កណ្ដាល ៖ តៃកុងឡានស្ទើរភ្លើង វ័យក្មេងម្នាក់បើករថយន្តដឹកដីក្នុងល្បឿនលឿន រួចក៏បានជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹងពីក្រោយ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ២១ ចំណុចបង្គោលភ្លើង NR 329 ស្ថិតនៅក្នុងភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចចរាចរណ៍ស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១.ឈ្មោះអ៊ីងលី ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរអាចារ្យវត្ត និងទី២.ឈ្មោះ ទូច.ផន ភេទប្រុស អាយុ៧៣ឆ្នាំមុខរបរអាចារ្យវត្ត។ អ្នកទាំងពីរមានទីលំនៅភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់ទាំងពីរនាក់)។ ចំណែកឯម្ចាស់រថយន្តមានឈ្មោះ ហ៊ី ឃ្លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅៗ ភូមិពោធិអណ្ដែត ឃុំព្រែកស្តី ស្រុកកោះធំ (រត់គេចខ្លួន)។
សមត្ថកិច្ចចរាចរណ៍បានប្រាប់ឲ្យដឹងទៀតថា នៅវេលាម៉ោង១៥និង៣០នាទី មានរថយន្តបែនដឹកដីបើកបរក្នុងល្បឿនលឿន ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង(ជ្រៃធំ ទៅភ្នំពេញ) និង ម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តដឹកដី មិនប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុកចំពីក្រោយ ម៉ូតូ ហើយរុញកិនពីលើម៉ូតូធ្វើឲ្យអ្នកបើកម៉ូតូ និង អ្នករួមដំណើរ ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់ ឯម៉ូតូដួលក្បែរចិញ្ចើមផ្លូវ ត្រូវរថយន្ត បែនដឹកដីកិនពីលើខូចខាតអស់ស្ទើរទាំងស្រុង។ បន្ទាប់មកជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។ រីឯវត្ថុតាងមានរថយន្ត និងម៉ូតូកម្លាំងជំនាញ បានធ្វើការវាស់វែង រួចប្រមូលមធ្យោបាយ ដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
តាអាចារ្យពីរនាក់រងរបួសជាទម្ងន់ ដោយសាររថយន្តដឹកដីបើកបុកពីក្រោយ
0 Comments