កំពង់ធំ៖ បន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន បានអញ្ជើញចុះមកសួរសុខទុក្ខដល់យោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្មីកន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់គ្រែអីឡិចទ្រូនិក និងឧបករណ៍សម្រាប់ព្យាបាលជំងឺដល់យោធិន និងអតីតយុទ្ធជន។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៨ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជា បាននាំយកគ្រែបច្ចេកទេសពេទ្យចំនួន ០៧ គ្រឿង ឈើច្រត់ជនពិការចំនួន ០៥ គូរ និងសម្ភារៈឧបករណ៍ពេទ្យមួយចំនួនទៀត ដែលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមកប្រគល់ជូនគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបម្រើផលប្រយោជន៍ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ និងអតីតយុទ្ធជនកម្ពុជា ដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា នៅក្នុងគិលានដ្ឋាន គឺសម្រាប់ជួយព្យាបាលបម្រើដល់យោធិនក្នុងអង្គភាព ដល់បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានបញ្ហាខាងសុខភាព ដោយមិនគិតប្រាក់ រួមទាំងបានផ្តល់ជូននូវអាហារដល់អ្នកជំងឺ សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងអាចបន្តទៅមន្ទីរពេទ្យនៅភ្នំពេញទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានផ្តល់នូវឧបករណ៍ពេទ្យ គ្រែពេទ្យ និងសម្ភារព្យាបាល ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយព្យាបាលជូនយោធិន ក៏ដូចជាប្រជាពលរដ្ឋ និងអតីតយុទ្ធជនដែលមានជំងឺ ខ្ញុំនិងប្តេជ្ញាចិត្តព្យាបាលជូនបងប្អូន និងយោធិន ដោយមិនគិតប្រាក់កាស ហើយនិងមានអាហារជូន និងសូមជូនពរសម្តេចជួបប្រទះតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាំងឃ្លាតឡើយ។
លោក ហោ អូន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុទ្ធជនសម្តេចតេជោ ( ហៅកាត់ ស៊ីដា ) បានមានប្រសាសន៍ថា ជាកិត្តិយស់ណាស់ ដែលបាននាំយកសម្ភារៈពេទ្យមកប្រគល់ជូនដល់គិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជាការជំនួយដល់ផ្នែកបច្ចេកទេស ក្នុងការព្យាបាលដល់យោធិន និងពលរដ្ឋយើងដែលមានជីវភាពខ្វះខាត និងសូមអគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកមេបញ្ជាការ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងចិត្តកម្លាំងកាយ ដល់អង្គភាព និងដើម្បីសេចក្តីសុខរបស់ពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments