កំពង់ចាម ៖ ដើម្បីបង្កើនភាពស្និទ្ធស្នាល ជាមួយនឹងបងប្អូនជាអ្នកបើកបររថយន្តដឹកកម្មករ កម្មការិនីតាមរោងចក្រនានានៅក្នុងខេត្តកំពង់ចាម លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល និងផ្ដល់ជាការណែនាំដល់ពួកគាត់ចំនួន៤ចំណុចយកទៅអនុវត្ត អោយក្លាយជាពលរដ្ឋល្អ ក្នុងសង្គម។
ការជួបសំណេះសំណាលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុង ភោជនីយដ្ឋានពិភពច័ន្ទ៦៨ នៅភូមិ ឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោក គួច ចំរើន ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះបងប្អូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី ដោយកន្លងមកនេះ បានបង្កភាពងាយស្រួល ដល់ពួកគាត់ជាកម្មករ ក្នុងការដឹកជញ្ជូនមកកាន់កន្លែងធ្វើការទាន់ពេលវេលា។
ក្រៅពីការដឹងគុណហើយនោះ លោក គួច ចំរើន ក៏បានផ្ដាំផ្ញើដល់បងប្អូនអ្នកបើកបរឡានដឹកកម្មករ ចំនួន ៤ចំណុចសំខាន់ យកទៅអនុវត្ត ក្នុងនោះ រួមមានចំណុចទី១ ប្រសិនបើ មានការខ្ចីលុយពីធនាគារត្រូវជ្រើសរើស ធនាគារណាដែលមានអត្រាការប្រាក់ទាប។ ចំណុចនេះ សូមបងប្អូនត្រូវមានការសម្រេចចិត្តអោយបានត្រឹមត្រូវ ដើម្បីកុំអោយមានបញ្ហាក្នុងជីវភាពរបស់ខ្លួនដោយសារតែការខ្ចីលុយធនាគារ ព្រោះធនាគារខ្លះមានអត្រាការប្រាក់ខ្ពស់។ ចំណុចទី ២ សូមមេត្តាកុំពិសាស្រានៅពេលបើកបរ។ រយៈពេលកន្លងមកនេះខេត្តកំពង់ចាម កំពុងតែមានអត្រាខ្ពស់ នៃអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍។ ចំណុចទី ៣ សូមកុំប្រើប្រាស់ គ្រឿងញៀនឲ្យសោះ ដោយបច្ចុប្បន្ននេះគ្រឿងញៀនកំពុងតែបំផ្លិចបំផ្លាញយុវជន ដែលជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។ ដោយឡែកបងប្អូនជាអ្នកបើកបររថយន្តធំ កន្លងមាន អ្នកប្រើប្រាស់គ្រឿងញៀន ដែលប៉ះពាល់យ៉ាងធ្ងន់ក្នុងពេលបើកបរ អាចនឹងបង្ករគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរ។ ចំណុចទី ៤ ជាចំណុចសំខាន់នោះគឺបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំដែលអភិវឌ្ឍន៍ប្រទេសអោយបានរីកចម្រើន និងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ យើងទាំងអស់គ្នា ហើយគណបក្សនយោបាយនៅក្នុងអាណត្តិនៅមានចំនួន ២០ គណបក្ស បងប្អូនអាចជ្រើសរើសដោយគ្មានការបង្ខិតបង្ខំ។
ក្រោយពីបញ្ចប់ពិធី សំណេះសំណាលហើយ លោកអភិបាលខេត្ត បានប្រគល់ថវិកាដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករចំនួន ៤១០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments