Ad Code

ម៉ូតូ ​និង​រថយន្ត បុក​គ្នា​នៅ​​​​ផ្លូវ​បំបែក​ជា​៤ បណ្ដាល​អោយ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់



កំពង់ឆ្នាំង ​៖​ យុវជន​២​នាក់​ បាន​រង​របួស​ធ្ងន់ និង​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​នៅ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ចំណុច​ផ្លូវបំបែក​ជា​៤ ក្រោយ​រោងចក្រ​អឹម​វ៉េ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង ០១ និង​១០​នាទី រសៀល​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៨។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង បាន​អោយ​ដឹង​​ថាៈ ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B 4214 បើកបរ ដោយ​ជន​ពុំ​ស្គាល់​ឈ្មោះ បាន​បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច។ ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B 4058 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ គង់ វីវ៉ា អាយុ​២៦​ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ដឹក​បុរស​ម្នាក់ទៀត​ពីក្រោយ​មានឈ្មោះ នាង ស៊ិន​តារា អាយុ ៣០​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បើកបរ​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង។ លុះដល់​ចំណុច​កើតហេតុ​ផ្លូវខ្វែង​ជា​៤​ ក៏បាន​បុក​ជាមួយ​រថយន្ត​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់ រង​របួស​ជា​ទម្ងន់ និង​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។ ប៉ុន្តែ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក យុវជន​ឈ្មោះ គង់ វីវ៉ា ក៏បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង។

ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់។ ដោយឡែក​សមត្ថកិច្ច ក៏បាន​ធ្វើការ​វាស់វែង​ប្លង់​កើតហេតុ និង​បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំពោះ​អ្នក​រង​របួស​ធ្ងន់ កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​ពី​ក្រុមគ្រូពេទ្យ​ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បណ្តាលមកពី​ការ​បើកបរ​លឿនៗ​ពេក ​ខ្វះ​ការប្រុងប្រយ័ត្ន រវាង​អ្នកបើកបរ​រថយន្ត និង​អ្នក​បើក​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និង​ព្រោះតែ​នៅ​ចំណុច​កើតហេតុ​ជា​ផ្លូវខ្វែង​ទិស​ជា​៤ បាំង​ព្រៃ​និង​ផ្ទះ​ប្រជាពលរដ្ឋ​មើលគ្នា​មិនឃើញ ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu