Ad Code

ប្រកាស​ទទួល​ស្គាល់​ សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​លាងដៃ​ចំនួន​៤៩៦​នាក់



សៀមរាប​ ៖ ​កាលពី​រសៀល ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ លោក​បណ្ឌិត ឃឹម ប៊ុន​សុង សមាជិក​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តសៀមរាប ​បាន​ប្រកាស​ទទួលស្គាល់ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា ឃុំ​លាងដៃ ស្រុក​អង្គរធំ ដែល​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ សរុប​ទាំងអស់​ចំនួន ៤៩៦ នាក់ ស្រី ២៩០ នាក់។

ក្នុងឱកាស​នេះដែរ លោក​បណ្ឌិត ប្រធាន​គណបក្ស​ខេត្ត បាន​ជម្រាបជូន​អង្គពិធី​ពី​ប្រវត្តិ​នៃ​ដើម​កំណើត​របស់​គណបក្ស និង​សមិទ្ធផល​ស្នាដៃ​ធំៗ ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​​ របស់​គណបក្ស ចំពោះ​ប្រទេសជាតិ ព្រមទាំង​សភាពការណ៍​នយោបាយ និង​ធ្វើ​អោយ​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់។

ជាមួយគ្នា​នោះដែរ​លោក ឃឹម ប៊ុន​សុង មាន​ប្រសាសន៍​ថា សមាជិក​ថ្មី​ទាំងអស់ ត្រូវខិតខំ​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​គោល​នយោបាយ​របស់​គណបក្ស ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​កុំ​អោយ​ស្ដាប់​ការ​ឃោសនា​បោកប្រាស់​របស់​គណបក្ស​មួយ​ចំនួន។

លោក​ក៏បាន​បញ្ជាក់​ថា ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ល្អ​យ៉ាង​ណា​ក៏ដោយ តែ​នៅ​មាន​ក្រុម​ជន​អគតិ​ផ្កាប់មុខ​មួយ​ចំនួន បាន​ស្រែក​ឃោសនា​បោកប្រាស់ មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះ ឆ្នោត​នាពេល​ខាងមុខនេះ ដែល​ជា​អំពើ​ខុសច្បាប់​រួចទៅហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ឈប់​ចាញ់បោក​ពួកក្រុម​នេះ​បន្តទៀត ដែលជា​អ្នក​អូសទាញ​បងប្អូន ឱ្យទៅ​ជាប់​ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​ជាមួយ​ឲ្យ​សោះ»។

ទន្ទឹម​នឹង​នោះ​ដែរ លោក​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី​ទាំងអស់ ដែល​បាន​មើលឃើញ និង​ជឿ​​​ជាក់​លើក​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ដើម្បី​ធានា​នូវ​សន្តិភាព​និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ សូម​បងប្អូន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី​២៩ ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ។

ក្នុង​ពិធី​នេះដែរ លោក​ប្រធាន​គណបក្ស​ខេត្ត បានផ្តល់​ជូន​សមាជិក ទាំង ៤៩៦ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ២ ម៉ឺន​រៀល ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu