ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកIto Mimpei ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាកាលសិក្សាមូលដ្ឋានគំរោងអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយ លូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។
ការចុះហត្ថលេខានេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌ និងមន្ទីរជំនាញ់ពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងកំណត់ហេតុបានបញ្ជាក់ថា ៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ចេញនូវការសិក្សាមូលដ្ឋានសំរាប់គំរោងអភិវឌ្ឍន៏ប្រព័ន្ធប្រឡាយ លូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដោយបានប្រគល់ការសិក្សាគម្រោងនេះទៅអោយJICAជាអ្នកអនុវត្ត។
អង្គការJICA បានបញ្ជូនក្រុមត្រៀមសិក្សាសម្រាប់គំរូគម្រោងមកកាន់ប្រទេសកម្ពុជា ដែលដឹកនាំអនុវត្តដោយលោកបណ្ឌិត អិតូមិម ប៉េអិ ប្រធានក្រុមការងារគ្រប់គ្រងបរិស្ថានសាកល និងក្រុមការងារប្រចាំនៅកម្ពុជាដោយចាប់សិក្សាពីថ្ងៃទី២២ដល់ថ្ងៃទី២៥ឧសភា។
ក្រុមការងារ បានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា និងបានដាក់ចេញជាការចុះស្រាវជ្រាវទាមទីតាំងរបស់គម្រោង។ បន្ទាប់ពីបញ្ចប់ការសិក្សា រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមបេសកកម្មចំនួន៣ក្រុមដើម្បីការប្រមូលរាល់ទិន្នន័យ ដែលពាក់ព័ន្ធ ក្នុងនោះក្រុមបេសកកម្មរបស់JICA សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំឯកសារសម្រាប់ឈានទៅដល់ការអនុម័តផ្តល់ជំនួយលើគម្រោងនេះពីរាជរដ្ឋាភិបាលជប៉ុន។
គោលបំណងរបស់គម្រោងនេះ គឺដើម្បីកាត់បន្ថយជាអប្បបរមានូវបន្ទុកនៃការបំពុលទឹកក្នុងបឹងជើងឯកតាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំអុយថ្មី ដែលនឹងរួមចំណែកការពារ កែលម្អទឹកអនាម័យនឹងបរិស្ថាននៅបឹងជើងឯក៕
Source: Kampuchea Thmey Daily
0 Comments