Ad Code

ដំឡូងដៃខ្លា ជា​ដំណាំ​ប្រពៃណី​ ដែល​បាន​លើកកម្ពស់​ជីវភាព​របស់​អ្នកភូមិ​ពាម​ បាន​យ៉ាង​ប្រសើរ



សៀមរាប ​៖ ​ដំឡូងដៃខ្លា ជា​ប្រភេទ​រុក្ខជាតិ​វល្លិ ស្លឹក​មាន​សណ្ឋាន​ដូច​ស្លឹក​ម្លូ ​និង​មាន​មើម​តូច​ធំ​ទៅតាម​ប្រភេទ​ពូជ​។ ប្រភេទ​ដំឡូង​នេះ​ ជា​ដំណាំ​ប្រពៃណី​របស់​អ្នកភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ដែល​ដាំ​តកូនតចៅ​ច្រើន​តំណ​មកហើយ ជា​លក្ខណៈ​គ្រួសារ​ផង​និង​សម្រាប់​លក់ដូរ​ផង​។ បច្ចុប្បន្ន​ប្រជាជន​មួយចំនួនធំ​ក្នុងភូមិ​បាន​ពង្រីក​ការដាំដុះ​ច្រើនជាង​មុន ព្រោះ​លក់​បាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ ហើយ​ងាយស្រួល​ថែទាំ​ទៀត​។​

​ទាក់ទង​នឹង​ការដាំដុះ ពី​ដើមឡើយ​រហូតមកដល់​ពេលនេះ អ្នកភូមិ​ភាគច្រើន​នៅតែ​បន្ត​ធ្វើតាម​ទម្លាប់​ពី​បរម​បុរាណ​។ ដោយ​ស្រប​នឹង​គោលការណ៍​អភិរក្ស​វប្បធម៌​ប្រពៃណី​ក្នុងការ​រស់នៅ ការលើកស្ទួយ​កម្រិតជីវភាព និង​ចង់​ឲ្យ​ប្រជាជន​ក្នុង​តំបន់​អង្គរ​រក្សា​នូវ​ដំណាំ​មរតក​របស់ខ្លួន​។ អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​គម្រោង ACHA បាន​សហការ​ជាមួយ​អង្គការ IDE (In Partnership Promoting Agribusiness) កំពុង​យកចិត្តទុកដាក់​បង្រៀន​ និង​ឲ្យ​អ្នកភូមិ​សាកល្បង​ដាំ​តាម​បច្ចេកទេស​ថ្មី​ដែល​ងាយស្រួល ចំណាយ​កម្លាំង ទុន និង​សម្ភារៈ​តិចជាង​មុន តែ​ទទួលបាន​ទិន្នផល​ច្រើនជាង​ដាំ​តាម​ទម្លាប់​បុរាណ​។​

អ្នក​មីង ផាត គន់ កសិករ​គំរូ​នៅ​ភូមិ​ពាម មានប្រសាសន៍ថា គាត់​ដាំដំឡូង​ដៃខ្លា​តាម​ទម្លាប់​បុរាណ​ជាង​២០​ឆ្នាំ​មកហើយ ពោលគឺ​ត​ពី​ម្តាយ​ឪពុក​របស់គាត់​។ ដំឡូង​នេះ​មួយ​រដូវ​ដាំ​បានតែ​ម្តង​ទេ គឺ​ចាប់ពី​ក្រោយ​ចូលឆ្នាំ​ហើយ (​ខែ​ពិសាខ​ឬ​ខែជេស្ឋ​)​។ ម្យ៉ាងទៀត​ដំណាំ​ដំឡូង​នេះ ងាយស្រួល​ដាំ​ដុះ មិនត្រូវ​ការ​ទឹក​ច្រើន មិន​ចំណាយ​ទុន​ច្រើន ឆាប់​បាន​ផល វា​មិន​ទាមទារ​កម្លាំង​ច្រើន​ក្នុងការ​ថែទាំ ស្រីៗ​ក៏​អាច​ធ្វើបាន​និង​ងាយស្រួល​លក់​លើ​ទីផ្សារ​។ ចំពោះ​មើម​ឆៅ​លក់​ចេញ​៣៥០០​រៀល​/​គីឡូ ចំណែក​ឆ្អិន​បាន​៥០០០​រៀល​/​គីឡូ ហើយ​ពេលខ្លះ​វា​អាច​ថ្លៃ​ជាង​នេះ​ក៏មាន​។ រីឯ​នៅ​ឆ្នាំនេះ​អ្នក​មីង​បាន​ដាំដំឡូង​ដៃខ្លា​នេះ​តាម​ទម្លាប់​និង​តាម​បច្ចេកទេស​ថ្មី ដែល​អង្គការ IDE បង្រៀន​។​

