Ad Code

ផល​សោ​ភ័​ណ្ឌ​ និង​ឡៅ ចិ​ត្រា អ្នកណា​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៤​ទម្ងន់​៦៣,៥០០​គ​.​ក្រ​?



ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង ឡៅ ចិ​ត្រា​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៤​ទម្ងន់​៦៣,៥០០​គ​.​ក្រ នា​យប់​ថ្ងៃអាទិត្យ​ទី​២៧ ខែ​​ឧសភា​ ឆ្នាំ​២០១៨​នេះ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់​៦៣,៥០០​គ​.​ក្រ​នេះ មាន​អ្នក​ប្រដាល់​ខ្មែរ​៤​រូប និង​អ្នក​ប្រដាល់​ថៃ​៣​រូប​និង​ឡាវ​១​រូប​ចូលរួម ហើយ​ដែល​បាន​បើក​ការប្រកួត​តាំងពី​ថ្ងៃទី​១១​ ខែកុម្ភៈ​មក​នោះ បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ទី​២៧​ឧសភា ២០១៨​នេះ។

អ្នក​ដែល​ឈ្នះ​តំណែង​ជើងឯក​ខា​រ៉ា​បាវ​នេះ នឹង​ទទួលបាន​ទឹកប្រាក់​រង្វាន់​ចំនួន​៦០០០​ដុល្លារ​អាមេរិក ជើងឯក​រង​ទទួលបាន​៣០០០​ដុល្លារ​អាមេរិក។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ - ចាន់ ប៊ុន​លាភ​ក្លិប​និរោធ​មានជ័យ - ឡុង សំណាង​ក្លិប​សាល​វ័​ន្ត​កីឡា និង ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ទាំង​៣​រូប​វិញ មាន Ang Kann lek – Klakhunserk – Lekprtch និង ឡាវ Namphol។

ផល សោ​ភ័​ណ្ឌ គេ​ជាប់​លេខ​១ ឯ​ឡៅ ចិ​ត្រា គេ​ជាប់​លេខ​២​ក្នុងការ​ប្រកួត​ជម្រុះ​វិលជុំ​ចំនួន​៤​ប្រកួត​ម្នាក់ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កន្លងមកនេះ​។​

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ដោយសារតែ​ប្រវត្តិ​មិនដែល​ជួបគ្នា​នេះហើយ ធ្វើអោយ​ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ រវាង​ផល សោ​ភ័​ណ្ឌ និង ឡៅ ចិ​ត្រា នេះ ។

ផល សោ​ភ័​ណ្ឌ មាន​កណ្តាប់ដៃ​ល្អ ខ្លាំង រហ័ស ។ ចំណែក​កម្លាំង​កាយសម្បទា របស់គេ ក៏​រឹងមាំ​ដែរ។ តែបើ​ប្រៀបធៀប​ជាមួយ​ឡៅ ចិ​ត្រា សោ​ភ័​ណ្ឌ​ចាញ់​កម្ពស់ ចាញ់​ជង្គង់ កែង​ចិ​ត្រា ដាច់​តែម្តង។ ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែលមាន​ចិត្តស្ងប់ វ៉ៃ​មិនចេះ​ដកថយ​ទេ ។​ទោះបីជា​គេ​ពុំមាន​ផ្លែ​កណ្តាប់ដៃ​ល្អ​យ៉ាងណាក៏ដោយ ក៏​ពេល​ប្រកួត​ចិ​ត្រា​ដឹង​តែ​ពី​សំរុកចូល​ទៅរក​គូប្រកួត ដើម្បី​អុក​ជង្គង់ និង​វាយ​កែង ព្រោះ​គេ​មាន​ស្នៀត​ជង្គង់​កែង​ល្អ។ អ្នក​ដែល​ជួប​ប្រកួត​ជាមួយ ចិ​ត្រា សុទ្ធតែ​វេទនា​ខ្លួន​ហើយ។

ទោះជា​យ៉ាងណា រវាង​ផល សោ​ភ័​ណ្ឌ និង​ឡៅ ចិ​ត្រា នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ។ ត្បិត​ថា សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ជា​ម្ចាស់​ខ្សែក្រវាត់​និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ជាច្រើន​នាក់​មកហើយ។

ការប្រកួត​ចុងក្រោយ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ក្នុង​ទឹក​ទី​៤ ។ ចំណែក ការប្រកួត​ចុងក្រោយ​របស់​ឡៅ ចិ​ត្រា វិញ គឺ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Lekprtch ក្នុង​ទឹក​ទី​២។

ចាំមើល រវាង​ផល សោ​ភ័​ណ្ឌ និង ឡៅ ចិ​ត្រា នេះ តើន​រណា​ដែលជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៤ ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ ?។

ចំពោះ ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ដែល​ជាប់​លេខ​២​ក្នុង​ពូ​ល​ថៃ​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Lekprtch ដើម្បី​ដណ្តើម​ចំណាត់​លេខ​៣ ។ ប៊ុន​លាភ ធ្លាប់​ចាញ់ Lekprtch ម្តង​ហើយ​ក្នុងការ​ប្រកួត​ជម្រុះ​នោះ ។​ដូច្នេះ ការជួបគ្នា​លើក​នេះ មិនដឹងថា​ចាន់ ប៊ុន​លាភ អាច​យកឈ្នះ Lekprtch បាន​វិញ​ឬ​អត់​នោះទេ​? ។​

ជាមួយនឹង​គូ​ខ្សែក្រវាត់​នេះ ជ័រ ពៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Petch Ngenthong ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។ Petch Ngenthong គេ​ខ្លាំង​គួរសម​ដែរ គេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ច្រើនលើក​ហើយ​។​អ្នក​ប្រដាល់​ថៃ​នេះ បើ​ប្រៀប​ជាមួយ​ជ័រ ពៅ ប្រហែលជា​មិន​ចាញ់​ជ័រ ពៅ នោះឡើយ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​យើង​ម្នាក់នេះ នៅ​ខ្ចី​នៅឡើយ​ទាំង​ស្នៀតគុន ទាំង​បទពិសោធន៍​ប្រកួត រួមទាំង​កលល្បិច​ទៀតផង ។ តែ​យ៉ាងណា មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​ជ័រ ពៅ គេ​ក៏​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ដែរ ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ជ័រ ពៅ និង Petch Ngenthong នេះ ?៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu