៤ថ្ងៃក្រោយចប់ការប្រកួតរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ជាមួយក្រុមក្រសួងការពារជាតិ កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ចុងសប្ដាហ៍កន្លងទៅលើទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្នុងសប្ដាហ៍ទី៨នៃពានរង្វាន់លីគកំពូលកម្ពុជា ដែលបញ្ចប់ទៅដោយមានជម្លោះវាយតបគ្នា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចចេញលិខិតពិន័យអ្នកពាក់ព័ន្ធចំនួន១២ផ្សេងគ្នា។
យោងតាមលិខិតពិន័យបានបញ្ជាក់ថាទី១) កីឡាករ នុប តុលា របស់ព្រះខ័នរាជស្វាយរៀង (វាយគូប្រកួត) ត្រូវពិន័យព្យួរការប្រកួត២ប្រកួតរួមទាំងពិន័យទឹកប្រាក់៥០ម៉ឺនរៀល។ ទី២) កីឡាករ សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង (វាយគូប្រកួត) ត្រូវពិន័យព្យួរ៤ប្រកួតនិងពិន័យជាទឹកប្រាក់៥០ម៉ឺនរៀល។ ទី៣)កីឡាករ ហួយ ផល្លីន របស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៤) កីឡាករ អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យូរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៥) កីឡាករ សុខ សំណាង របស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យូរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៦) អាំ សុវណ្ណរ៉ាត់ (ចូលរួមវាយតប់) ត្រូវព្យូរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៧) សារ៉េត គ្រីយ៉ា កីឡាកររបស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យូរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៨) លោក សួន ធួន មន្ត្រីរបស់ក្លិបព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យូរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៩) ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលមានការធ្វេសប្រហែសធ្ងន់ធ្ងរផ្នែកសន្តិសុខសណ្តាប់ធ្នាប់ការពារ ត្រូវពិន័យប្រកួតមិនបើកអ្នកមានអ្នកគាំទ្រចូលទស្សនា១ប្រកួតនិងពិន័យប្រាក់២លានរៀល។
ចំណែកទី១០) លោក ឡេង ណារិន មន្ត្រីរបស់ក្រុមក្រសួងការពារជាតិ (ចូលរួមវាយតប់) ត្រូវព្យូរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី១១) កីឡាករជប៉ុន Yudai Ogawa របស់ក្រុមក្រសួងការពារជាតិ (វាយគូប្រកួត) ត្រូវព្យួរ១ប្រកួត។ ទី១២) កីឡាករ Song Chihoon របស់ក្រសួងការពារជាតិ (វាយគូប្រកួត) ត្រូវព្យួរ២ប្រកួត។ ទី១៣) លោក ភា សុភត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ (បំពានសេចក្តីសម្រេចរបស់គណៈកម្មការវិន័យ) ត្រូវពិន័យលិខិតព្រមានលើកចុងក្រោយ។
សូមរំលឹកថា ការប្រកួតហៀបនឹងចប់ទៅហើយ នៅថ្ងៃអាទិត្យកន្លងទៅ ខណៈក្រសួងការពារជាតិនាំមុខម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២ទល់១ ក៏មានករណីប៉ះទង្គិចគ្នានេះកើតឡើងក្រោយ ណុប តុលា របស់ព្រះខ័នរាជស្វាយរៀងឈូសទៅលើកីឡាករ Song chi-hun របស់ក្រុមក្រសួងការពារជាតិ ហើយកើតការប្រទូស្ដរាយគ្នា។ ក្រោយហេតុការណ៍នេះកីឡាករ Yudai Ogawa ក្រសួងការពារជាតិ ត្រូវគ្រូពេទ្យឲ្យសម្រាករយៈពេល១ខែ ព្រោះរហែកក្រដាសត្រជៀក និងមានរបួសនៅផ្នែកផ្សេងៗនៃរាងកាយ៕
Source: Kampuchea Thmey Daily
0 Comments