ក្រុមបាល់ទាត់អាណាចក្របៃតង ឈ្នះជើងឯកពានរង្វាន់បាល់ទាត់មហាជនឈ្មោះថា Soccer League 2015 ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) នៅរសៀលថ្ងៃសៅរិ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ម្សិលមិញនេះលើទីលានពហុកីឡដ្ឋានជាតិ ក្រោយយកឈ្នះក្រុមក្រុមបាល់ទាត់យុវជនវ៉ិចតូរីអែហ្វស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ។
មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះក្រុមអាណាចក្របៃតង ជាជើងខ្លាំងមកពីពូល ជ ហើយបានយកឈ្នះក្រុម ស.ស.យ.ក ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣ ទល់ ២ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយបានបន្តយកឈ្នះក្រុម ហើយបានយកឈ្នះក្រុមយុវជនក្នុងបុព្វហេតុមាតុភូមិ ដោយលទ្ធផល ៦ ទល់ ១ ក្នុងវគ្គ១/៤ និងយកឈ្នះក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៩ ទល់ ៨។
ក្នុងនាមជាម្ចាស់ជើងឯកក្រុម អាណាចក្របៃតង ទទួលបានពាន១ មេដាយមាស២៥គ្រឿង និងទឹកប្រាក់ ១០លានរៀល ហើយក្រុមជើងឯករង វិចតូរីអែហ្វស៊ី ទទួលបានមេដាយប្រាក់២៥គ្រឿង និងទឹកប្រាក់៧លានរៀល និងក្រុម យុវជនក-១២ លេខ៣ យុវជនក-១២ ទទួលបានមេដាយសំរឹទ្ធ២៥គ្រឿង និងទឹកប្រាក់ ៥លានរៀល។
ក្នុងនោះដែរសម្រាប់ក្រុមលេង Fair Play បានទៅក្រុងយុវជនខេត្តកំពង់ចាមទទួលបានទឹកប្រាក់ ១លានរៀល ហើយកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ គឺកីឡាករ សេង សាំងរតនា របស់ក្រុមអាណាចក្របៃតង (រកបាន៩គ្រាប់) ទទួលបានប្រាក់ ១លានរៀល ហើយអ្នកចាំទីល្អជាងគេ បានទៅកីឡាករ នួន វាសនា របស់ក្រុមយុវជនក-១២ ទទួលបានប្រាក់១លានរៀល និងលោក ទុយ វិច្ឆិកា អាជ្ញាកណ្ដាល ដឹកនាំការប្រកួតផ្ដាច់ព្រ័ត្រទទួលបាន១លានរៀលផងដែរ។
ពានរង្វាន់ Soccer League 2015 ជុំទី២នេះគណៈកម្មការបានបែងចែកក្រុមដែលនៅសល់ចំនួន ៣២ ទៅជា ៨ពូល ក្នុងមួយពូលមាន៤ក្រុម ដើម្បីប្រកួតជម្រុះ រកក្រុមមានពិន្ទុច្រើន ជាងគេក្នុងពូលនីមួយៗ ឡើងទៅលេងវគ្គបន្ដ។ ការប្រកួតពានរង្វាន់ Soccer League 2015 នេះរៀបចំជាវគ្គជម្រុះបឋម និង វគ្គជម្រុះជុំផ្ដាច់ព្រ័ត្រ នៅ ៣ កីឡដ្ឋានផ្សេងៗគ្នា។ សម្រាប់ការប្រកួតជម្រុះវគ្គបឋមពីចាប់ផ្ដើមពីថ្ងៃទី ១ ដល់ ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ចំណែកវគ្គ៣២ ក្រុមចុងក្រោយដែលជាជុំជម្រុះផ្ដាច់ព្រ័ត្រចាប់ដំណើរការពីថ្ងៃទី ២១ វិច្ឆិកា ដល់ ២៦ ខែធ្នូ ឆ្នាំ ២០១៥៕
ក្រុមយុវជនអាណាចក្របៃតង ឈ្នះជើងឯកពានរង្វាន់ Soccer League 2015
0 Comments