ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំមួយចំនួនទៀត កាលពីថ្ងៃសុក្រ ទី១៥ មិថុនា បានអញ្ជើញ ពិនិត្យ លទ្ធផលនៃការអនុវត្តគម្រោងស្តីពីការអភិវឌ្ឍកសិកម្ម និងជំរុញកំណើន សេដ្ឋកិច្ច ដែលគម្រោងនេះទទួលបានថវិកាបដិភាគពីរាជ រដ្ឋាភិបាលកម្ពុជានិងអង្គការ IFAD។
ក្រសួង កសិកម្មបានឲ្យដឹងថា បន្ទាប់ពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី រួចមក លោក រដ្ឋមន្ត្រី និងសហការី បានបន្តដំណើរឆ្ពោះទៅពិនិត្យ លទ្ធផលនៃការអនុវត្តគម្រោងស្តីពីការអភិវឌ្ឍកសិកម្ម និងជំរុញកំណើន សេដ្ឋកិច្ច ដែលគម្រោងនេះទទួលបានថវិកាបដិភាគពីរាជ រដ្ឋាភិបាលកម្ពុជានិងអង្គការ IFAD នៅភូមិពន្លឺ ឃុំជំរះពេនស្រុកសំរោង ខេត្តតាកែវ។
បងស្រី ខាត់ សាអែម ម្ចាស់ចម្ការដំណាំត្រសក់ទ្រើង បានឲ្យដឹងថា បច្ចុប្បន្នសមាជិកសហគមន៍ ពន្លឺថ្មីកំពុងដាំត្រសក់ សណ្ដែកកួរ និងត្រឡាច ដែលអាចរកចំណូលគ្រួសារបាន ៥ ទៅ ៦ លាន រៀលក្នុង១ ឆ្នាំ ក្រោយពេលទូទាត់ថ្លៃដើមផលិត។ ផលិតផល ត្រូវបានប្រមូលផ្តុំឈ្មោះថាសាខា ប្រមូលបន្លែលាស់ថ្មី រួចបែងចែកទៅទីផ្សារជិតឆ្ងាយ។ ទទួលបានផលល្អ មានចំណូលគ្រួសារសមរម្យ បងស្រីបានជម្រាបរដ្ឋមន្ត្រីថា ប្រជាកសិករក្នុងភូមិឈប់ធ្វើចំណាកស្រុក ជីវភាពធូរធារ មានលទ្ធភាពឲ្យកូនរៀន ហើយនេះគឺជាការចង់បានរបស់រាជរដ្ឋាភិបាល។
នាឱកាសនោះ លោក រដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដោយឃើញលទ្ធផលដ៏ល្អ និងសូមឲ្យមន្ទីរជួយណែនាំបន្ថែមពីការងារបច្ចេកទេស ហើយគួរដាំដំណាំឆ្លាស់ ជៀសវាងប៉ះពាល់ទីផ្សារ។ បន្ទាប់មកលោកបានបន្តទៅពិនិត្យសហគមន៍អភិវឌ្ឍកសិកម្ម សាមគ្គីអមតខ្វាវ។ សហគមន៍បាន បង្កើតឡើងនៅឆ្នាំ ២០០៨ បច្ចុប្បន្នមានសមាជិកជាង ១ពាន់នាក់ មានប្រាក់សន្សំជាង ២ពាន់លាន រៀន។ សហគមន៍ដើរតួនាទីជាអ្នកឲ្យកម្ចីឥណទាន ចងការប្រាក់ដល់សមាជិក លក់សម្ភារៈកសិកម្ម ផ្តល់សេវាបសុសត្វភូមិ លក់ចំណីសត្វ ដាំដំណាំ មានមធ្យោបាយដឹកផលិតផលទៅកាន់ទីផ្សារ។ ជាមធ្យមសមាជិកម្នាក់ទទួលបានចំណូល១០០០ ដុល្លារក្នុង១ឆ្នាំ។ នាឱកាសនេះលោកបានឧបត្ថម្ភ ដល់សមាជិកម្នាក់ៗ ៥ ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments