​ផ្ដល់​ឲ្យ​ជាតិ​យើង​រស់​ឡើងវិញ និង រីកចម្រើន​រហូតដល់​សព្វថ្ងៃ​៕


T-12-15-15-gg-full


  T-12-15-15-ggg-full



សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ពី​ប្រវត្តិ​ជូរចត់​រវាង​ប្តី​ប្រពន្ធ​កាលពី​សម័យ​តស៊ូ

Post a Comment

0 Comments

Close Menu