Ad Code

កិច្ចពិភាក្សា​បម្រែបម្រួល​អាកាសធាតុ ​៖ ​ការ​បែក​បាក់​គ្នា​បាន​លាតត្រដាង​ ខណៈ​ក្រុម​មេដឹកនាំ​ធ្វើការ​លើ​កិច្ចព្រមព្រៀង

ខណៈ​ពេល​ដែល​កិច្ចពិភាក្សា​ស្ដីពី​កិច្ចព្រមព្រៀង​អាកាសធាតុ​សកល​បាន​ចូល​ដល់ពេល​ចុងក្រោយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ទីក្រុង​ប៉ារីស​នៅ​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​មកពី​១៩៥​ប្រទេស​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​និយាយ​ម្ដងម្នាក់​អំពី​ភាព​បន្ទាន់​នៃ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​សមរម្យ​ចំពោះ​គ្រប់​ភាគី​ទាំងអស់​។​



ប៉ុន្តែ​ការ​បែក​បាក់​ត្រូវ​បាន​លាតត្រដាង​ជាថ្មី​ម្តង​ទៀត ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស ​និង​បរិស្ថាន​ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​នៅ​ខាងក្រៅ​ទីក្រុង​ប៉ារីស ​បន្ទាប់ពី​អ្នកចរចា​ថ្នាក់ទាប​បាន​ប្រគល់​ពង្រាង​កិច្ចព្រមព្រៀង​មួយ​កាលពី​ចុង​សប្ដាហ៍​ស្ដីពី​បញ្ហា​សំខាន់ៗ​មួយចំនួន​នៅ​មិនទាន់​ដោះ​ស្រាយ​បាន​។​



រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Laurent Fabius បាន​និយាយ​នៅពេល​ពិធី​បើក​កិច្ចពិភាក្សា​អាកាស​ធាតុ​កម្រិត​ខ្ពស់​មួយ​ថា “​គោលបំណង​និង​តម្រូវការ​គឺ​ច្បាស់លាស់​។ យើង​ត្រូវការ​កិច្ចព្រមព្រៀង​អា​កាសធាតុ​ជា​សកល​មួយ​”​។​



ដោយឡែក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ​និង​ធនធានទឹក​សឹង្ហ​បុរី​លោក Masagos Zulkifli បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ជា​សកល​នៅក្នុង​កិច្ចព្រមព្រៀង​ថ្មី​នេះ​។​



លោក​បាន​និយាយ​ថា “​យើង​មិន​គួរ​មើលស្រាល​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង​ជាស​កល​ ដែល​ភ្ជាប់​គ្រប់​ភាគី​ទាំង​អស់​នៃ​អនុសញ្ញា (​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ​ឬ UNFCCC) ដើម្បី​អនុវត្ត​សកម្មភាព​អាកាសធាតុ​នោះ​ទេ​”​។​



រដ្ឋមន្ត្រីក្រសួង​នេះ​បាន​និយាយ​ថា ប្រទេស​សឹង្ហ​បុរី​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួ​ល​អាកាសធាតុ ​ហើយ​ថា​ សាធារណរដ្ឋ​មួយ​នេះ​បាន​សន្យា​នឹង​កាត់បន្ថយ​អាំងតង់ស៊ីតេ​ការ​បំភាយ​ឧស្ម័ន​៣៦​ភាគរយ​ពី​កម្រិត​ឆ្នាំ​២០០៥​នៅ​ឆ្នាំ​២០៣០។​



លោក Masagos បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​បីជា​ប្រទេស​សឹង្ហ​បុរី​ជា​អ្នក​បញ្ចេញ​តូច​មួយ (០,១១ ភាគ​រយ​នៃ​ការ​បំភាយ​ពិភពលោក​) ​ក៏ដោយ យើង​នឹង​បន្ត​ការ​រួម​ចំណែក​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​និង​ចែករំលែក​បទពិសោធន៍​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​យើង​។ លោក​បាន​បន្ត​ទៀត​ថា ប្រទេស​សិង្ហ​បុរី​បាន​បណ្តុះបណ្តាល​មន្ត្រី​ជិត ១១ ០០០ នាក់​មកពី​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​។​


“​វា​នឹង​ត្រូវការ​រយៈពេល​ច្រើន​សប្ដាហ៍​”

​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​នៅតែ​ត្រូវការ​ ដើម្បី​ដោះស្រាយ​រួម​ទាំង​ការទទួលខុសត្រូវ​របស់​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​។​



ឯកអគ្គរដ្ឋទូត​អាហ្វ្រិក​ខាងត្បូង Nozipho J Mxakato-Diseko ដែល​បាន​និយាយ​ក្នុងនាម​នៃ​ក្រុម​ប្រទេ​ស​កំពុង​អភិវឌ្ឍ​ចំនួន​៧៧​ និង​ប្រទេស​ចិន​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​ភាព​ច្បាស់លាស់​លើ​កម្រិត​នៃ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ច្រើនឡើង​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការផ្លាស់ប្ដូរ​អាកាសធាតុ​។​



ប្រទេស​ឥណ្ឌា​ និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំៗ​ផ្សេងទៀត​បាន​លើក​ឡើង​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​បាន​អះអាង​ថា ​បណ្ដា​ប្រទេស​អភិវ​ឌ្ឍ​ន៍​ត្រូវ​ទទួលខុស​ត្រូវជា​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​បង្កើន​កម្រិត​នៃ​កាបូនឌីអុកស៊ីត​នៅក្នុង​បរិយាកាស​៕


Today




កិច្ចពិភាក្សា​បម្រែបម្រួល​អាកាសធាតុ ​៖ ​ការ​បែក​បាក់​គ្នា​បាន​លាតត្រដាង​ ខណៈ​ក្រុម​មេដឹកនាំ​ធ្វើការ​លើ​កិច្ចព្រមព្រៀង

Post a Comment

0 Comments

Close Menu