កណ្ដាល ៖ យុវជនម្នាក់ ត្រូវបានជនរងគ្រោះម្ចាស់ម៉ូតូចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោយសារជនសង្ស័យរូបនេះប្រើល្បិចឆបោកយកម៉ូតូជនរងគ្រោះជាមិត្តភ័ក្ដិយកទៅបាត់សូន្យឈឹង លុះមកដល់ពេលនេះជនរងគ្រោះប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។
គេបានឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចអាហារដ្ឋានម្លប់ដូងត្រជាក់ចិត្ត ស្ថិតនៅក្នុងភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ កែវ វីរះ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនល្មើសមានឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ម៉ូតូ១គ្រឿងដែលជនសង្ស័យឆបោកយកទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DG.8927 លេខតួ និងលេខម៉ាស៊ីន9377767។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារជនសង្ស័យ និងជនរងគ្រោះជាមិត្តភ័ក្ដិនឹងគ្នា និងមិត្តភ័ក្ដិពីរបីនាក់ទៀតបាននាំគ្នាទៅផឹកស៊ីនៅកន្លែងកើតហេតុ នៅចំណុចអាហារដ្ឋានម្លប់ដូងត្រជាក់ចិត្ត លុះពេលផឹកស៊ីបានមួយសន្ទុះរួចមក ជនល្មើសបានប្រើល្បិចខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយប្រាប់ថា ជិះទៅឌុបបងមកផឹកស៊ីជាមួយគ្នាដែរ ពេលនោះជនរងគ្រោះក៏ព្រមឲ្យម៉ូតូខ្ចី។ ប្រភពបន្ដថា នៅពេលបានម៉ូតូហើយ ជនល្មើសបានជិះយកទៅបាត់ មិនយកមកឲ្យជនរងគ្រោះវិញនោះទេ។
ក្រោយពេលដឹងថាចាញ់បោកមិត្តភ័ក្ដិហើយនោះ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឆក់ឈើនាង និងបានធ្វើការតាមរកជនសង្ស័យចាប់ពីពេលនោះមក រហូតលុះដល់ល្ងាចថ្ងៃទី១៤ ខែមករានេះ ជនរងគ្រោះបានតាមរកជនល្មើសឃើញ និងបាននាំយកមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។
នៅពេលសមត្ថកិច្ចសួរនាំដេញដោលទើបដឹងថាជនសង្ស័យរូបនេះធ្លាប់បានបោកយកម៉ូតូគេអស់ចំនួន២គ្រឿងមកហើយ តែងតែគេចរួចពីសំណាញ់ច្បាប់ តែមកដល់ពេលនេះទើបអស់លក្ខណ៍៕
ឆបោកម៉ូតូមិត្តភ័ក្ដិបានជាង១០ថ្ងៃ ត្រូវបានចាប់ខ្លួន
0 Comments