មណ្ឌលគិរី ៖ បញ្ហារណ្តៅរ៉ែមាសខុសច្បាប់ នៅមណ្ឌលគិរីនៅតែជាចំណុចព្រួយបារម្ភដដែលគ្រាដែលចំណុចរសើបនេះ គេសង្ស័យថា មកពីមានការបិទបាំងរបស់ខេត្តនិងជំនាញទើបដំណើរការបានរលូនបែបនេះ។
តាមប្រភពពីក្រុមប្រជាពលរដ្ឋ និង មហាជននៅក្នុងតំបន់នេះនិយាយថា បើទោះបីច្បាប់បានអនុញ្ញាតដល់សហគមន៍ ឃុំចុងផ្លាស់អនុញ្ញាតឲ្យជីករណ្តៅពីមាត់ដីទៅក្រោមតែត្រឹម២០ម៉ែត្រប៉ុណ្ណោះ តែផ្ទុយទៅវិញរណ្តៅរ៉ែមាសជាច្រើនត្រូវបានគេជីក ខួង ប្រើប្រាស់គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែមានជំរៅជ្រៅៗរាប់រយម៉ែត្រស្ទើររញ្ជួយព្រះធរណីទីតាំងរណ្តៅរ៉ែមួយចំនួននៅក្នុងទីធ្លាវត្ត។ អាចប្រឈមទៅរកការបាក់ស្រុតទីវត្តអារាមទៀតផង តែខាងអាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៅខេត្តនេះនៅតែមើលរំលងបញ្ហាដ៏រសើបនេះ។
ករណីហ្នឹងសង្ស័យថា មានមន្ត្រីក្នុងអង្គភាពមានសមត្ថកិច្ចមួយចំនួនក្នុងខេត្តនេះរួមនឹងថ្នាក់ដឹកនាំកំពូលខេត្តនេះ មានការពាក់ព័ន្ធជាមួយរណ្តៅរ៉ែនេះ ទើបបានជាគ្មានចំណាត់ការបែបនេះ។ ប្រជាពលរដ្ឋបានបន្តទៀតថា រៀងរាល់ថ្ងៃពួកគាត់បានសម្តែងនៅការព្រួយបារម្ភអំពីស្នូរបំផ្ទុះគ្រាប់រំសេវសំរាប់បំបែកផ្ទាំងរ៉ែរង្គើព្រះធរណីគ្មានខ្លាចញញើតច្បាប់ដោយសារតែប្រយោជន៍ផ្ទាល់។
ប្រភពបានបន្ថែមទៀតថា ម្ចាស់រណ្តៅដែលមានជម្រៅជ្រៅៗនៅតំបន់នោះ មានឈ្មោះលោក លាត លឹមគុន ជាតួនាទីជាមេឃុំចុងផ្លាស់ លោកតែ គឹមសាន លោកលឹមជាប្រធានសហគមន៍ លោកឌី និងមានរណ្តៅមាសរបស់អ្នកធំកំពូលនៅខេត្តនេះភាគហ៊ុនជាមួយមន្ត្រីជាមេអង្គភាពមានសមត្ថកិច្ចមួយចំនួនទៀតផង។
ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា បច្ចុប្បន្ននេះការជីករណ្តៅរ៉ែមាសខុសច្បាប់បាននឹងកំពុងកើតមានព្រោងព្រាតនៅចំណុចអូរខ្វាវក្នុងទឹកស្រុកកែវសីមាយ៉ាងអនាធិបតេយ្យ ប្រើប្រាស់គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែ និងមានការប្រើប្រាស់សារធាតុគីមីសម្រាប់បម្លែងយកមាស ដែលសារធាតុនេះវាអាចធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សសត្វពាហនៈ សត្វព្រៃ ព្រៃឈើ។ល។ ម្ចាស់រណ្តៅនេះអាចមានការពាក់ព័ន្ធមន្ត្រីយោធានៅក្នុងវរៈអន្តរាគមន៍លេខ១ នៃតំបន់សឹករងមណ្ឌលគិរី។
ប្រជាពលរដ្ឋនិងមហាជនទូទាំងខេត្តស្នើឲ្យអាជ្ញាធរខេត្ត និង ជំនាញពាក់ព័ន្ធឲ្យជួយធ្វើការជួយស្រាវជ្រាវចាត់ការរឿងនេះផង។ ទាក់ទងករណីខាងលើនេះលោកតែ គឹមសាន ជាម្ចាស់រណ្តៅរ៉ែ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ចំពោះជនជាតិចិន និងជនជាតិវៀតណាមមានពិតប្រាកដមែនតែពួកគេមកធ្វើជាកម្មករជំនាញ រីឯខាងគ្រឿងបំផ្ទុះលោកមិនបានបរិយាយឡើយ។
លោកលាត លឹមគុនមេឃុំនៅទីនោះកំពុងធ្វើអាជីវកម្មផងដែរនោះមិនអាចទាក់សុំការបំភ្លឺបានទេថ្ងៃនេះ។ លោកអ៊ុន ឈានលឹម ប្រធានសហគមន៍រ៉ែមាសឃុំចុងផ្លាស់នៅថ្ងៃនេះលោកថា ជាប់រវល់។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលករណីនេះ លោកក៏មានការសង្ស័យថា អាចថៅកែរណ្តៅទាំងនោះធ្វើអាជីវកម្មខុសទៅនឹងច្បាប់ តែលោកបានបញ្ជាក់ថាគ្មាននរណាម្នាក់ហ៊ានចុះវាស់វែងនៅក្នុងរណ្តៅនោះទេ លោកបានបញ្ជាក់ចុងក្រោយថា បើសិនខាងមន្ត្រីជំនាញរបស់លោកធ្វើការស្រាវជ្រាវរកឃើញថា មានការធ្វើអាជីវកម្មខុសទៅនឹងច្បាប់អនុញ្ញាតលោកផ្ទាល់អាចធ្វើការលុបច្បាប់នេះចោល លោកបានបន្តថា នៅពេលខាងមុខឆាប់ៗនេះក្រុមគណៈកម្មការចំរុះរបស់ នឹងចុះទៅពិនិត្យនៅទីតាំងនោះហើយ។
មន្ត្រីសាលាខេត្តមណ្ឌលគិរីសូមមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា ករណីរ៉ែមាសនៅឃុំចុងផ្លាស់ជាញឹកញាប់គេតែងតែឃើញវត្តមានរបស់លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីព្រមទាំងមន្ត្រីជំនាញខាងមន្ទីររ៉ែ និង ថាមពលខេត្ត អញ្ជើញចុះទៅទីតាំងនោះតែពេលត្រឡប់មកវិញស្ងាត់សូន្យ។
លោកស្រីអាយស៊ី សុគន្ធារី អភិបាលរងខេត្តមណ្ឌលគិរី ទទួលបន្ទុករ៉ែថាមពលនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ បានបញ្ជាក់ប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានយើងថា គាត់មិនហ៊ានផ្តល់ព័ត៌មានបានទៀតទេ ខ្លាចភ្លាវសំដី ព្រោះរឿងនេះលោកស្រីធ្លាប់បានផ្តល់បទសម្ភាសន៍បញ្ហារ៉ែនេះប្រាប់ទៅការសែតផ្សេងហើយ។
លោកអេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៩ដដែល លោកប្រាប់ថា ជាប់រវល់ប្រជុំ។ ទាក់ទងខាងមន្ត្រីយោធារងការចោទប្រកាន់រឿងរណ្តៅរ៉ែមាសគ្មានច្បាប់នៅចំណុចអូរខ្វាវនោះ លោកឃិន ម៉េងស្រេងមេបញ្ជាការយោធាខេត្តលោកថា រាល់មន្ត្រីយោធាមួយចំនួនណានៅខេត្តនេះមានការពាក់ព័ន្ធជាមួយបទល្មើសផ្សេងៗសូមធ្វើការបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់៕
ករណីរណ្តៅរ៉ែមាសខុសច្បាប់ជាច្រើននៅមណ្ឌលគិរីដំណើរការបានរលូនសង្ស័យមកពីខេត្តធ្វើការបិទបាំង
0 Comments