​អ្នក​មីង​បាន​រៀបរាប់​បន្តថា ការដាំ​តាម​ទម្លាប់​ពី​ដូនតា គឺ​គ្រាន់តែ​ជីករណ្តៅ​ជម្រៅ​៣​តឹក​ទៅ​ក្រោម ហើយ​ដុត​សំរាម​ទ្រាប់​បាត រួច​ជ្រួយ​ដី​បាត​ឲ្យ​ស្អាត បន្ទាប់មក​ដាក់​ពូជ​មើមដំឡូង​កប់​ដី ស្រោច​ទឹកជា​ការ​ស្រេច​។ បន្ទាប់ពី​ដំឡូង​ដុះ​លូតលាស់​បោះដៃ​បាន​សមល្មម ត្រូវយក​កូនឈើ​មាំ​ល្មម​មក​ធ្វើ​ទ្រើង​ដើម្បី​ឲ្យ​ដំឡូង​វារ​តោង​ឡើង លុះ​រយៈពេល​ចំនួន​៦​ខែ អាច​ប្រមូល​ផល​បាន​ហើយ​។ ចំពោះ​ការថែទាំ​ក្នុងពេល​កំពុង​លូតលាស់ យើង​គ្រាន់តែ​បោចស្មៅ​កុំ​ឲ្យ​វា​ឡើង​គ្រប​លើគ​ល់ហើយ​ស្រោច​ទឹក​៤​ឬ​៥​ដង​ក្នុង​មួយខែ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់ និង​ជ្រួយដី​ពូន​គល់​វា​ឲ្យ​ខ្ពស់​។ ដំឡូង​នេះ​មិន​រើស​ដី​ទេ វាទ​ទួលបាន​ផល​ទៅតាម​របប​ទឹកភ្លៀង កាលណា​បើ​ភ្លៀង​ធ្លាក់​ច្រើន​បណ្តាល​ឲ្យ​ដី​ហាប់ មើម​ចុះ​តិច និង​មិនសូវ​ធំ តែបើ​ភ្លៀង​ធ្លាក់​សមល្មម ដី​ផុស​ល្អ នឹង​ទទួលបាន​ផល​ច្រើន​។ កសិករ​ខ្លួនឯង​អាច​មើល​ដឹងថា​ដំឡូង​នឹង​ទទួលបាន​ទិន្នផល​តិច​ឬ​ច្រើន​ដោយ​សង្កេត​ទៅលើ​ស្លឹក បើ​ស្លឹក​ដំឡូង​ធំ​បញ្ជាក់ថា​ដំឡូង​មើម​ល្អ តែបើ​ស្លឹក​ល្អិតៗ​នោះ​ដំឡូង​មើម​តូចៗ​។ ក្នុង​ការដាំ ផល​លំបាក​គឺ​កាប់​ដី​ធ្វើ​រោង​ដាំ ហើយ​ចំណាយ​តែ​លុយ​ទិញ​ទ្រើង​ប៉ុណ្ណោះ តែ​ងាយស្រួល​ថែ​និង​មិនសូវមាន​ជំងឺ​ឡើយ​។​

