អ្នកប្រដាល់ជើងខ្លាំងហ៊ឹម សារ៉ាន់ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវឡើងតស៊ូ ជាមួយអ្នកប្រដាល់អាមេរិកJustin នាព្រឹកថ្ងៃអាទិត្យទី ២៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅលើសង្វៀន Boo strong Fighter On Fire របស់SEA-TV ។
ហ៊ឹម សារ៉ានដែលកំពុងតែធ្លាក់ដុនដាបខ្លាំងនោះ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជនជាតិអាមេរិកហាត់នៅស្រុកថៃឈ្មោះJustin។ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។នេះជាការប្រកួតមួយ ដែលគេផ្ដល់ឱកាសឲ្យសារ៉ាន់ស្ដារកេរ្តិ៍ឈ្មោះដែលកំពុងតែបាត់បង់ ។សារ៉ាន់មានប្រវត្តិប្រកួតចំនួន៨៦ លើក ឈ្នះ៦៦ដង ចាញ់១៥ លើក និងស្មើពិន្ទុ ៥ លើក។ ចំពោះJustin វិញ គេទើបតែធ្លាប់ឡើងសង្វៀនប្រកួតបាន១៩ លើក ឈ្នះ១៥ លើក និង ចាញ់៤លើក។
ការប្រកួតមួយនេះ សារ៉ាន់គួរតែឈ្នះហើយ ព្រោះអាចនិយាយបានថា ជើងខ្លាំងនិងជាជើងចាស់ ប្រកួតជាមួយជើងថ្មីដែលទើបតែបានប៉ុន្មានដងនោះ តែបើចាញ់ទៀតគឺអន់ហើយ ។ទោះជាយ៉ាងនេះក្តី ហ៊ឹម សារ៉ាន់ ដែលមានកម្រិតសមត្ថភាពបច្ចេកទេសល្អនោះ គេប្រហែលជាមិនពិបាក ក្នុងការយកឈ្នះJustin នេះទេ ព្រោះអ្នកប្រដាល់កម្ពុជារូបនេះ ជាជើងចាស់និងធ្លាប់មានឈ្មោះល្បី នៅក្នុងប្រទេស។
ឌុម កែវដា អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ដែលមួយរយៈនេះយីអ៊ុនរបស់គេមិនសូវជាល្អនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak lekដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។
ដោយជួបបរាជ័យញឹកញាប់ពេកនោះ កែវដាត្រូវអ្នកផ្គូផ្គងរារែកចិត្ត ក្នុងការផ្ដល់ឱកាសឲ្យប្រកួតជាមួយបរទេស ។ធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបទំនងជាមានមោទនភាពជ្រុលទំនងជាមិនសូវចូលក្លិបដើម្បីហ្វឹកហាត់ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៩ លើក ឈ្នះ៦៩ លើក ចាញ់១៧ លើក និងស្មើពិន្ទុ ៣ លើក ។
Phayak lek គេជាអ្នកប្រដាល់មួយរូប ដែលមិនខ្សោយឡើយ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរ ហើយភាគច្រើនបានទទួលជ័យជំនះ ។អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន១០៧ លើក ឈ្នះ៧៩ លើក ចាញ់២៧ លើក និង ស្មើពិន្ទុ ១ លើក ។ ជំនួបមួយនេះនរណាជួបសំណាងល្អ ?។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា ឌុម កែវដាជួបសំណាងល្អនៅក្នុងការប្រកួតជាអ្នកប្រដាល់ថៃ Phayak lek នេះឡើយ ? ។ ចាំមើល ឌុម កែវដាអាចយកឈ្នះ Phayak lek បានឬអត់សម្រាប់ជំនួបលើកនេះ?។
ម៉ន សាម៉េត អ្នកប្រដាល់ជើងចាស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវជួបជាមួយអ្នកប្រដាល់ថៃជើងចាស់Phun Savath ដោយជួបប្រកួតក្នុងទម្ងន់៥៧គ.ក្រ ។ អ្នកប្រដាល់ថៃ រូបនេះ ធ្លាប់មកប្រកួតនៅកម្ពុជាច្រើនដងហើយ។
ខ្លាចាស់ Phun Savath គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់បំបាក់ជើងខ្លាំងកម្ពុជាបានមិនតិចនាក់នោះទេ តែគេបាត់មុខពីសង្វៀនស្រុកខ្មែរមួយរយៈហើយ ។អ្នកប្រដាល់ជើងចាស់រូបនេះប្រកួតដោយប្រើកលល្បិចច្រើនជាងប្រើកម្លាំង។
Phun Savath មានប្រវត្តិប្រកួតចំនួន៨៤លើក ឈ្នះ៧៤លើក ចាញ់១០លើក ។ ចំពោះអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតវិញគេមានប្រវត្តិប្រកួតចំនួន១៣៥លើក ឈ្នះ១០០លើក ចាញ់៣០លើក និងស្មើពិន្ទុ ៥ លើក។ សាម៉េតអាចតស៊ូជាមួយអ្នកប្រដាល់ជើងចាស់ថៃរូបនេះបានឬទេ ? ។ការប្រកួតចុងក្រោយរបស់សាម៉េត គឺវាយឈ្នះអ្នកប្រដាល់ថៃ Kamlay Youk ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments