Ad Code

ពេល​ជីក​ព្រែក​មួយ​រួច ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​នឹង​អាច​ជិះ​កាណូត​ទៅមក​បាន​ឆាប់រហ័ស​ជាង​មុន​

កំពង់ឆ្នាំង ​៖ « ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​កំពង់​លែង និង​អ្នក​ដែល​ចង់​ទៅលេង​ស្រុក​កំពង់​លែង នឹង​អាច​ធ្វើ​ដំណើរ​បាន​ទៅមក​បាន​ឆាប់​រហ័ស​ជាង​មុន​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៦​ខាងមុខនេះ ក្រោយពី​ការ​ជីក​ព្រែក​កាត់​ខ្នង​កោះ​ចំការ​ជាង​១​ពាន់​ម៉ែត្រ ជា​គម្រោង​របស់​ក្រសួង​សាធារណការ​បា​ន​បញ្ចប់ » លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​បែប​នេះ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ក្រោយពី​រាជរដ្ឋាភិបាល​បាន​លុបចោល​គម្រោង​សាង​សង់​ស្ពាន​ឆ្លងទន្លេ​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់​លែង​រួចមក​។​



លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ទៀត​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កំពង់​លែង បាន​ដាក់​សំណើ​សុំ​ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​សុំ​ជីក​ និង​បូម​ព្រែក​កាត់​ខ្នង​កោះ​ចំការ​មួយ​ជាង​១​ពាន់​ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​តាម​កាណូត​បាន​ឆាប់រហ័ស​ជាង​មុន​។ ក្រោយពី​ទទួល​បាន​នូវ​សំណូមពរ​នេះ​ភ្លាម សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ឲ្យ​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដាក់​គ្រឿងចក្រ និង​ម៉ាស៊ីនបូមដី​និង​ជីក​ព្រែក​កាត់​ខ្នង​កោះ​ចំការ​ ដែល​មាន​ប្រវែង​ជា​១​ពា​ន់​៣០០​ម៉ែត្រ ទទឹង​៦០​ម៉ែត្រ និង​ជម្រៅ​៩​ម៉ែត្រ​ភ្លាមៗ​ផង​ដែរ​។ ការ​ចំណាយ​នៅក្នុង​គម្រោង​នេះ គឺ​ជា​ថវិកា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ ហើយ​ត្រូវ​ប្រើ​រយៈពេល​ជីក​ប្រមាណ​ពី​៥​ទៅ​៦​ខែ​ទើប​អាច​ជីក​រួចរាល់។​

​ ​

លោក​បាន​បន្ត​ថា​ នៅពេល​ព្រែក​នេះ​ជីក​រួចរាល់​ហើយ​នោះ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅមក​ពី​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​កំពង់លែង​តែ​១៥​ទៅ​២០​នាទី​តែប៉ុណ្ណោះ ព្រោះ​ពេល​ជីក​ហើយ​មាន​ចម្ងាយ​ប្រមាណ​តែ​៤​គម ដែល​សព្វថ្ងៃ​គាត់​ត្រូវធ្វើ​ដំណើរ​តាម​កាណូត​វៀង​ចម្ងាយ​ប្រវែង​១៤​គម ដោយ​ប្រើ​ពេលវេលា​រហូតដល់​៤៥​នាទី​ទើប​ទៅដល់​។ ការ​ជីក​ព្រែកជីក​នេះ​បាន​ចាប់​ផ្តើម​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​អាច​បញ្ចប់​គម្រោង​នៅក្នុង​ខែមេសា ឆ្នាំ​២០១៦​ខាងមុខនេះ ដែល​ពេលនេះ​ធ្វើ​បាន​ប្រមាណ​២៥%​ហើយ​។​



អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ការ​ជីក​ព្រែក​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ធ្វើដំណើរ​ទៅមក និង​ការ​ដឹក​សម្ភារៈ​ផ្សេងៗ ជាពិសេស​គឺ​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាកសិករ​មកកាន់​ទីផ្សារ​បាន​ឆាប់​រហ័ស ចំណេញ​ទាំង​ពេលវេលា និង​ទាំង​ថវិកា​ទៀត​ផង​។ លើស​ពី​នេះ​ទៀត ក្រោយពេល​ជីក​ព្រែក​នេះ​រួច រាជរដ្ឋាភិបាល​នឹង​យក​សាឡង់​ចំនួន​២​គ្រឿង​ពី​កំពង់ចំឡង​អ្នក​លឿង មក​ដាក់​ចម្លង​ប្រជាព​ល​រដ្ឋ​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​កសិផល និង​ការ​ធ្វើដំណើរ​។​



ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់​លែង និង​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ពួកគាត់​មាន​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​នេះ គាត់​សង្ឃឹមថា នឹង​ទទួល​បាន​នូវ​ផល​ចំណេញ​ច្រើន​ ក្រោយ​ពេ​ល​ព្រែកជីក​នេះ​ជីក​រួច ហើយ​ពួកគាត់ ក៏​​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិ​បា​ល ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​៕


15-1-2016a




ពេល​ជីក​ព្រែក​មួយ​រួច ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​នឹង​អាច​ជិះ​កាណូត​ទៅមក​បាន​ឆាប់រហ័ស​ជាង​មុន​

Post a Comment

0 Comments

Close Menu