Ad Code

លួច​ទូក​ម៉ាស៊ីន​និង​ធុងបាស​គេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ

កំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បា​នសម្រេ​ច​ឃុំខ្លួន ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​លួច​ទូក​ម៉ាស៊ីន​និង​ធុងបាស​របស់​ប្រជាពលរដ្ឋ​កាលពី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នៅ ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខណៈ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅ​ស៊ីឈ្នួល​ធ្វើជា​កម្មករ​ឲ្យ​គេ​នៅ​ទីនោះ​បានតែ​៤​ថ្ងៃ​ប៉ុណ្ណោះ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ គោក ខុង អាយុ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​រំពារ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់​លែង និង​ម្នាក់ទៀត​ឈ្មោះ​គៀន សុជា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​គ្រួស ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង។


ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ទូក​ម៉ាស៊ីន​មានឈ្មោះ គូ អៀម អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី។


សមត្ថកិច្ច​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៨ ខែមករា​ជនសង្ស័យ​ទាំងពីរ​២​នាក់​បាន​ទៅ​ធ្វើ​ជា​កម្មករ​ឲ្យ​ឈ្មោះ គូ អៀម ជា​ម្ចាស់​ទូក ដោយ​សន្យា​ក្នុង​ម្នាក់ៗ​ឲ្យ​ប្រាក់ខែ​៦០​ម៉ឺន​រៀល​។ នៅ​ថ្ងៃ​កើតហេតុ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ទាំង​២នាក់​បាន​ទៅ​ផឹកស្រា នៅ​ចុង​ភូមិ ទោះជា​ម្ចាស់ផ្ទះ​ឈ្មោះ គូ អៀម ប្រើ​កូន​ឲ្យទៅ​ហៅ​មក​ហូបបាយ​ក៏​មិន​មក​ដែរ រហូត​ម៉ោង​៨​យប់​ទើប ទាំង​២​នាក់​បាន​ត្រឡប់មកវិញ​ដោយ បាន​ឡើងលើ​ផ្ទះ យក​កន្ទេល​មុង​រួច​សុំ​ម្ចាស់ផ្ទះ​ទៅ​ដេក​លើ​ផែ​ត្រី​មាត់ទន្លេ។


លុះដល់​ម៉ោងជាង​១០​យប់ ម្ចាស់ផ្ទះ​ចុះទៅ​មើល​មាត់ទឹក​មិនឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទេ​ឃើញ​តែ​ចង​មុង​ចោល​គ្មាន​មនុស្ស​ដេក ហើយក៏​ឃើញ​បាត់​ទូក​ម៉ាស៊ីន​១​គ្រឿង និង​ពេល​ត្រឡប់​ឡើងលើ​ផ្ទះ​វិញ​ឃើញ​បាត់​ធុងបាស​១​គ្រឿង​ទៀត ទើប​ទូរ​ស័ព្ទ​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តែម្តង។


ក្រោយពី​បាន​ទទួល​បណ្តឹង​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ថ្ងៃទី​១៣ ខែមករា ដោយ​ដកហូត​បាន​ទូក​បំពាក់​ម៉ាស៊ីន​១​គ្រឿង និង​ធុងបាស​១​គ្រឿង​ជា​ភស្តុតាង រួច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការ​នគ​របាល​ខេត្ត។ ដោយឡែក​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា​នេះ សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​នៅក្នុង​ពន្ធនាគារ​ខេត្ត​តែម្តង៕



លួច​ទូក​ម៉ាស៊ីន​និង​ធុងបាស​គេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ

Post a Comment

0 Comments

Close Menu