​បើទោះបី​មិនទាន់​ដឹងថា​ទិន្នផល​ដាំ​តាមបែប​បច្ចេកទេស​ខុសប្លែក​ពី​ការដាំ​តាម​ទម្លាប់​យ៉ាងណា តែ​អ្នក​មីង ផាត គន់ ឲ្យ​ដឹងថា ការដាំ​តាម​បច្ចេកទេស គឺ​ងាយស្រួល​ជាង ចំណាយ​កម្លាំង​តិច កាត់បន្ថយ​បង្គោល​ឈើ​បាន​ច្រើន ចំណាយ​ការទិញ​សម្ភារៈ​តិច ហើយ​សម្ភារៈ​មួយចំនួន​ក៏មាន​ការជួយឧបត្ថម្ភ​ពី​អង្គការ​និង​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ ដូចជា​ទ្រើង សំណាញ់​ស្បៃ និង​ជី ហើយ​របៀប​ដាំ​ងាយៗ​។ អ្នក​មីង​បញ្ជាក់ថា​ការ​នៅ​បន្ត​ដាំ​ដំណាំ​នេះ​ដល់​សព្វថ្ងៃ ព្រោះ​ផល​ដំឡូង​មាន​ទីផ្សារ អាច​លក់ដូរ និង​បាន​លើកស្ទួយ​ជីវភាព​គ្រួសារ​កាន់តែ​ល្អប្រសើរ​ជាង​មុន និង​មិនបាច់​នឿយហត់​ក្នុង​ការដាំដុះ ហើយ​ចង់​រក្សា​ដំណាំ​ពី​ម្តាយ​នេះ​ឲ្យ​គង់វង្ស​ផងដែរ​។​

​លោក ឡា​ច វី​យូ​រ៉ា បុគ្គលិក​បច្ចេកទេស​នៃ​គម្រោង ACHA ឲ្យ​ដឹងថា នៅ​ឃុំ​ដូន​កែវ ដំឡូងដៃខ្លា​ត្រូវបាន​ប្រជាជន​ដាំ​តាំងពី​ដូនតា​មកហើយ​។ ដូច្នេះ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកភូមិ​ឲ្យ​រក្សា​នូវ​ដំណាំ​នេះ​បន្ត​និង​ក្នុងន័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ហើយ​ស្របតាម​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ផង​នោះ យើង​បានផ្តល់​បច្ចេកទេស​បន្ថែ​ម​ក្នុងការ​ដាំដំឡូង​ដល់​អ្នកភូមិ​ដើម្បី​ឲ្យ​ទិន្នផល​បាន​ប្រសើរ​ជាង​មុន​។

​លោក​បន្តថា ការដាំ​តាម​បច្ចេកទេស គឺ​ងាយស្រួល​ជាង ចំណាយ​កម្លាំង និង​ថវិកា​ទិញ​សម្ភារៈ​តិចជាង​ដាំ​តាម​ទម្លាប់ ដោយ​គ្រាន់តែ​ដុត​សំរាម​ឬ​អង្កាម​ដាក់​នៅ​កន្លែង​រោង​មុន​ដាំ រួចហើយ​កប់​ដី ស្រោច​ទុកជា​ការ​ស្រេច​។ គួរ​បញ្ជាក់ដែរថា ដំឡូង​នេះ​ត្រូវការ​ជាតិ​អំបិល​ច្រើន ដូច្នេះ​ការដុត​អង្កាម ហើយ​ដាក់​ជី​កំបោរ​កសិកម្ម គឺ​ល្អ​បំផុត ព្រោះ​វា​ជួយ​សម្លាប់​មេរោគ​និង​ដី​មាន​ជីវជាតិ ធ្វើ​ឲ្យ​មើម​ចុះ​ធំ​។ លុះ​ពេល​វា​ធំ​ល្មម ចាប់ផ្តើម​ពូនដី​ឲ្យ​ខ្ពស់​ពីរ​បី​ដង រហូតដល់​៦​ខែ​ប្រមូល​ផលបាន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu