ភ្នំពេញ ៖ អ្នកចែកចាយថ្នាំញៀន និងអ្នករារាំងមិនឲ្យកម្លាំងចូលឆែកឆេរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់ផងដែរ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានប្រាប់មកថា កាលពីម៉ោង១និង២៥នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវ៨៦ (ច្រកចូលអូរតែលភ្នំពេញខាងជើង) សង្កាត់ស្រះចក កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(ម្នាក់ជាអ្នកចែកចាយគ្រឿងញៀន និងម្នាក់ទៀតជាអ្នករារាំងមិនឲ្យកម្លាំងចូលឆែកក្នុងផ្ទះ)ដែលពួកគេមានទី១.ឈ្មោះ គង់ ច័ន្ទដារា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារភ្នំពេញ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាម្ចាស់ថ្នាំ)។
ទី២.ឈ្មោះ ចាប សាមី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ(ជាអ្នករារាំងមិនឲ្យកម្លាំងចូលឆែកផ្ទះ)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌.ស ថ្លាចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃម៉ាកណូគាចំនួន០១គ្រឿងផងដែរ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
PMខណ្ឌដូនពេញឃាត់ខ្លួនអ្នករារាំង និងអ្នកចែកចាយថ្នាំញៀន២នាក់
0 Comments