សៀមរាប ៖ បុគ្គលិកខ្មែរចំនួន៣២នាក់ ធ្វើការផ្នែកសិល្បះ នៅរោងមហោស្របស្នាមញញឹមអង្គរហៅកាត់ថាអង្គរកូអ៊ិចនោះ បានស្រែកអំពាវឲ្យថៅកែក្រុមហ៊ុនទម្លាក់ស្លាកយីហោរូបបុព្វបុរសជ័យវរ្ម័នទី៧ និងបណ្ដេញអ្នកគ្រប់គ្រងចេញពីកម្ពុជាដោយចោទថា ថៅកែជនជាតិចិន បានរំលោភច្បាប់ការងារនៅកម្ពុជា។
ហេតុការណ៍តវ៉ានេះធ្វើឡើងនៅម៉ោង៦ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះស្ថិតនៅតំបន់អង្គរឃ្យុងយូក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រុមបុគ្គលិកទាំងនោះបានអះអាងនៅខាងមុខភ្ញៀវទេសចរណ៍ជាច្រើនជាតិសាសន៍ថា រោងមហោស្របស្នាមញញឹមអង្គរ ដែលគ្រប់គ្រងដោយថៅកែជាជនជាតិចិន មិនបានគោរពច្បាប់ការងារនៅកម្ពុជា ព្រមទាំងមិនអនុវត្ដសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញារកណ្ដាលផងដែរ។ពួកគាត់អះអាងទៀតថា ជនជាតិចិនរូបនោះបានបណ្ដេញពួកគាត់ចំនួន៣២នាក់ពីការងារ ដោយគ្មានមូលហេតុ បន្ទាប់ពីពួកគេចុះចូលជាសហជីព។ បុគ្គលិក ទាំងនោះ បន្ថែមថា ការមិនគោរពច្បាប់ការងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសពលរដ្ឋខ្មែរ និងការអនុវត្ដច្បាប់ការងារនៅកម្ពុជាធ្ងន់ធ្ងរថែបទៀតផង។
អ្នករាំរបាំមួយរូប នៅរោងមហោស្រពនោះ អ្នកស្រីសាំង ស្រីពេជ្រ ឲ្យដឹងថា អ្នកស្រីសុំច្បាប់ឈប់សម្រាកឆ្លងទន្លេរយៈបីខែប៉ុន្ដែថៅកែចិនរូបនោះមិនឲ្យអ្នកស្រីចូលធ្វើការវិញដោយប្រាប់ថា អ្នកស្រីមានកំពស់ទាបបើទោះបីអ្នកស្រីសម្ដែងសិល្បៈនៅរោងមហោស្រពនោះរយៈពេល៤ឆ្នាំក៏ដោយ។
ចំណែកអ្នកគ្រប់គ្រងរោងមហោស្រពស្នាមញញឹមអង្គរ ដែលគ្រប់គ្រងដោយជនជាតិចិននោះមិនអាចសុំការពន្យល់បានទេដោយអ្នកបកប្រែភាសារចិនឈ្មោះរក្សា ប្រាប់ថា គ្មានការអនុញ្ញតពីអ្នកគ្រប់គ្រង។ លោក ច័ន្ធ សុខុមចិត្ដា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដសៀមរាបមានប្រសាសន៍ថា ៖ ភាគីទាំងពីរបានដោះស្រាយតាមនិតិវិធីច្បាប់ស្ដីពីការងាររួចរាល់ហើយ ជាមួយគ្នានោះដែរលោកថា ក្រុមប្រឹក្សាអាជ្ញារកណ្ដាលក៏បានចេញសេចក្ដីបង្គាប់ឲ្យក្រុមហ៊ុនទទួលយកអតីតបុគ្គលិកចូលធ្វើការវិញដែរ។
លោកបញ្ជាក់ថាការធ្វើបាតុកម្មទាមទារអ្វីមួយរបស់កូដករជាសិទ្ធិរបស់ពួកគាត់។លោកបន្ថែមថា ភាគីទាំងពីរមានសិទ្ធិប្ដឹងទៅតុលាការរៀងៗខ្លួន។ យ៉ាងនេះក្តី ប្រធានសហព័ន្ធសហជីពកម្មកនិយោជិក វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា ការមិនអនុវត្តន៍ច្បាប់ការងារនៅកន្លែងធ្វើជាការ ជាការរំលោភលើអនុសញ្ញាពលកម្មអន្ដរជាតិដែលបានចុះអនុសញ្ញានៅឆ្នាំ១៩៩៨ និងប៉ះពាល់ដល់ការអនុវត្ដច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។ទាក់ទិននឹងករណីនេះលោកសូរ ប្លាតុង អភិបាលក្រុងសៀមរាបដែលជាអាជ្ញាធរមូលដ្ឋានមិនអាចសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី១៣នេះ ដោយសារហៅទូរស័ព្ទទៅលោកជាច្រើនដងតែគ្មានអ្នកទទួល៕
បុគ្គលិកមហោស្រពស្នាមញញឹមអង្គរ(កូអ៊ិច)តវ៉ា បណ្ដេញថៅកែជនជាតិចិនឲ្យចេញពីកម្ពុជា



0 Comments