Ad Code

ជិះ​ម៉ូតូ​លឿន​ពេក ​បុក​គូទ​រថយន្ត​កុងតឺន័រ​ពីក្រោយ​ រង​របួស​ធ្ងន់​២​នាក់



ភ្នំពេញ​ ៖​ យុវជន​ពីរ​នាក់ ​បាន​រង​របួស​ធ្ងន់ធ្ងរ​ ដោយ​ម្នាក់​បាក់ធ្មេញ​ចំនួន​ប្រាំ​គ្រាប់ ​និង​ម្នាក់ទៀត​បាក់ជើង​ម្ខាង​ បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រយ័ត្ន​ បុក​គូទ​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង​ដួល​ប្រកាច់ប្រកិន កាល​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែមិថុនា ​ឆ្នាំ​២០១៨ ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​កុងតឺន័រ​ម៉ាក ISUZU​ពណ៌​ស​ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A 0397​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។ ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​២០១៤ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CI 8595 ជិះ​គ្នា​២​នាក់ បើក​របរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ស្របគ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត កុងតឺន័រ​មួយ​គ្រឿង បើកបរ ក្នុង​ទិសដៅ​ពី​កើ​ត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​គួរ​សម។ ​បន្ទាប់មក​ស្រាប់​តែមាន ម៉ូតូ​មួយគ្រឿង​ជិះ​ឌុប​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន ពីក្រោយ​រថយន្ត​កុងតឺន័រ លុះ​បើក​មកដល់​ចំណុចកើតហេតុ ​​ រថយន្ត​កុងតឺន័រ​បាន​ជាន់​ហ្វ្រាំង​បន្ថយល្បឿន, ​ ​ម៉ូតូ​រងគ្រោះ​​ ​មិនបាន​ចាប់អារម្មណ៍​ថា​ឡាន ​ជាន់​ហ្វ្រាំង ក៏បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​ជនរងគ្រោះ​ជា​អ្នកបើកបរ​បាក់ធ្មេញ​អស់​ចំនួន​៥​គ្រាប់ ​ហើយ​អ្នករួមដំណើរដួល​បោក​នឹង​ថ្នល់​បាក់ជើង​ម្ខាង ត្រូវបាន​រថយន្ដ​សង្គ្រោះ​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ។

ប្រភព​បាន​បន្តទៀត​ថា ​​ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ​ ភាគី​ខាង​រថយន្ត​កុងតឺន័រ មិនដឹងថា ត្រូវ​​ម៉ូតូ​បុក​រថយន្ត​គាត់​ឡើយ​ ហើយ​បាន​បើក​ទៅមុខ​តាម​សម្រួល​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ឃាត់​ ទើប​ដឹងថា​ រថយន្ដ​មាន​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ។

ក្រោយមក​ទើប​សមត្ថកិច្ច​ជំនាញ​ចរាចរ​ក្រុង​មក​វាស់វែង​យក​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu