Ad Code

ខេត្ត​ផ្សេង​ប្លន់​ខ្លាំង​ពេក ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​ពង្រឹង​សន្តិសុខ

បន្ទាយមានជ័យ ​៖ ​នៅ​យប់​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ​ឆ្នាំ​២០១៥​នេះ ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ពង្រឹង​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់​ជាពិសេស​ដាក់​កម្លាំង​ពង្រាយ​តាម​គោលដៅ​សំខាន់ៗ​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​អាជីវករ​លក់​មាស ដូរ​ប្រាក់​ និង​វេរ​ប្រាក់ ​ដែល​ជា​ចំណុច​ប្រឈម​សម្រាប់​ក្រុម​ចោរ​ប្លន់​ធ្វើ​សកម្មភាព។


ការ​រឹត​បន្តឹង​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​នេះ​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាស់តឿន​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្រោយពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​កក្រើក​មួយ​រយៈ​ចុងក្រោយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​អំពើ​ប្លន់​នោះ​ដែរ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្មីៗ​នេះ​ក៏​ធ្លាប់​មាន​ប្រសាសន៍​ព្រមាន​បកស័ក្ដិ ​និង​ដក​តំណែង​លោក​ស្នង​នគរបាល​៣​ខេត្ត​បើ​សិន​បង្ក្រាប​ចោរប្លន់​មិនបាន​ទេនោះ។ តាមរយៈ​នៃ​ការអនុវត្ត​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​កង​កម្លាំង​នគរបាល​បាន​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ជាប់ដៃ​ ដោយ​ប្រើប្រាស់​កម្លាំង​ល្បាត​តាម​រថយន្ត ម៉ូតូ​ និង​ដាក់​យាម​តាម​គោលដៅ​គ្រប់​ច្រក។ ការដាក់​ការពារ​ពង្រឹង​សន្តិសុខ​សមត្ថកិច្ច​ធ្វើឡើង​នៅ​ក្នុង​ទីប្រជុំជន​សំខាន់ៗ​នៅ​ក្រុង​ប៉ោយប៉ែត​ និង​ក្រុង​សិរីសោភ័ណ​ ដែល​មាន​មនុស្ស​កកកុញ​ ហើយ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួនទៀត​ក៏​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ​ដូចគ្នា​ផងដែរ​។​


សូមបញ្ជាក់ថា​ នៅ​ខេត្តបន្ទាយមានជ័យ​ក្រោយពី​មានការ​រឹត​បន្តឹង​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នគរបាល​គេ​សង្កេតឃើញថា​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​ និង​មាន​អារម្មណ៍​សប្បាយរីករាយ​នូវ​ការ​យកចិត្តទុកដាក់​នៃ​ការ​រក្សាសន្តិសុខ​បង្ការ​ទប់ស្កាត់​បទល្មើស​លួច​ឆក់​ប្លន់។​នៅពេលនេះ ខេត្តបន្ទាយមានជ័យ​ទោះបី​មិនទាន់​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ក៏ដោយ​ក៏ប៉ុន្តែ​វិធាន​ការ​បង្ការ​ទប់ស្កាត់​ត្រូវបាន​រឹត​បន្តឹង ​និង​ធ្វើឡើង​ជាប្រចាំ​ផងដែរ៕




ខេត្ត​ផ្សេង​ប្លន់​ខ្លាំង​ពេក ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​ពង្រឹង​សន្តិសុខ

Post a Comment

0 Comments

Close Menu