ចិន ៖ មានរយៈពេល១០ឆ្នាំមកហើយ ចាប់តាំងពីអ្នកប្រមាញ់រថភ្លើង Train hunter អនុវត្តវិធីផ្ទាល់ខ្លួនក្នុងការចាប់ផ្ដើមធ្វើដំណើរលើចម្ងាយផ្លូវប្រវែង៣០០.០០០គីឡូម៉ែត្រ ស្វែងរកចុះក្នុងឯកសារនូវផ្លូវរត់ភ្លើងដ៏វែងបំផុតនៅលើផែនដីនេះ។
ប្រដាប់ដោយកាមេរ៉ាថតម៉ាក Nikon គួរឲ្យទុកចិត្ដរបស់ខ្លួននោះ លោក Wang Wei បានដើរកម្សាន្តនៅលើតំបន់ខ្ពង់រាបទីបេដ៏ត្រជាក់ និងនៅទូទាំងវាលខ្សាច់Gobi។
លោក Wang បានធ្វើដំណើរទៅកាន់កោះត្រូពិកមួយ នៅសមុទ្រចិនខាងត្បូង និងនៅព្រំដែនឆ្ងាយដាច់ស្រយាលរបស់ប្រទេសចិន ជាមួយប្រទេសប៉ាគីស្ថាន ដែលការធ្វើដំណើរនេះគឺដើម្បីបំពេញចិត្ដ ដែលកញ្ជ្រោលឡើងរបស់លោក ដើម្បីផ្ដិតយករូបភាពរថភ្លើងទាំងឡាយនោះ។ លោក Wang ក្នុងវ័យ២៤ឆ្នាំ បានកសាងរួចហើយនូវស្នាដៃផ្ទាល់ខ្លួនរបស់លោក ដោយការថតរូបរថភ្លើងបានរាប់រយពាន់សន្លឹក។
លោកបាននិយាយថា ខ្ញុំមិនដែលមានការហត់នឿយនោះទេ។ អ្នកក៏មិនចេះហត់នឿយដែរ ប្រសិនបើអ្នកធ្វើអ្វីមួយ ដែលអ្នកមានអារម្មណ៍ថា មានចំណង់ខ្លាំងពិតប្រាកដនោះ។ ក្នុងនាមជាអ្នកចូលចិត្ដប្រកបការងារថតរូបជាការកម្សាន្តលេខ១ របស់ប្រទេសចិននោះ លោក Wang បានធំដឹងក្ដីឡើងនៅក្នុងគ្រួសារមួយ ដែលមានផ្ទះនៅជាប់នឹងស្ថានីយរថភ្លើង Xizhimen នៅទីក្រុងប៉េកាំង និងបន្ដរស់នៅជាមួយឪពុកម្ដាយរបស់លោកជារៀងរហូតមក។ លោក Wang ជឿថា លោកបានកើតមក ព្រមជាមួយនឹងការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាផ្លូវដែក។
ជីតាទួតរបស់លោកគឺជាអ្នកបើករថភ្លើង ដែលធ្លាប់បានដឹកលោក Wu Peifu ជាមេបញ្ជាការសមរភូមិម្នាក់ ដែលធ្វើសកម្មភាពដ៏ក្លាហាននៅប្រទេសចិន នៅដើមសតវត្សទី២០ ហើយដែលទស្សនាវដ្ដី Time Magazine បានថតរូបកាត់ដាក់នៅលើក្របទស្សនាវដ្ដីរបស់ខ្លួន ដោយដាក់ចំណងជើងថា “បុរសខ្លាំងបំផុតនៅប្រទេសចិន”។
លោក Wang បានសារភាពថា “ខ្ញុំយល់ថា ខ្ញុំមានការស្រឡាញ់រថភ្លើងនៅក្នុងសន្ដានចិត្ដរបស់ខ្ញុំ។ ជញ្ជាំងបន្ទប់ដេករបស់លោកមានបិទរូបថតរថភ្លើងគ្រប់ប្រភេទមកពីទូទាំងប្រទេសចិន។
បេសកកម្មតាមប្រមាញ់រថភ្លើងរបស់លោក ដែលលោកបានចាប់ផ្ដើមជាផ្លូវការនៅក្នុងឆ្នាំ ២០០៥ បានកើតឡើងជួនគ្នាជាមួយនឹងការចាប់ផ្ដើមសាងសង់ផ្លូវដែកដ៏អស្ចារ្យបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រប្រទេសចិន ជាគម្រោងវិស្វកម្មដ៏ធំសម្បើមមួយ ដែលមនុស្សមួយចំនួនបានប្រៀបធៀបទៅនឹងការរីកចម្រើនផ្លូវដែក នៅក្នុងសតវត្សទី១៩នៅអាមេរិក ដែលបានជួយធ្វើឲ្យអាមេរិកក្លាយទៅជាប្រទេសសេដ្ឋកិច្ចនាំមុខគេនៅលើពិភពលោកនោះ។
នៅក្នុងឆ្នាំ២០០៦ ជាឆ្នាំបន្ទាប់ពីបេសកកម្មរបស់ លោក Wang បានចាប់ផ្ដើមនោះ ចិនបានបើកខ្សែផ្លូវដែកដ៏ខ្ពស់បំផុតនៅលើផែនដីនេះ ដោយបំពេញបាននៅទីបញ្ចប់នូវសុបិនរបស់លោក ម៉ៅ សេទុង នៅក្នុងការធ្វើសមាហរណកម្មទីបេ ជាមួយភាគកណ្ដាល និងភាគខាងកើតប្រទេសចិន។ ឆ្នាំបន្ទាប់មក ចិនបានបង្កើតជាថ្មីម្ដងទៀត ដោយចាប់ផ្ដើមធ្វើបដិវត្តផ្លូវដែករថភ្លើងល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារ សំដៅបង្ហាញពីវិទ្យាសាស្ត្រ និងអានុភាពនយោបាយគណបក្សកុម្មុយនិស្តចិន។
អ្នកជំនាញខាងដឹកជញ្ជូនមកពីសកលវិទ្យាល័យ Jiaotong នៅទីក្រុងប៉េកាំងបាននិយាយថា នៅក្នុងរយៈពេលតែ៧ឆ្នាំប៉ុណ្ណោះ ផ្លូវដែករថភ្លើងល្បឿនលឿនប្រវែង១៩០០០គីឡូម៉ែត្រ ប្រហែល ៥៥ភាគរយ នៃប្រវែងសរុបនៅលើពិភពលោកត្រូវបានសាងសង់។ អ្វីដែលពិភពលោកបានធ្វើក្នុងរយៈពេលពាក់កណ្ដាលសតវត្ស យើងបានធ្វើតែក្នុងរយៈពេល១០ឆ្នាំប៉ុណ្ណោះ៕
ចិន មានមហិច្ឆតាកសាងផ្លូវរថភ្លើងវែងជាងគេនៅលើផែនដី
0 Comments