មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិអាមេរិកម្នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសវៀតណាមពីបទ “រំខានដល់សណ្តាប់ធ្នាប់សាធារណៈ” បន្ទាប់ពីគាត់បានចូលរួមបាតុកម្មហិង្សាលើសេចក្តីព្រាងច្បាប់តំបន់សេដ្ឋកិច្ចពិសេសដ៏ចម្រូងចម្រាសមួយ។
លោក William Anh Nguyen អាយុ៣២ឆ្នាំបានចូលរួមក្នុងការប្រមូលផ្តុំមួយនៅក្នុងប្រទេសកុម្មុយនិស្តមួយនេះកាលពីថ្ងៃអាទិត្យដែលក្រុមអ្នកតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលថាមានផែនការផ្តល់ដីជួលរយៈពេលវែងនៅក្នុងតំបន់នោះ។
មនុស្សជាង១០០នាក់ត្រូវបានឃុំខ្លួននៅខេត្ត Binh Thuan បន្ទាប់ពីការធ្វើបាតុកម្មបានរាលដាលយ៉ាងឆាប់រហ័សនៅពេលក្រុមកុបករបានដុតរថយន្តនិងបំផ្លាញទីតាំងរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ហ្វូងមនុស្សដ៏ធំដែលបានប្រមូលផ្តុំគ្នានៅទីក្រុងហូជីមិញរួមទាំងលោក Nguyen ផងដែរនោះគឺត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យហើយកំពុងត្រូវបានឃុំឃាំងសម្រាប់ការធ្វើឲ្យរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។
លោកស្រីបានបន្ថែមថា “ដំណើរសួរសុខទុក្ខរបស់ស្ថានកុងស៊ុលសម្រាប់បុគ្គលម្នាក់នេះកំពុងស្ថិតនៅក្រោមការរៀបចំហើយគ្មានការប្រើប្រាស់កម្លាំងទាក់ទងនឹងបុគ្គលនេះទេ”។
ស្របពេលជាមួយគ្នានោះដែរ ស្ថានទូតអាមេរិកនៅទីក្រុងហាណូយបាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ពលរដ្ឋអាមេរិកត្រូវបានចាប់ខ្លួននៅវៀតណាម។
អ្នកនាំពាក្យស្ថានទូតលោក Pope Thrower បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលពលរដ្ឋអាមេរិកម្នាក់ត្រូវបានឃុំខ្លួននៅក្រៅប្រទេស ក្រសួងការបរទេសសហរដ្ឋអាមេរិកត្រូវធ្វើការដើម្បីផ្តល់ជំនួយកុងស៊ុលទាំងអស់ឲ្យបានសមស្រប”។
គួរបញ្ជាក់ជាថ្មីថា បាតុកម្មនៅចុងសប្ដាហ៍បានកើតឡើងនៅក្នុងទីក្រុងជាច្រើនរួមទាំងទីក្រុងហាណូយផងដែរបើទោះបីជារដ្ឋាភិបាលនិយាយថា ខ្លួននឹងពន្យារពេលការបោះឆ្នោតលើតំបន់សេដ្ឋកិច្ចពិសេសក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments