Ad Code

បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ក៏​គ្មាន​សុខ​សន្តិភាព​នៅ​កម្ពុជា​ដែរ​

សៀមរាប ៖ ក្នុង​ឱកាស​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ធ្វើការ​ប្រារព្ធ​មិទ្ទិញ​អបអរសាទរ​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃ​ជ័យជំនះ​(៧​មករា១៩៧៩.២០១៦) កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន ហេង​ហេង​ ក្រុង​សៀមរាប​ មាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា របស់​សាខា​បក្ស ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ក្រោម​វត្តមាន​របស់​លោក កៅ សោ​ភណ្ឌ សមាជិក​គណៈ​អចិន្ត្រៃយ៍ គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ឃោសនាអប់រំ​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ ជា​សមាជិក​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត និង​សមាជិក សមាជិកា​សាខា អនុ​សាខា​បក្ស ចំណុះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ផង​ដែរ។​


ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក គឹម ប៉ុណ្ណា សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ធ្វើការ​គូស​បញ្ជាក់​ថា ការរៀបចំ​ពិធី​ជួបជុំ​នេះ​ឡើង ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មន្ត្រី​ជា​សមាជិក សមាជិកា​គណបក្ស​គ្រប់រូប សំខាន់​ចំពោះ​ស្រទាប់​យុវវ័យ​ឲ្យ​បាន​យល់ដឹង​អំពី​អត្ថន័យ ជា​ប្រវត្តិសាស្ត្រ ជ័យជំនះ​៧​មករា ចំពោះ​ជាតិ​មាតុភូមិ ព្រមទាំង​សមិទ្ធផល​ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេច​បាន​ក្នុង​រយៈពេល​៣៧​ឆ្នាំ​កន្លងមកនេះ។


ម្យ៉ាងទៀត​ក៏​ជា​ការ​រំលឹក​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​យុទ្ធជន យុទ្ធ​នារី និង​អ្នកស្នេហាជាតិ ដែល​បាន​ធ្វើ​ពលីកម្ម ក្នុង​ការ​សង្គ្រោះ​ជាតិ និង​ការពារ អភិវឌ្ឍ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។


មានប្រសាសន៍​សំណេះសំណាល​នោះ​ លោក​ កៅ​ សោ​ភណ្ឌ​ ក៏បាន​គូស​បញ្ជាក់​ថា រយៈ​ពេល​កន្លងទៅ​៣៧​ឆ្នាំ​មកនេះ ផ្តើម​ចេញពី​ជ័យជំនះ​៧​មករា ប្រជាជន​កម្ពុជា​បានសម្រេច​ផ្លាស់ប្ដូរ​សង្គម ដែល​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក មិន​នឹកស្មាន​ដល់​ថា ប្រទេស​កម្ពុជា បាន​ប្រែក្លាយ​ពី​វាល​ពិឃាដ ក្រោម​នយោបាយ​ដឹកនាំ​របស់​កម្ពុជា​ប្រជាធិបតេយ្យ និង​ពី​សង្គ្រាមរ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ និង​ការ​បែកបាក់​ជាតិ ការបែងចែក​ទឹកដី បាន​ក្លាយ​មក​ជា​ប្រទេស​មួយ​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ តាំងពី​បាតដៃ​ទទេ រហូត​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​បាន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន មាន​ភាព​ធូរធារ និង​មាន​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ឥត​ឈប់ឈរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។


លោក​ក៏បាន​បញ្ជាក់​ថា សមិទ្ធផល​ទាំងនេះ ក៏​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីរាជការ​យើង​ទាំងអស់​ដែល​បាន​ចូលរួម ដោយ​មិន​គិត​ពី​ការនឿយហត់​អ្វី​ឡើយ។ ដូច្នេះ​ស្មារតី​ថ្ងៃ​ជ័យជំនះ​៧​មករា គឺជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ចារិក​ទុក​នៅក្នុង​ក្រអៅបេះដូង​យើង​គ្រប់រូប ហើយក៏​គ្មាន​ពេលវេលា​ណាមួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បំភ្លេច​បានទេ នូវ​រាល់​សកម្មភាព​របស់​ម​ន្ត្រី​រាជការ​យើង ដែល​បាន​លះបង់​ពេលវេលា សតិបញ្ញា មនសិការ ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​នោះ​ឡើយ​។​


សមិទ្ធផល​ការងារ​របស់​មន្ត្រី​ទាំងអស់ ត្រូវ​បាន​ប្រមូលផ្ដុំ​ជា​ស្ពាន​ដ៏​រឹងមាំ​សម្រាប់​ឲ្យ​ធនធាន​មនុស្ស​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយៗ​ទៀត បន្ត​ធ្វើ​ដំណើរ​ក្នុង​មាគ៌ា​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​បំពេញភារកិច្ច​ការពារ​សមិទ្ធផល​៧​មករា​នោះ ​គឺ​កំណើត​ទី​២ នៃ​ប្រជាជាតិ​កម្ពុជា រួម​ទាំង​សន្តិភាព ​និង​ការអភិវឌ្ឍ ដោយ​គ្មាន​អ្នកណា​អាច​បដិសេធ​បានឡើយ ហើយ​បើ​គ្មាន​ថ្ងៃ​រដ្ឋប្រហារ​១៨​មីនា​ ក៏​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​ ហើយក៏​គ្មាន​ថ្ងៃ​៧​មករា ​បើ​គ្មាន​ថ្ងៃ​ជ័យជំនះ​៧​មករា​ ក៏​គ្មាន​ការ​បង្រួបបង្រួម​ជាតិ ហើយក៏​គ្មានអ្វីៗ​មកដល់​សព្វថ្ងៃ​នេះដែរ។ លោក កៅ សោ​ភណ្ឌ ក៏បាន​លើកឡើង​នូវ​ពី​តួនាទី ភារកិច្ច ដែល​សមាជិក​សមាជិកា​គ្រប់រូប​ត្រូវ​យក​ទៅ​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ។


ម្យ៉ាងទៀត​ការ​ជួបជុំ​ពិសា​របាយ​សាមគ្គី​នា​ពេល​នេះ ក៏​ជា​ការ​រំលឹក​នូវ​អនុស្សាវរីយ៍​ទាំងឡាយ ដែល​មន្ត្រី​យើង​គ្រប់រូប ដែល​បាន​ខិតខំ​តស៊ូ ពុះពារ​នូវ​គ្រប់​ឧបសគ្គ ក្នុង​ការ​កសាង អភិវឌ្ឍ​ប្រទេស ហើយក៏​ជា​ការ​បង្កើន​នូវ​ការ​សាមគ្គីភាព មិត្តភាព​ឲ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​មន្ត្រី ថ្នាក់ដឹកនាំ និង​បណ្តា​មន្ទីរ អង្គភាព​នានា ព្រមទាំង​បន្ត​នូវ​ប្រពៃណី នៃ​ការ​ជួបជុំ​នេះ​ឲ្យ​មាន​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ជា​គំរូ​ដល់​បណ្ដា​មន្ទីរ អង្គភាព​ផ្សេងៗ​ផង​ដែរ៕


Pisey-2016-01-10-full-B51


Pisey-2016-01-10-full-B55



បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ក៏​គ្មាន​សុខ​សន្តិភាព​នៅ​កម្ពុជា​ដែរ​

Post a Comment

0 Comments

Close Menu