ភ្នំពេញ ៖ មហាជនទូទៅពិតជាបានដឹងច្បាស់ហើយថា តារាចម្រៀង និងគ្រប់គ្រងទូទៅរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ អំឡុងមួយរយៈពេលចុងក្រោយនេះ ហាក់កំពុងជួបទុក្ខឥតស្រាកស្រាន្តនោះឡើយ បន្ទាប់ពីលោកឪពុកជាទីស្រឡាញ់ បានធ្លាក់ខ្លួនឈឺធ្ងន់ជិត១ឆ្នាំហើយនោះ។
ជារឿយៗគេសង្កេតឃើញលោក ករុណា ពេជ្រ តែងបង្ហាញពីអារម្មណ៍សោកសៅ ហើយស្វះស្វែងគ្រប់វិធីដើម្បីស្វែងរកការសង្គ្រោះជីវិតលោកមានគុណ(ឪពុក)។ ប៉ុន្តែគិតមកទល់ពេលនេះគឺអាការៈជំងឺឪពុករបស់លោក ករុណា ពេជ្រ ហាក់មិនទាន់មានសភាពប្រសើរឡើងវិញដូចដើមនោះទេ ដែលកត្តានេះហើយ ទើបធ្វើឲ្យលោក ករុណា ពេជ្រ កាន់តែមានក្តីព្រួយបារម្ភចំពោះសុខភាពឪពុកខ្លួន។
ទន្ទឹមគ្នាដែលអាការៈជំងឺលោកឪពុកមិនទាន់មានសភាពវិលត្រឡប់ដូចដើមនេះដែរ តារាចម្រៀងលោក ករុណា ពេជ្រ ថ្មីៗនេះ បានប្រកាសផ្អាកការទទួលចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីមួយចំនួន ខណៈលោកនិយាយថា ទុកពេលដើម្បីមើលថែ និងនៅក្បែរលោកឪពុករបស់ខ្លួន ដែលកំពុងតែសម្រាកព្យាបាលជំងឺឯមន្ទីរពេទ្យ។
ការប្រកាសរបស់លោក ករុណា ពេជ្រ ខាងលើនេះដែរ ភ្លាមៗនោះក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយបានសម្រង់សម្តីយកទៅសរសេរចុះផ្សាយដោយបានដាក់ចំណងជើងថា ជួបទុក្ខផ្ទួនៗធ្វើតារាចម្រៀងប្រុសលោក ករុណា ពេជ្រ មិនទទួលការហៅច្រៀង។ ត្រឹមតែចំណងជើងនេះក៏ស្រាប់តែមានម្ចាស់Account Facebook មួយមានឈ្មោះថា ម៉ាស្សាបុរសពិត បានសរសេរប្រមាថដោយខ្លីថាងាប់ទៅ។
ដោយសារឈទ្រាំមើលការប្រមាថនេះពុំបានអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានចេញមុខតបទៅវិញថា ជ្រុលហើយ គ្នាកំពុងមានទុក្ខ តិចកម្មពៀរធ្លាក់លើគ្រួសារប្អូនវិញ ឱមនុស្សលោកយើងអើយ។ ទោះបីជាយ៉ាងនេះក្តីគិតមកទល់ពេលនេះគេពុំទាន់ឃើញមានការបញ្ចេញប្រតិកម្មឆ្លើយតបណាមួយពីតារាចម្រៀងប្រុសលោក ករុណា ពេជ្រ លើករណីនេះនៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments