ង៉ែត្រ រដ្ឋា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ត្រូវគេផ្គូផ្គងអោយជួបជាមួយអ្នកប្រដាល់ថៃ Pic Ka នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសង្វៀនTV5 ព្រែកកំពឹស។ ង៉ែត្រ រដ្ឋា និង Pic Ka ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គ.ក្រ។
ជាលើកទី២០របស់ង៉ែត្រ រដ្ឋាហើយ ដែលគេផ្តល់ឪកាសឲ្យឡើងប្រកួតជាមួយថៃនេះ ។ ង៉ែត្រ រដ្ឋាប្រកួតជាមួយថៃ១៩លើកកន្លងមកនេះ គឺឈ្នះតែ៣លើកទេ ដោយចាញ់១៣លើក ស្មើ០២លើក និង អត់ប្រកាសលទ្ធផល០១ លើក ។
អ្នកប្រដាល់ថៃ Pic Ka ដែលជាគូរបស់ង៉ែត្រ រដ្ឋានេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ គេមានកំណត់ត្រាប្រកួតតិចជាងង៉ែត្រ រដ្ឋា ជាងពាក់កណ្តាលឯណោះ ពោលគេមានប្រវត្តិប្រកួត៦៩លើក ក្នុងនោះវាយឈ្នះ៥៤លើក ចាញ់១៤លើក និង ស្មើ០១លើក បើធៀបជាមួយង៉ែត្រ រដ្ឋានោះ គឺតិចជាង៧០លើក ។
ង៉ែត្រ រដ្ឋា គេមានប្រវត្តិប្រកួតចំនួន១៤២លើក ឈ្នះ១១១លើក ចាញ់២៧លើក និងស្មើ០៤លើក ។ រដ្ឋា មានស្នៀតទាត់ល្អ កណ្តាប់ដៃល្អ ហើយស្នៀតជង្គង់ កែង ក៏ល្អគួរសមដែរ ។ទន្ទឹមនេះ គេចិត្តប្រដាល់ធំ តែវាយចេញរាងយឺតបន្តិច។ ប៉ុន្តែយ៉ាងណា ង៉ែត រដ្ឋា មិនដឹងថាអាចយកឈ្នះថៃ(Pic Ka)នេះ បានឬអត់នោះទេ? ព្រោះថា ង៉ែត្រ រដ្ឋា មួយរយៈចុងក្រោយនេះ គេស្រុតធ្លាក់ចុះច្រើន ដោយវាយចាញ់ថៃ៤ ប្រកួតជាប់ៗគ្នាតែម្តង ។
ដូច្នេះ ការឈ្នះចាញ់រវាងង៉ែត្រ រដ្ឋា និង Pic Ka នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះនោះទេ ? ។ យ៉ាងណាមិនទាន់ប្រាកដថា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យរូបនេះ គេវាយចាញ់ Pic Ka នោះដែរ៕
Source: Kampuchea Thmey Daily
0 Comments