Ad Code

ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​៣១៥​គ្រួសារ​ មក​ទទួល​អំណោយ​សប្បុរសធម៌ កញ្ចប់​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ពី​តំណាងរាស្ដ្រ



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​៣១៥​គ្រួសារ​ នៅ​ស្រុក​បារាយ​ណ៍ ខេត្ដ​កំពង់ធំ មក​ទទួល​អំណោយ​សប្បុរសធម៌​ជា កញ្ចប់​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ពី​លោក រ៉ូ​ហ្វី អូស្មាន អ្នកតំណាងរាស្ត្រ​ខេត្តពោធិ៍សាត់ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ និង​លោកស្រី ម៉ាណ ណាវី តំណាង​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ពុធ ៩​រោច ខែជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨។



លោក រ៉​ហ្វី អូស្មាន បាន​បញ្ជាក់​ថា ការចែក​អំណោយ​និង​ម្ហូបអាហារ​គឺជា​អំពើ​កុសល​ផល​បុណ្យ​ល្អ​មួយ​យ៉ាង​សំខាន់ និង​ចាំបាច់ ដល់​បុគ្គល​មុ​ស្លិ​ម​គ្រប់រូប ជាពិសេស​នៅក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន គឺជា​ឱកាស​ដ៏​ប្រពៃ អ្នក​កាន់សាសនា អ៊ីស្លាម​ប្រកួត ប្រជែង​សាង​អំពើ​ល្អ ការ​បរិច្ចាគ​ទាន តាម​លទ្ធភាព សូម្បីតែ​ការ​ចែករំលែក​សម្ល​មួយ​ចាន ដល់​អ្នកជិតខាង​ក៏​មាន​ន័យ​បំផុត ហើយ​ក៏បាន​ក្លាយទៅជា​ប្រពៃណី​ល្អ​មួយ នៅ​តាម​សហគមន៍​ខ្មែរ​អ៊ីស្លាម រួម​ទាំង​សហគមន៍​អ៊ី​ស្លាម​លើ​សកលលោក​ផង​ដែរ។ អំណោយ​ទាំងនេះ​សម្រាប់​បងប្អូន​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម យក​ទៅ​ដោះស្រាយ​ក្នុង​ជីវភាព​បាន​មួយ​កំរិត ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន។



លោក រ៉ូ​ហ្វី អូស្មាន ក៏បាន​ជំរុញ​ឲ្យ​បងប្អូន​សាសនិក​អ៊ីស្លាម​កម្ពុជា ទាំងអស់ ត្រូវ​គោរព​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សាសនា ហើយ​ជាង​នេះ​ទៅ​ទៀត​គ្រួសារ​ខ្មែរ​អ៊ីស្លាម​នីមួយៗ ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ខិតខំ សិក្សា​រៀនសូត្រ ទទួល​បាន​នូវ​ចំណេះដឹង​ខ្ពង់ខ្ពស់ ដើម្បី​យកទៅ​រួមចំណែក​ក្នុងការ​កសាង ប្រទេសជាតិ​ឲ្យ​មាន ការរីកចម្រើន​បន្ថែម​ទៀត។



លោក រ៉​ហ្វី អូស្មាន បាន​រំលឹកថា សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្សល់ទុក​ឲ្យ​បងប្អូន​ប្រើប្រាស់ ដូច្នេះ​សូម បងប្អូន​ត្រូវ ដឹងគុណ ពិសេស​នៅ​សហគមន៍ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​រាជរដ្ឋាភិបាល ស្រប​ពេល​ជាមួយនេះដែរ លោក​ក៏បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពង្រឹងគោលជំហរ បន្ដ​គាំទ្រ​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត ជាពិសេស សូម​បងប្អូន​កុំ​ភ្លេច​ទៅ​ចូលរួម​បំពេញ​កាតព្វកិច្ច​នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨ នេះ ជា​ឱកាស​សម្រាប់​យើង​គ្រប់គ្នា ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង សូម​បោះឆ្នោត​គាំទ្រ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​នៅ​លេខ​រៀង​ទី​២០ ដើម្បី​បន្ដ​គាំទ្រ​ឲ្យ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន សម្បូរ​សប្បាយ ប្រកបដោយ​សុខ​សន្ដិភាព ប្រជាពលរដ្ឋ​រស់នៅ​ប្រកប អាជីវកម្ម ដោយ​សុខដុមរមនា៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu